រាជធានីភ្នំពេញ៖លោកអុល សំអាង ប្រធានក្រុមល្ខោនបាសាក់អុលសំអាង រាជធានីភ្នំពេញ បានស្នើដល់អ្នកសិល្បៈល្ខោនបាសាក់ទាំងអស់ធ្វើយ៉ាងណាត្រូវសម្តែងឲ្យត្រូវទម្រង់ដើម ខណៈពេលដែលកន្លងមកមានវង់ល្ខោនខ្លះបានធ្វើខុសច្រើនពីទម្រង់សិល្បៈបុរាណខ្មែរយើងមួយនេះ ។
កាលពីពេល ថ្មីៗកន្លងមកលោកអុល សំអាង បញ្ជាក់ថា តាមការសង្កេតតាមរយៈការមើលតាមប្រព័ន្ធយូធូប និងវង់ល្ខោនបាសាក់មួយចំនួនគឺរៀបចំខុសពីទម្រង់ដើមទាំងសម្លៀកបំពាក់ ចម្រៀង និងបញ្ហាមួយចំនួនទៀត។ ខ្លះការសម្តែងមើលទៅមានភាពរញ៉េរញ៉ៃ កែរឿង ខុសខ្លាំងពេកទៅនឹងទម្រង់សិល្បៈល្ខោនបាសាក់ដែលជាកេរដំណែលដ៏ល្អផូរផង់របស់ដូនតាខ្មែរដែលបានបន្សល់ទុក ។ វង់ល្ខោនទាំងអស់គួរតែរក្សាតម្លៃរបស់ខ្លួន ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ ក៏ដូចជាឲ្យមានតម្លៃទៅលើតួសម្តែង នីមួយៗ ចៀសវាងការជ្រែតម្លៃគ្នា បានតម្លៃថោកចេញសម្តែងច្រើន តែគ្មានគុណភាព ។
ក្រុម នីមួយៗគួរតែយកចិត្តទុកដាក់ និងពង្រឹងក្រុមរបស់ខ្លួនឲ្យបានល្អ ចៀសវាងកែរឿងខុសលក្ខណៈដើម តួត្លុកមានសម្តីអាសអាភាស សម្លៀកបំពាក់មានភាព ដដែលៗមិនមានការទាក់ទាញពីអ្នកទស្សនា។
លោកអុល សំអាង ថា តួសម្តែងគួររក្សានូវទម្រង់ដើមរបស់ល្ខោនបាសាក់ ដោយមិនត្រូវកែរឿងពីបុរាណ មកសម័យខុសក្បួន ជាមួយនឹងការប្រើប្រាស់ពាក្យសម្តីដែលមិនត្រូវចំទៅនឹងទម្រង់ល្ខោនបាសាក់ ដែលនាំឲ្យមហាជនមានការរិះគន់ ។
បើតាមលោកអុល សំអាង «សិល្បៈល្ខោនបាសាក់ប្រសិនបើចង់ឲ្យមានការគាំទ្រ និងរីកចម្រើន គឺយើងត្រូវតែអភិវឌ្ឍក្រុមរបស់ខ្លួនឲ្យបានល្អប្រសើរជាមុនសិន ជាពិសេសការជ្រើសរើសតួដែលមានជំនាញ និងទេពកោសល្យពិតប្រាកដ ។ សិល្បៈល្ខោនបាសាក់កំពុងតែមានភាពធ្លាក់ចុះទៅហើយ ហើយយើងជាអ្នកសម្តែងតាមក្រុម នីមួយៗ បន្ទាបតម្លៃ ដើម្បីប្រជែងយកទីផ្សារ តែសម្តែងគ្មានគុណភាព នោះវារឹតតែធ្វើឲ្យសិល្បៈមួយនេះកាន់តែអស់តម្លៃ ។ ចំពោះបញ្ហាតម្លៃនៃការសម្តែងល្ខោនបាសាក់នេះគឺយើងមិនបានបង្កើនតម្លៃឲ្យខ្ពស់ហួសហេតុពេកទេ ពោលគឺយើងកំណត់តម្លៃមួយដែលអាចទទួលយកបាន ។
ប្រសិនបើយើងទទួលបានកម្រៃពីការជួលបានសមរម្យនោះគឺយើងអាចធ្វើការបែងចែកឲ្យសិល្បករបានរស់ចិញ្ចឹមជីវិតបានសមរម្យ ។ ប៉ុន្តែបើយើងទទួលតម្លៃបានតិចពេកនោះយើងក៏បែងចែកទៅអ្នកសម្តែងបានតិចតួច គឺបើគិតទៅគ្រាន់តែចំណាយការធ្វើដំណើរ ហូបចុកនោះគឺសឹងមិនគ្រប់ផង ដែលកត្តានេះក៏បានជះឥទ្ធិពលអាក្រក់ និងបំបាក់ទឹកចិត្តដល់អ្នកសិល្បៈផងដែរ »។
ក្នុងនាមជាអ្នកដឹកនាំក្រុមល្ខោនបាសាក់មួយរូបលោកអុល សំអាង ទទូចដល់ក្រុមសិល្បៈល្ខោនបាសាក់ ផ្សេងៗនៅទូទាំងប្រទេស សូមរក្សានូវតម្លៃរបស់ខ្លួន និងជាពិសេសពង្រឹងក្រុមរបស់ខ្លួនឲ្យបានល្អ ដើម្បីលើកតម្កើងកិត្តិយស តម្លៃអ្នកសិល្បៈ និងវប្បធម៌ខ្មែរ ដើម្បីថែរក្សានូវសិល្បៈវប្បធម៌ដ៏ល្អផូរផង់មួយនេះទុកឲ្យក្មេងជំនាន់ក្រោយទៀត ៕ (កែសម្រួលដោយ ៖ បុប្ផា)