បន្ទាប់ពីរស់នៅក្រោមដំបូលផ្ទះតែមួយ អស់មួយរយៈពេលមកនោះតារាកំប្លែងអ្នកនាង ស្រែង សុកាន់ដា ហៅខ្ញុង បានប្រកាសចូលរោងការជាផ្លូវការជាមួយនាយ កៃដ នៅក្នុងអំឡុងខែសីហាខាងមុខនេះ ។

ធៀបការស្តីពីកាលបរិច្ឆេតថ្ងៃមង្គលត្រូវបានគេឃើញតារាកំប្លែងរូបនេះបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅ ។ យ៉ាងណា បើទោះបីជានៅលើធៀបការនោះត្រូវបានអ្នកនាង ខ្ញុង បានបិទបាំងនៅថ្ងៃកំណត់ក៏ដោយ ប៉ុន្តែពិធីមង្គលរបស់នាងត្រូវបានគេដឹងថា នឹងប្រព្រឹត្តទៅនៅអំឡុងខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ។ ការបង្ហាញនូវថ្ងៃមង្គលចូលមកដល់ពីតារាកំប្លែងរូបនេះ ត្រូវមិត្តភក្តិ និងប្រិយមិត្តគាំទ្របាននាំគ្នាចូលរួមអបអរសាទរក្នុងពេលនាងបានស្វែងរកសុភមង្គលពិតប្រាកដនៃគ្រួសារនាពេលនេះ ។


គួរំលឹកថាខ្ញុង និងនាយកៃដ បានសែនព្រេនជាមួយគ្នា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនៅមុខចាស់ទុំទាំងសងខាង ហើយបច្ចុប្បន្នកំពុងតែរស់នៅជាប្ដីប្រពន្ធតែម្ដង ។ ខ្ញុងធ្លាប់អះអាងថា នាង និងនាយកៃដ ដំបូងឡើយ គឺរាប់អានគ្នាធម្មតាទេ ដែលកាលនោះនាយកៃដ មិនបានជាប់នៃការប្រឡងឡើយ ។

ខ្ញុងបានបន្តថា ក្រោយពីនាងក្លាយជាតារាកំប្លែងមក នាយកៃដ ក៏បាត់ទំនាក់ទំនងនឹងគ្នាជាង២ឆ្នាំ គឺទើបតែខាង CTN ហៅអតីតអ្នកដែលមានសមត្ថភាពដែលធ្លាប់ចូលប្រឡងមកចូលលេងកំប្លែងដោយពង្រីកក្រុមថ្មី ទើបបានជួបគ្នាម្ដងទៀត ហើយក៏ចាប់ផ្ដើមមានទំនាក់ទំនងគ្នាស៊ីជម្រៅតែម្តង ៕ កែសម្រួលដោយ ៖ សុឃាក់