ព្រះសង្ឃជាង៣០០អង្គដែលនិមន្តមកពីបណ្តាប្រទេសទាំង៥តាមដងទន្លេមេគង្គ រួមមានកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា នឹងធ្វេីពិធីរាប់បាត្រនៅព្រះអង្គចេក ព្រះអង្គចម បន្ទាប់មកទៅកាន់ផ្សារចាស់ ខេត្តសៀមរាប ដែលជាធម្មយាត្រាព្រះពុទ្ធសាសនាដ៏ធំមួយ ដោយដង្ហែឆ្លងប្រទេសទាំង៥នៃដងទន្លេមេគង្គដែលនឹងប្រារព្ធធ្វេីឡេីងនៅថ្ងៃទី៣០ ខែតុលា វេលាម៉ោង៨ព្រឹកតទៅ ។ ក្នុងនោះក៏មានពុទ្ធបរិស័ទមកពីតាមបណ្តាប្រទេសតាមដងទន្លេមេគង្គផងដែរ ។



ពិធីនេះរាប់បាត្រ គឺជាពិធីមួយក្នុងគម្រោងធម្មយាត្រាដែនដីនៃប្រទេសទាំង៥តាមដងទន្លេមេគង្គ ដេីម្បីនាំព្រះធម៌បង្កើតមិត្តភាព ដែលមានចម្ងាយផ្លូវច្រើនជាង២,០០០គីឡូម៉ែត្រ ដោយចាប់ផ្តើមចេញដំណើរពីវត្តមួយនៅប្រទេសថៃ ឆ្ពោះទៅតំបន់ជំនឿសាសនាមួយចំនួននៃប្រទេសមីយ៉ាន់ម៉ា រួចបន្តដំណើរទៅកាន់ខេត្តដៀនបៀន ប្រទេសវៀតណាម រួចបន្តទៅតំបន់ខណ្ឌហ្លួង ប្រទេសឡាវហើយបន្តចូលទឹកដីកម្ពុជា តាមច្រកព្រំដែនខេត្តស្ទឹងត្រែង ដើម្បីធ្វើដំណើរមកប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដែលជាគោលដៅចុងក្រោយនៃគម្រោងធម្មយាត្រានេះ ។






