ចូលមើលចំកន្លែងហើយ ចម្លើយនេះអាស្រ័យលើសមត្ថភាពអ្នកដែរ ជាធម្មតាទេដើម្បីជួយសន្សំលុយខ្លះសម្រាប់អ្នកទាំងអស់គ្នា ដែលចង់បានរបស់ញ៊ាំល្អហើយ ធូរថ្លៃយើងរៀងចំណាយជំនាញថ្វីមាត់បន្តិចហើយ តែសម្រាប់ទីតាំងនឹងតិចនិកផ្សេងទៀត ចាំ Admin អ្នកត្រួសត្រាយបង្ហាញប្រាប់ទៅចុះ។



ជាធម្មតាទេបងប្អូនយើង ដែលធ្វើដំណើរទេសចរណ៍ពីបណ្តាខេត្ត ផ្សេងៗ ទៅលេងខេត្តកែបតែងមានគោលដៅទៅលេងរួចហើយតាមគោលដៅរៀងៗខ្លួន ប៉ុន្តែអ្វីដែលពួកគាត់គ្រប់គ្នាចង់បានមួយទៀតនោះ គឺបានញ៊ាំក្តាមឲ្យបានបបូរ តាមចិត្ត និយាយរួមញ៊ាំរហូតឃើញតាលាន់ហ្មង និងកាន់តែអ៊ែមទៀតនោះ ក្តាមស្រស់ៗ និងធាត់មានសាច់ច្រើន អញ្ចឹងហើយខាងក្រោមនេះជាដំណើរដើមទង់ដើម្បីបានដូចបំណង។



វិធីរើសក្តាម អ្នកត្រូវស្គាល់ថាតើក្តាមមួយណាជាក្តាមញី និងមួយណាជាក្តាមឈ្មោល។ ក្តាមញីមានសន្ទះទ្រូងធំ រីឯក្តាមឈ្មោលមានសន្ទះទ្រូងតូច ហើយក្តាមញីជាក្តាមមានពង ដើម្បីដឹងថាក្តាមនោះនៅស្រស់ និងមានសាច់ច្រើនត្រូវសង្កេតដូចខាងក្រោមនេះ។
- តម្លៃទីផ្សារ ធម្មតាទេតាមផ្សារខ្លះអ្នកលក់រៀងកាត់ថ្លៃខ្ពស់ ដូច្នេះហើយអ្នកក៏ត្រូវចេះស៊ើបខ្លះៗ ដែរពីតម្លៃទីផ្សារទូទៅកុំអោយទិញរួចមិនសប្បាយចិត្តក្រោយទិញរួច ដោយតម្លៃទូទៅរបស់ក្តាមសេះ អាលេខពីរមានតម្លៃចន្លោះពី ២៥០០០៛ ទៅ ៣០០០០៛ ហើយអាលេខ១ តម្លៃថ្លៃបន្តិចហើយ ៤០០០០៛ ទៅ ៦០០០០៛ ក្នុង១គីឡូ។
- ពេលវេលា ក្តាមល្អៗ ធម្មតាទេតែងនៅមានច្រើនពេលព្រឹកព្រលឹម ព្រោះមិនទាន់មានអ្នកទិញច្រើន ដូច្នេះហើយបើទៅដល់ផ្សារក្តាមរៀងជ្រេពេលហើយនោះ ឪកាសបានក្តាមល្អតិចណាស់
- ពណ៌ដង្កៀប ក្តាមស្រស់មានពណ៌ស្រស់ភ្លឺចែងចាំងនិងរលើបរលោងនៅលើដង្កៀបរបស់វា រីឯក្តាមចាស់វិញ មានពណ៌រាងស្រអាប់ និងគ្រើមៗ
- លក្ខណៈបាតពោះក្តាម ក្តាមដែលមានបាតពោះស្មើ ជាក្តាមស្រស់ បើវាជាក្តាមចាស់ មានក្បាលពោះរាងប៉ោង
- ពណ៌បាតពោះ បើមានពណ៌រាងខៀវ និងសំប៉ែត ជាក្តាមស្រស់ បើមានក្បាលពោះប៉ោងពណ៌លឿងៗ ជាក្តាមចាស់
- របៀបមើលសាច់ច្រើនឬតិច ត្រូវច្របាច់សន្ទះទ្រូងរបស់វា បើរឹងគឺសម្បូរសាច់ បើទន់ឬផតពុំសូវមានសាច់ទេ។