អំឡុងពេល COVID-19 កំពុងតែរាតត្បាត គ្រប់គ្នាទិញអាហារ បន្លែ ផ្លែឈើ ដើម្បីស្តុកទុក ព្រោះត្រូវបានហាមមិនអោយចេញក្រៅ។ តែបើចេះតែទិញទុក តែមិនដឹងពីវិធីរក្សាទុកត្រឹមត្រូវ អាចធ្វើឲ្យអាហារទាំងនោះឆាប់ខូច ញ៉ាំទៅប៉ះពាល់ដល់សុខភាព និងខាតលុយថែមទៀត។ អញ្ចឹងមកដឹងវិធីរក្សាទុកត្រឹមត្រូវទាំងអស់គ្នា៖
សាច់ឬត្រី ត្រូវទុកក្នុងប្រអប់បិទជិត
សាច់ឆៅ ស៊ុត ទឹកដោះគោ ទុកនៅកន្លែងចំហចោល ប្រៀបដូចជាបើកដៃឲ្យបាក់តេរីរស់នៅអ៊ីចឹង។សាច់ឆៅឬឆ្អិន គួរតែទុកក្នុងប្រអប់បិទជិត មុននឹងយកដាក់ក្នុងទូរទឹកកក។សាច់ឆៅ និងឆ្អិនត្រូវដាក់នៅកន្លែងផ្សេងគ្នា ដើម្បីរក្សាអនាម័យ។

ទុកបន្លែនិងផ្លែឈើ នៅដាច់ដោយឡែកពីគ្នា
គ្នាយើងភាគច្រើនតែងធ្វើខុស ដោយដាក់ផ្លែឈើនៅកន្លែងតែមួយជាមួយនឹងអាហារស្រស់ផ្សេងទៀត។ បន្លែនិងផ្លែឈើ គួរតែដាក់ក្នុងថង់ក្រដាស ហើយដាក់នៅកន្លែងផ្សេងគ្នា បើដាក់ជិតគ្នា ឬក្នុងប្រអប់តែមួយ នឹងធ្វើឲ្យវាងាយខូច។ មុននឹងយកទៅដាក់ក្លាសេ គួរតែលាងសម្អាតឲ្យបានស្អាត និងដាក់ឲ្យស្ងួតសិន ព្រោះបើដាក់ទាំងសើម នឹងឆាប់រលួយ។


ទឹកដោះគោត្រូវដាក់ក្នុងដបជ័រ
ទឹកដោះគោដាក់ក្នុងដបជ័រ គឺល្អជាងក្នុងប្រអប់ក្រដាស ព្រោះបាក់តេរីនឹងរស់នៅជិតគម្របដប និងចម្លងមកយើងនៅពេលចាក់យកមកផឹក។

អាហារសល់ត្រូវរក្សាទុកដោយបិទជិត
ទុកម្ហូបដែលនៅសល់ ក្នុងចាន ឬប្រអប់ ដោយគ្របប្លាស្ទិកពីលើឲ្យជិត។ ម្ហូបសល់ គួរតែដាក់ក្នុងទូរទឹកកកក្នុងរយៈពេល ២ ម៉ោងក្រោយពេលចម្អិនហើយ។ មិនចាំបាច់ទាល់តែម្ហូបត្រជាក់ទេ។

អាហារមិនគួរទុកក្នុងទូរទឹកកក
អាហារនឹងឆាប់ខូច បាត់បង់រសជាតិ ឬមិនអាចយកចម្អិនបាន បន្ទាប់យកទៅដាក់ក្នុងទូទឹកកក ដូចជា ខ្ទឹមបារាំង ដំឡូងបារាំង ខ្ទឹមស ប័រ ប៉េងប៉ោះ ចេក នំប៉័ង ផ្លែឪឡឹក ទឹកឃ្មុំ ផ្លែប៉ោម កាហ្វេ ស៊ុត ជាដើម។
