ដោយ ៖ ឈិត គឹមឆុន
ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសព័រទុយហ្គាល់បាននិយាយថា ជីវ៉ាន់ស៊ុយមានប្រសិទ្ធភាពជួយព្យាបាលការពុលអាហារនិងកម្ចាត់ចោលប្រភេទបាក់តេរីដែលធ្វើឲ្យរាងកាយស៊ាំនឹងថ្នាំ MRSA ។
ក្រុមអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Beira Interior ប្រទេសព័រទុយហ្គាល់បានពិសោធឃើញថា ប្រេងដែលគេបានចម្រាញ់ពីជីវ៉ាន់សុយក្នុងបរិមាណសូលុយស្យុងតិចជាង១,៦%មានសមត្ថភាពអាចសម្លាប់និងកម្ចាត់ចោលនូវភ្នាសខាងក្រៅរបស់កោសិកាបាក់តេរីដោយក្នុងនោះរួមមានបាក់តេរី Salmonella,E.coli និង MRSA ។
លោកស្រីវេជបណ្ឌិតហ្វឺណាន់ដា ដូមីនហ្គេសដែលជាអ្នកស្រាវជ្រាវបាននិយាយថា ប្រេងដែលគេបានចម្រាញ់ពីជីវ៉ាន់សុយអាចជួយមនុស្សរាប់លាននាក់ដែលរងគ្រោះដោយជំងឺពុលអាហារ (Foodborne illness) ។ លោកស្រីវេជ្ជបណ្ឌិតបានពន្យល់អំពីហេតុដែលប្រេងជីវ៉ាន់ស៊ុយមានប្រសិទ្ធភាពលើបាក់តេរី Salmonella,E.coli និង MRSA ដោយបញ្ជាក់ថា៖ «វាបានបង្អាក់នូវការរារាំងរវាងភ្នាសនៃកោសិកានិងបរិស្ថានរបស់វាព្រមទាំងរារាំងនូវដំណើរការដ៏សំខាន់មួយចំនួនដែលក្នុងនោះរួមទាំងការដកដង្ហើមផង ។
ទោះជាយ៉ាងណា អ្នកវិទ្យាសាស្ត្ររបស់ព័រទុយហ្គាល់បានបញ្ជាក់ថា ចាំបាច់ត្រូវតែមានការសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីឈានទៅបង្កើតជាឱសថពីប្រភេទជីខាងដើមនេះ៕