ថ្ងៃនេះយើងសូមលើកយកនំខ្មែរយើងមួយប្រភេទ ដែលមានលក់ជាយូរមកហើយ តែហាក់មានមនុស្សមួយចំនួនធំសឹងតែភ្លេច ឬអាចនិយាយបានថាអ្នកខ្លះទៀតមិនបានស្គាល់ថែមទៀតផង។ ព្រោះអីនំនេះ ហាក់មិនសូវមានអ្នកលក់ ព្រោះសម័យកាលចេះតែទៅមុខ ចឹងហើយកាន់តែធ្វើនំមួយនេះសឹងតែបាត់មុខពីទីផ្សារទៅហើយ។
ដឹងអត់ថានំនោះគឺជានំអ្វី? នេះជាចម្លើយ “នំមួយនេះចាស់បុរាណហៅថានំជើងគោ” តែតំបន់ខ្លះទៀតហៅផ្សេងៗគ្នា ជាក់ស្តែងលោកអ៊ុំដែលជាអ្នកលក់នំនេះ ៤០ឆ្នាំជាងមកហើយតាំងពីឆ្នាំ ១៩៧២មកម្លេះ គាត់ហៅនំនេះថា នំបីជ្រុង តែគាត់ក៏បានដឹងដែរថា ចាស់បុរាណហៅនំនេះថា “នំជើងគោ”។


លោកអ៊ុំ តែងតែមកចតរទះរុញលក់នៅម៉ោង ៤ល្ងាចរហូតដល់ម៉ោង ៨យប់ជារៀងរាល់ថ្ងៃ នៅលើផ្លូវសុខហុក កែងផ្លូវ១៧០។ ហើយរយៈពេល ៤ម៉ោងជាងជារៀងរាល់ថ្ងៃ របស់លោកអ៊ុំគាត់តែឈរនៅមុខចង្កាន់ភ្លើងក្តៅងំ ចំនួន២ ជាមួយពុម្ពចាក់នំដ៏ចំណាស់ អាយុកាលរបស់វាយូរជាងអាយុខ្ញុំអ្នកសរសេរទៀតគឺ ៤០ឆ្នាំហើយ ដែលវាកំដរគាត់ផលិតនំ ដ៏ឆ្ងាញ់សាយភាយក្លិនធ្វើអោយអ្នកនៅអូរឬស្សីស្គាល់គាត់តាមរយៈក្លិននំនេះគ្រប់ៗគ្នា។
ផែនទី៖ ទីតាំងលក់ ផ្លូវសុខហុក កែងផ្លូវ១៧០
នំនេះមានស្នូល ២ប្រភេទដើម្បីតម្រូវចិត្តអ្នកញ៉ាំគឺ ស្នូលដូង រសជាតិផ្អែម និងស្នូលសណ្តែក ផ្អែមស្រាល។ សំរាប់តម្លៃវិញ នំជើងគោ ១ដុំ ១០០០៛ កុំភ្លេចណាល្ងាចនេះគាំទ្រនំដ៏កម្រមួយនេះផងណា…