ការដុសសំអាតធ្មេញរបស់លោកអ្នកឱ្យបានត្រឹមត្រូវមិនត្រឹមតែអាចការពារជំងឺអញ្ចាញធ្មេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយកាត់បន្ថយការប្រឈមនឹងរោគរលាកសួត (Pneumonia) ទៀតផងដែរ ។
ការសិក្សាមួយធ្វើឡើងដោយអ្នកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យ Yale University ដែលមានមូលដ្ឋាននៅរដ្ឋ Connecticutសហរដ្ឋអាមេរិកបានរកឃើញមានការផ្លាស់ប្តូរបាក់តេរីក្នុងមាត់នៅមុនការអភិវឌ្ឍនៃលក្ខខណ្ឌរលាកសួតចំពោះអ្នកជំងឺដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ។
បន្ទាប់ពីបានចំណាយពេលអស់ជាង១ខែ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា បណ្តាអ្នកជំងឺរលាកសួតធ្លាប់ជួបប្រទះនូវការផ្លាស់ប្តូរដ៏សំខាន់មួយនៃសមាធាតុបាក់តេរីនៅក្នុងមាត់របស់ពួកគេ ។
សាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវវេជ្ជបណ្ឌិតSamit Joshi បាននិយាយថា៖ «លទ្ធផលនៃការរកឃើញរបស់យើងលើកនេះអាចជួយធ្វើឱ្យល្អប្រសើរនូវមធ្យោបាយទប់ស្កាត់រោគរលាកសួតទៅថ្ងៃអនាគតដោយការទប់ទល់បាក់តេរីដែលរស់នៅក្នុងមាត់របស់យើង» ។
មូលនិធិទន្តសាស្ត្រអង់គ្លេស (BDF) បាននិយាយថា លទ្ធផលលើកនេះមិនមែនជាលើកទី១ទេដែលបានបង្ហាញថា មាត់គ្មានអនាម័យនាំឱ្យកើតជំងឺផ្លូវដង្ហើមនោះ ។
ជំងឺផ្លូវដង្ហើម (Bacterial Chest Infections) ត្រូវបានគេគិតថាបង្កឡើងដោយការដកដង្ហើមស្រូបយកតំណក់ទឹកតូចៗពីមាត់និងបំពង់.កចូលទៅក្នុងសួតហើយបើតាមការសិក្សាកាលពីលើកមុនបានបង្ហាញថា មនុស្សយើងអាចនឹងស្លាប់ច្រើនជាងនេះដោយរោគរលាកសួតប្រសិនជាពួកគេមានការរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ ។
វេជ្ជបណ្ឌិត Nigel Carter អគ្គនាយកមូលនិធិទន្តសាស្ត្រអង់គ្លេសបាននិយាយថា លទ្ធផលស្រាវជ្រាវចុងក្រោយនេះបានគាំទ្រការរកឃើញកន្លងមកដែលថា ថែរក្សាសំអាតធ្មេញឱ្យបានល្អជួយបង្កើនសុខភាពជាទូទៅ។ លោកវេជ្ជបណ្ឌិតបានបន្តថា៖ «អំឡុងខែរងា យើងទាំងអស់គ្នាងាយនឹងកើតជំងឺផ្តាសាយ ក្អកហើយនិងឆ្លងវីរុសផ្លូវដង្ហើមយោងទៅលើតំណក់សីតុណ្ហភាព។ អ្វីដែលយើងទាំងអស់គ្នាត្រូវតែចងចាំជាពិសេសអ្នកដែលផុយនឹងឆ្លងជំងឺគឺថាការពារមុនគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុត»។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា គេគួរតែដុសធ្មេញឱ្យបាន២នាទី២ដងក្នុងមួយថ្ងៃដោយប្រើប្រាស់ថ្នាំដុសធ្មេញដែលមានសារធាតុ Fluoride និងសំអាតចន្លោះធ្មេញជាមួយនឹងច្រាស Interdental Brush ៕
ប្រភពដោយ ៖ សហការី
តើចង់បានធ្មេញសរស្អាតទេ? សូមមើលវីដេអូទាំងអស់គ្នា
ប្រភព៖Kenzie Borowski