ជប៉ុន៖ កសិករវ័យក្មេងម្នាក់មកពី Kengo ប្រទេសជប៉ុន ឈ្មោះថា Kiyoto Saito កំពុងតែធ្វើឲ្យមនុស្សម្នាផ្លាស់ប្តូរការយល់ឃើញទៅលើរូបរាងខាងក្រៅរបស់កសិករធ្វើស្រែចំការទូទៅ ដោយ Kiyoto ពាក់អាវធំក្រវ៉ាត់កមួយកំប៉្លេយ៉ាងឡូយពេលដកស្ទូងស្រូវ។ ទោះបីជា Kiyoto ត្រូវបើកត្រាក់ទ័រ ឬ ត្រូវលុតជង្គង់ដកស្ទូងក៏ដោយ ក៏គាត់នៅតែពាក់អាវធំដែរ។
គ្រួសារបស់ Kiyoto បានធ្វើស្រែនៅតំបន់នោះអស់រយៈពេលប្រហែល ៤០០ឆ្នាំហើយ។ កាលពីនៅវ័យជំទង់ កសិករម្នាក់នេះមានអារម្មណ៍ធុញថប់យ៉ាងខ្លាំងជាមួយនឹងរបៀបធ្វើស្រែចម្ការដដែលៗ ហើយ គាត់ក៏បានរើទៅនៅទីក្រុង។ តែនៅប៉ុន្មានឆ្នាំក្រោយមក Kiyoto បានត្រឡប់មកស្រុកកំណើតវិញ រួចហើយក៏បង្កើតគ្រួសារនៅទីនេះ។ កំលោះទើបមានប្រពន្ធម្នាក់នេះ បានសម្រេចចិត្តបន្តការងារជាកសិករពីគ្រួសារ តែគាត់បានធ្វើវាឲ្យមានលក្ខណៈប្លែកពីគេ។
ពេលមនុស្សម្នាឃើញ Kiyoto ពាក់អាវធំធ្វើស្រែបែបនេះ ពួកគេគិតថា Kiyoto ពាក់លេងសើច តែតាមពិតនោះ វាមិនមែនជាការលេងសើចទេ។ Kiyoto បានប្រាប់ក្នុងកម្មវិធីទូរទស្សន៍ថា៖ “មនុស្សទូទៅគិតថាកសិករគឺត្រូវកខ្វក់ពេញមួយថ្ងៃ ហើយមិនសូវរកលុយបានច្រើនទេ។ ខ្ញុំចង់ឲ្យក្មេងៗជំនាន់ក្រោយគិតថា ការងារជាកសិករគឺសប្បាយនឹងធ្វើ។”
ជាដំបូងឡើយគ្មាននរណាម្នាក់យល់ពីគោលបំណងរបស់ Kiyoto ទេ ព្រោះថា មិនដឹងជាពាក់អាវខោឡូយៗអញ្ចឹងធ្វើអ្វី ពេលធ្វើស្រែ។ ឯអ្នកខ្លះស្មានតែ Kiyoto ចង់ចំអន់កសិករឯទៀតៗ លេង។ សូម្បីតែលោកតារបស់គាត់ ក៏មានការភ្ញាក់ផ្អើលដែរពេលឃើញភ្លាម។
តែនៅពេលយូរៗទៅ មនុស្សជុំវិញ Kiyoto បានយល់ពីគោលបំណងរបស់គាត់ ហើយក៏ជួយផ្តល់កម្លាំងចិត្តឲ្យគាត់ថែមទៀត។
ដោយសារតែគ្មាននរណាម្នាក់ធ្វើដូចគាត់ គាត់ត្រូវបានកាសែតធំនៅជប៉ុន Yomiuri Simbun និងកាសែតផ្សេងៗទៀត យកទៅចុះផ្សាយ។ លើសពីនេះ មានប៉ុស្តិ៍ទូរទស្សន៍ជាច្រើនបានអញ្ជើញគាត់ឲ្យឡើងក្នុងកម្មវិធី៕
ប្រភព៖ YouTube Channel Zoomin.TV Amazing