Dell ទើបតែបានដាក់បង្ហាញផលិតផលថ្មីមួយរបស់ខ្លួននៅក្នុងកម្មវិធីពិព័រណ៍បច្ចេកវិទ្យាប្រចាំឆ្នាំនៅទីក្រុងLas Vegas សហរដ្ឋអាមេរិក ។ ម៉ូដែលថ្មីរបស់Dell គឺជាប្រភេទ កុំព្យូទ័រយួរដៃដែលក្រុមហ៊ុនបានដាក់ឈ្មោះថា Dell Latitude 7285 ។ វាត្រូវបានក្រុមហ៊ុនDell ចាត់ទុកជាប្រភេទកុំព្យូទ័រយួរដៃពីរក្នុងរបស់តែមួយសម្រាប់ពាណិជ្ជកម្ម(Business Laptop) ។
ចំណុចដែលគួរឲ្យចាប់អារម្មណ៍របស់Latitude 7285 គឺវាសាកថ្មដោយគ្មានខ្សែ មានទម្ងន់ស្រាលតូចល្មមសម្រាប់ពាណិជ្ជករធ្វើការ។ ក្រុមហ៊ុនបានប្រកាសថា វាជាម៉ូដែលដំបូងបំផុតរបស់ខ្លួនដែលសាកថ្មឥតខ្សែ ។
បច្ចេកវិទ្យាដែលបានបំពាក់លើវា សម្រាប់សាកថ្មឥតខ្សែ គឺនៅត្រង់Keyboard ព្រោះថា Latitude 7285 ត្រូវដាក់នៅលើក្តារបន្ទះរបស់វាមួយ ហើយក្តារបន្ទះនោះនឹងភ្ជាប់ជាមួយ keyboard ហើយបន្ទាប់មក keyboard នឹងបញ្ចូនថាមពលមកថ្មរបស់កុំព្យូទ័រសាកថ្មតែម្តង។ ចំណែកkeyboard វិញគ្មានថ្មសម្រាប់សាក់ថ្មទេ មានន័យថា វាគ្រាន់តែជាភ្ជាក់ងារចម្លង ថាមពលទៅថ្មកុំព្យូទ័រប៉ុណ្ណោះ ។
Dell គ្រោងនឹងបញ្ចេញលក់ផលិតផលមួយនេះនៅខែឧសភា ឆ្នាំ២០១៧ តែមិនបានប្រកាសពីតម្លៃរបស់វាទេ ។ សម្រាប់ម៉ូដែលនេះមានកម្លាំងម៉ាស៊ីនតាមជម្រើស ដូចជា Intel Core i5 ឬ i7 processor មានភ្ជាប់ ឬគ្មាន Optional vPro មានរ៉េម8GB ឬ 16GB DDR3 លើសពីនេះវាមានIntel HD 615 Graphics GPU និងមានអង្គចងចាំប្រភេទ128GB ឬ256GB ឬ512GB ឬ256GB ហើយមានអេក្រង់ទំហំ១២,៣អ៊ីង និងកញ្ចក់ប្រភេទGorilla Glass 4 ។
មួយវិញទៀតក្រុមហ៊ុនបានប្រកាសថា ផលិតផល ផ្សេងៗទៀតរបស់Dell សម្រាប់ ដាក់លក់នៅឆ្នាំបន្ទាប់ និងមានបច្ចេកវិទ្យាសាកថ្មឥតខ្សែ ៕