ក្រុមហ៊ុន«Play boy Enterprises» បានប្រកាសរឿងសោកសៅមួយ គឺស្ថាបនិកទស្សនាវដ្តីអាសអាភាស«Play boy»បានស្លាប់បាត់បង់ជីវិតក្នុងវ័យ៩១កាលពីថ្ងៃទី២៧ កញ្ញា ២០១៧ ។
លោកតាHugh Hefnerបានបង្កើតទស្សនាវដ្តីPlay boyកាលពី៦០ឆ្នាំមុន រហូតក្លាយជាសៀវភៅដ៏ចំណាស់របស់អាមេរិក ។ អត្ថបទនៅក្នុងសៀវភៅបង្កប់ន័យយ៉ាងច្រើន រួមទាំងមានរូបភាពអាសអាភាស និងមានអត្ថបទជាច្រើនបានការទទួលស្គាល់លើផ្នែកគុណភាព ។
លោកCooper Hefnerកូនប្រុសរបស់លោកតាHugh Hefnerជាអ្នកគ្រប់គ្រងរបស់Play boyបញ្ជាក់ថា«ឪពុករបស់ខ្ញុំរស់នៅក្នុងសង្គមដោយខុសប្លែកពីគេ និងមានឥទ្ធិពលក្នុងនាមជាអ្នកសារព័ត៌មាន រួមទាំងជាអ្នកត្រួសត្រាយផ្នែកវប្បធម៌ផងដែរ ។
ម្យ៉ាងទៀតគាត់ក៏ជាមនុស្សម្នាក់រស់នៅដោយប្រកាន់ខ្ជាប់លើPlay boyនិងជាបុគ្គលមួយរូបបានទទួលការចងចាំដ៏យូរលង់នៅក្នុងប្រវត្តិសាស្ត្រ» ។
ក្រោមការដឹកនាំរបស់លោកតាHugh Hefnerទស្សនាវដ្តីPlay boyស្ថិតក្នុងនិន្នាការ«ប្រតិបត្តិផ្នែកផ្លូវភេទ»តាំងពីអំឡុងឆ្នាំ១៩៦០ និង១៩៧០ ប៉ុន្តែក្នុងទសវត្សកន្លងមកទស្សនាវដ្តីនេះត្រូវតស៊ូលើបម្រែបម្រួលក្នុងមជ្ឈដ្ឋានព័ត៌មាន ។ ក្នុងរយៈពេលខ្លីកន្លងមក គឺចាប់ពីពាក់កណ្តាលឆ្នាំ២០១៦រហូតដល់ដើមឆ្នាំ២០១៧Play boyព្យាយាមធ្វើកំណែទម្រង់ថ្មី ដោយឈប់បោះពុម្ពរូបភាពអាសអាភាស ប៉ុន្តែលទ្ធផលមិនសូវល្អ ក៏វិលត្រឡប់រកទម្រង់ចាស់វិញ ។
លោកតាHugh Hefnerធ្លាប់រៀបការចំនួន៣លើក ដំបូងរៀបការជាមួយនាងមីលដ្រេត វីល្លៀម ពីឆ្នាំ១៩៤៩ ដល់១៩៥៩ ។ ក្រោយមកគាត់ស្ថិតក្នុងភាពពោះម៉ាយអស់រយៈពេលជាច្រើនឆ្នាំ រហូតបានរៀបការជាមួយនាងឃីមប៊ឺលី ខុនរ៉ាដ នៅក្នុងឆ្នាំ១៩៨៩ និងបានលែងលះនៅក្នុងឆ្នាំ២០១០ ។
នៅឆ្នាំ២០១២លោកតាHugh Hefnerរៀបការជាមួយតារាបង្ហាញម៉ូដនាងគ្រីស្តាល់ ហែរីស មានអាយុតិចជាងដល់ទៅ៦០ឆ្នាំ ។
លោកតាHugh Hefnerមានកូនប្រុស៣នាក់និងកូនស្រីម្នាក់ ៕