រាជធានីភ្នំពេញ ៖ បើទោះជាមានសំណាងបានក្លាយតួឯកស្ដេចកន ក្នុងរឿង«ហ្លួងព្រះស្ដេចកន» ដែលទើបនឹងបានដាក់បញ្ចាំងយ៉ាងកក្រើកនៅគ្រប់រោងកុនយ៉ាងណាក៏ដោយ ក៏លោករស់ សោភ័ណ្ឌ ដែលត្រូវគេស្គាល់ថាជាគ្រូបង្ហាត់លើកសាច់ដុំ បានអះអាងថា លោកមិនស្រវាស្រទេញដើម្បីបានក្លាយជាតួសម្ដែងឱ្យស៊ប់ ហើយបោះបង់អាជីពកីឡាហាត់សាច់ដុំនោះទេ ។
លោកនៅតែប្រកាសថា នឹងសកម្មជាមួយការងារគ្រូបង្ហាត់លើកសាច់ដុំដូចដើមដដែល ដោយគ្រាន់តែពេលមានឱកាសគេហៅឱ្យសម្ដែងជាតួត្រូវចិត្តក៏នឹងទទួលថតមិនឱ្យបាត់មុខប៉ុណ្ណោះ ។
លោក រស់ សោភ័ណ្ឌ និយាយថា ការពិតលោកមិនមែនជាកីឡាករក្នុងសហព័ន្ធកីឡាកាយវប្បកម្មនោះទេ ប៉ុន្តែលោកជាបុគ្គលចូលចិត្តហាត់ប្រាណយករាងស្អាតតាំងពីក្មេង រហូតមានសាច់ដុំធំហើយមានកាយសម្បទាសមរម្យ ។ បន្តបន្ទាប់មក លោកក៏ត្រូវម្ចាស់ក្លិបហាត់ប្រាណផ្ដល់កិត្តិយសឱ្យធ្វើជាគ្រូបង្វឹកដល់អ្នកចង់ហាត់យករាងស្អាត ហើយក៏ចេះតែមានកូនសិស្សទាក់ទងឱ្យទៅបង្ហាត់តាមផ្ទះសម្រាប់អ្នកមានយសសក្ដិធំៗ ដោយសារតែលោកក្រៅពីចេះរបៀបហាត់ឱ្យបានរាងស្អាត ក៏បានសិក្សាស្រាវជ្រាវពីទម្រង់នៃការហ្វឹកហាត់ឱ្យកាន់តែមានសុខភាពល្អ និងមានរាងស្អាតស្របតាមបច្ចេកទេសដែរ ។ មិនយូរប៉ុន្មានលោកក៏ត្រូវគេទទួលស្គាល់សមត្ថភាពបង្ហាត់បង្រៀនច្រើនឡើងៗ ហើយក៏ត្រូវគេជួលឱ្យទៅបង្ហាត់នៅក្នុងក្លិបធំៗនៅក្នុងសណ្ឋាគារដូចជាក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ជាដើម ដែលមានតារាសិល្បៈនិយមទៅហ្វឹកហាត់ជាប្រចាំ ជាដើមចមនាំឱ្យលោកបានស្គាល់តារាល្បីៗ និងផលិតករភាពយន្តមួយចំនួន ។ លោកត្រូវបានគេជ្រើសរើសឱ្យសម្ដែងជាតួអង្គព្រះបាទជ័យវរ្ម័នទី៧លើកដំបូងកាលពីប៉ុន្មានឆ្នាំមុន ហើយវីដេអូដែលបានថតនោះគេបង្ហោះព្រោងព្រាតនៅលើបណ្ដាញហ្វេសប៊ុក ធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង ។
លោកក៏ត្រូវបានគេហៅឱ្យសម្ដែងក្នុងរឿងខ្លីៗដែលនិយាយពីព្រះបាទជ័យវរ្ម័នទី៧ជាហូរហែចាប់តាំងពីមានឱកាសនោះ ។ នៅថ្ងៃដែលក្រុមផលិតករ រួមមានលោក ម៉ៅ អាយុទ្ធ អ្នកដឹកនាំរឿង
«ហ្លួងព្រះស្ដេចកន»ធ្វើការជ្រើសរើសតួ មិត្តភក្តិរបស់លោកបានបញ្ជូនរូបថតរបស់លោកឱ្យលោក ម៉ៅ អាយុទ្ធ បានឃើញ ហើយក៏ត្រូវបានក្រុមផលិតករហៅមកសម្ភាសន៍ដោយផ្ទាល់ដោយលោក ម៉ៅ អាយុទ្ធ តម្រូវឱ្យលោកដោះអាវ ធ្វើសកម្មភាពបញ្ចេញក្បាច់មួយចំនួន និងបញ្ចេញទឹកមុខដើម្បីធ្វើតេស្ដជាដើម ។ ក្រោយការធ្វើតេស្ដច្រើនថ្ងៃ លោកក៏ត្រូវលោក ម៉ៅ អាយុទ្ធ ជ្រើសរើសឱ្យសម្ដែងតួឯក ក្នុងពេលដែលតារាសាច់ដុំផ្សេងទៀត និងតារាល្បីៗដែលមានសាច់ដុំស្អាតជាច្រើន បានជាប់សម្ដែងរឿងនោះដូចគ្នា ប៉ុន្តែត្រឹមជាតួផ្សេង ។ លោកថា ខ្លួនមានមោទនភាពដែលត្រូវបានជ្រើសរើសឱ្យធ្វើតួស្ដេចកន ប៉ុន្តែបើឱ្យលោករំភើបដល់ថ្នាក់បោះបង់អាជីពលើកសាច់ដុំនោះគឺមិនមានទេ ដោយសារតែលោកយល់ថានោះជាអាជីពដែលលោកស្រឡាញ់ ម្យ៉ាងក៏ជាមុខរបរដែលជួយឱ្យលោកទទួលបានប្រាក់ចំណូលខ្ពស់ជាប្រចាំផង ។
លោក រស់ សោភ័ណ្ឌ និយាយថា រាល់ថ្ងៃលោកមមាញឹកនឹងការបង្ហាត់កូនសិស្សលើកសាច់ដុំ និងរវល់លើកសាច់ដុំថែរក្សារូបរាងរបស់ខ្លួនច្រើនជាង ដោយក្នុងមួយថ្ងៃៗលោកត្រូវបែងចែកពេលវេលាហ្វឹកហាត់ខ្លួនឯងផង និងរត់ទៅបង្ហាត់់កូនសិស្ស៤-៥កន្លែងបណ្ដាក់គ្នាផង ។ ក្នុងមួយថ្ងៃលោកត្រូវដាក់ម៉ោងបង្ហាត់អ្នកនេះ អ្នកនោះ និងនៅក្លិបនេះ ក្លិបនោះ មិនសូវទំនេរនោះទេ ទើបលោកទទួលបានប្រាក់ចំណូលប្រចាំខែច្រើនគួរសម ធ្វើឱ្យលោកមិនសូវខ្វល់រឿងមានគេហៅសម្ដែង ឬមិនហៅ ។ លោកថា ការសម្ដែងគ្រាន់តែជាចំណូលចិត្តមួយដែលលោកចង់ប្រឡូកប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការហាត់ប្រាណគឺជាអ្វីដែលលោកចូលចិត្តមិនអាចបោះបង់តែម្ដង ដោយសារតែលោកស្រឡាញ់សុខភាព និងស្រឡាញ់រាងកាយស្អាតតាំងពីក្បាលដល់ចុងជើង ។ មានអ្នកជុំវិញខ្លួនលោកជាច្រើនបានជំរុញឱ្យលោកទទួលថតរឿងឱ្យច្រើន ប៉ុន្តែលោកមិនអាចទទួលដល់កម្រិតនោះបានទេ ដោយសារតែលោកមានភារៈបង្ហាត់សិស្សរាល់ថ្ងៃ ហើយមិនអាចចេះតែសុំច្បាប់សិស្សទៅថតរាល់ថ្ងៃ ធ្វើឱ្យខាតបង់ប្រាក់ខែទេ ។
ជាក់ស្ដែងគ្រាន់តែថតរឿងស្ដេចកន លោកថា ត្រូវចោលការងារបង្ហាត់សិស្សតាមក្លិប និងតាមផ្ទះច្រើនណាស់ ដោយលោកបញ្ជាក់ថាបានកូនសិស្ស និងម្ចាស់ក្លិបនៅក្នុងសណ្ឋាគារធំៗយោគយល់នៅតែបន្តទទួលឱ្យលោកបម្រើការនោះផង ទើបលោកនៅតែមានការងារជាប្រចាំ ។ លោកថា ទទួលថតម្ដងៗខាតបង់ការងារច្រើនណាស់ ជាពិសេសនៅពេលដែលការងារថតនោះត្រូវចេញទៅខេត្តម្ដងៗច្រើនថ្ងៃ ដែលធ្វើឱ្យលោកមិនអាចឆ្លៀតពេលហ្វឹកហាត់ខ្លួនឯង និងអាចបង្ហាត់សិស្សបាន ។ ក្នុងនាមជាកីឡាករមួយរូបនៅក្រៅសង្វៀនសហព័ន្ធខាងផ្នែកសាច់ដុំ លោកថាមិនមែនជារឿងងាយស្រួលនោះទេ ដែលត្រូវខកខានហ្វឹកហាត់ម្ដងៗច្រើនថ្ងៃដោយសារតែការសម្ដែង ដែលធ្វើឱ្យលោកត្រូវប្រឈមនឹងការឈឺខ្លួនវិញនៅពេលខានយូរហើយត្រឡប់មកហាត់ម្ដងទៀត ។ ក្នុងនោះប្រាក់ខែដែលជាប្រាក់ចំណូលជាប្រចាំក៏ត្រូវរបូតអស់នោះដែរ ដោយលោកបញ្ជាក់ថា បើស៊ប់នឹងការសម្ដែង គឺពិតជាធ្វើឱ្យលោកដាច់បាយ ។ ម្យ៉ាងការសម្ដែងលោកថាមិនមែនជាចំណូលចិត្តពិតប្រាកដរបស់ខ្លួននោះទេ ដោយសារតែលោកពិបាកលេងទឹកមុខក្នុងពេលត្រូវសម្ដែងម្ដងៗ ។
លោកថា ខ្លួនអាចសម្ដែងបានល្អតែប្លង់វាយតប់ និងលោតហក់ប៉ុណ្ណោះ ប៉ុន្តែបើប្លង់យំយែក ឬសម្ដែងទឹកមុខអីជាដើមគឺពិបាក អ៊ីចឹងហើយទើបលោកយល់ថា ធ្វើជាតួសម្ដែងពិបាកណាស់ទម្រាំបញ្ចប់បានមួយប្លង់ៗ ដែលធ្វើឱ្យលោកស្មុគស្មាញ ។ លោកថា ការសម្ដែងដ្បិតថា ខាងផលិតករតម្រូវឱ្យលោកទៅសម្ដែងជាតួអង្គរឹងមាំ និងមានក្បាច់គុន ប៉ុន្តែក្នុងរឿងនីមួយៗមិនអត់នោះទេសម្រាប់ប្លង់មនោសញ្ចេតនា និងត្រូវលេងទឹកមុខជាមួយតួអង្គស្រីជាដើម ទើបលោកយល់ថាមិនមែនជាចំណូលចិត្តពិតប្រាកដរបស់ខ្លួន ហើយលោកនៅតែមិនហ៊ានលុកស៊ប់នឹងការសម្ដែង ។
លោកប្រកាសជាយូរមកហើយថា ទោះជាល្បីដោយសារភាពយន្ត ក៏នៅតែយកអាជីពលើកសាច់ដុំធ្វើជាត្រីមុខ ដើម្បីឱ្យមានប្រាក់ចំណូលជាប្រចាំ និងដើម្បីកុំឱ្យមានការពិបាកនៅពេលការងារសិល្បៈធ្លាក់ដៃ។
លោកមានគម្រោងពង្រឹងអាជីពបង្វឹកសិស្សក្នុងក្លិបខាងផ្នែកហាត់ប្រាណយកសាច់ដុំឱ្យកាន់តែល្អ តែសម្រាប់គម្រោងបើកក្លិបខ្លួនឯងគឺមិនមាននោះទេ ដោយសារតែលោកយល់ថាទទួលបង្វឹកសិស្សតាមសណ្ឋាគារ និងក្នុងក្លិប ធ្វើឱ្យលោកអាចទទួលការងារបានច្រើនកន្លែង ហើយបានប្រាក់ចំណូលខ្ពស់ ។ ក្នុងនោះលោកក៏ស្គាល់មនុស្សជាន់ខ្ពស់ក្នុងសង្គមច្រើនឡើងផងដែរ នៅក្នុងបរិបទដែលអ្នកមានៗ និងតារាល្បីៗច្រើនឡើងស្រលាញ់សុខភាព ហើយងាកមកហាត់ប្រាណលើកសាច់ដុំ និងថែរាងឱ្យស្អាតជាមួយលោកនាពេលចុងក្រោយ ។ លោកថា លោកមិនមែនបង្វឹកតែលើកសាច់ដុំឱ្យក្លាយជាអ្នកលើកសាច់ដុំដែលមានសាច់ដុំរាងកាយដូចកង្កែបនោះទេ ប៉ុន្តែលោកផ្ដោតជាសំខាន់លើការបង្ហាត់របៀបហាត់ប្រាណតាមបច្ចេកទេសឱ្យមានរាងស្អាត និងមានសុខភាពល្អជាធំ ទើបលោកចេះតែមានអ្នកទាក់ទងឱ្យទៅបង្ហាត់លើកសាច់ដុំមិនសូវទំនេរក្នុងមួយថ្ងៃៗ ជាពិសេសគឺក្នុងក្លិបដែលមានតារាៗ និងអ្នកស្រឡាញ់រាងកាយចូលចិត្តហាត់ប្រាណ ៕