Friday, March 29, 2024
spot_img
More

    Latest Posts

    តួឯក​ស្តេច​កន ប្រកាស​មិន​ចោល​….

    រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​មានសំណាង​បាន​ក្លាយ​តួឯក​ស្ដេច​កន ក្នុង​រឿង​«​ហ្លួង​ព្រះស្ដេច​កន​» ដែល​ទើបនឹង​បាន​ដាក់​បញ្ចាំង​យ៉ាង​កក្រើក​នៅ​គ្រប់​រោងកុន​យ៉ាងណា​ក៏​ដោយ ក៏​លោក​រស់ សោ​ភ័​ណ្ឌ ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​គ្រូបង្ហាត់​លើក​សាច់ដុំ បាន​អះអាង​ថា លោក​មិន​ស្រវាស្រ​ទេញ​ដើម្បី​បាន​ក្លាយជា​តួ​សម្ដែង​ឱ្យ​ស៊ប់ ហើយ​បោះបង់​អាជីព​កីឡា​ហាត់​សាច់ដុំ​នោះ​ទេ ។

    លោក​នៅ​តែ​ប្រកាស​ថា នឹង​សកម្ម​ជាមួយការងារ​គ្រូបង្ហាត់​លើក​សាច់ដុំ​ដូច​ដើម​ដដែល ដោយ​គ្រាន់តែ​ពេល​មានឱកាស​គេ​ហៅ​ឱ្យ​សម្ដែង​ជា​តួ​ត្រូវចិត្ត​ក៏​នឹង​ទទួល​ថត​មិន​ឱ្យ​បាត់​មុខ​ប៉ុណ្ណោះ ។

    លោក រស់ សោ​ភ័​ណ្ឌ និយាយ​ថា ការ​ពិត​លោក​មិនមែន​ជា​កីឡាករ​ក្នុង​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​នោះ​ទេ ប៉ុន្តែ​លោក​ជា​បុគ្គល​ចូល​ចិត្ត​ហាត់ប្រាណ​យក​រាង​ស្អាត​តាំងពី​ក្មេង រហូត​មាន​សាច់ដុំ​ធំ​ហើយ​មាន​កាយសម្បទា​សមរម្យ ។ បន្តបន្ទាប់​មក លោក​ក៏​ត្រូវ​ម្ចាស់​ក្លិប​ហាត់ប្រាណ​ផ្ដល់​កិត្តិយស​ឱ្យធ្វើ​ជា​គ្រូបង្វឹក​ដល់​អ្នក​ចង់​ហាត់​យក​រាង​ស្អាត ហើយ​ក៏​ចេះ​តែ​មានកូន​សិស្ស​ទាក់ទង​ឱ្យទៅ​បង្ហាត់​តាម​ផ្ទះ​សម្រាប់​អ្នក​មានយស​សក្ដិ​ធំ​ៗ ដោយសារ​តែ​លោក​ក្រៅពី​ចេះ​របៀប​ហាត់​ឱ្យ​បាន​រាង​ស្អាត ក៏​បាន​សិក្សា​ស្រាវជ្រាវ​ពី​ទម្រង់​នៃ​ការ​ហ្វឹកហាត់​ឱ្យ​កាន់តែ​មាន​សុខភាព​ល្អ និង​មាន​រាង​ស្អាត​ស្រប​តាម​បច្ចេកទេស​ដែរ ។ មិនយូរ​ប៉ុន្មាន​លោក​ក៏​ត្រូវ​គេ​ទទួលស្គាល់​សមត្ថភាព​បង្ហាត់បង្រៀន​ច្រើន​ឡើង​ៗ ហើយ​ក៏​ត្រូវ​គេ​ជួល​ឱ្យទៅ​បង្ហាត់​នៅ​ក្នុង​ក្លិប​ធំ​ៗ​នៅ​ក្នុង​សណ្ឋាគារ​ដូច​ជា​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​ជាដើម ដែល​មាន​តារា​សិល្បៈ​និយម​ទៅ​ហ្វឹកហាត់​ជា​ប្រចាំ ជាដើម​ចមនាំ​ឱ្យ​លោក​បាន​ស្គាល់​តារា​ល្បី​ៗ និង​ផលិតករ​ភាពយន្ត​មួយ​ចំនួន ។ លោក​ត្រូវ​បាន​គេ​ជ្រើសរើស​ឱ្យ​សម្ដែង​ជា​តួអង្គ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​លើក​ដំបូង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ហើយ​វី​ដេ​អូ​ដែល​បាន​ថត​នោះ​គេ​បង្ហោះ​ព្រោងព្រាត​នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង ។

    លោក​ក៏​ត្រូវ​បាន​គេ​ហៅ​ឱ្យ​សម្ដែង​ក្នុង​រឿង​ខ្លី​ៗ​ដែល​និយាយ​ពី​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​ជា​ហូរហែ​ចាប់តាំងពី​មានឱកាស​នោះ ។ នៅ​ថ្ងៃ​ដែល​ក្រុម​ផលិតករ រួម​មាន​លោក ម៉ៅ អា​យុទ្ធ អ្នកដឹកនាំ​រឿង
    «​ហ្លួង​ព្រះស្ដេច​កន​»​ធ្វើការ​ជ្រើសរើស​តួ មិត្តភក្តិ​របស់​លោក​បាន​បញ្ជូន​រូបថត​របស់​លោក​ឱ្យ​លោក ម៉ៅ អា​យុទ្ធ បានឃើញ ហើយ​ក៏​ត្រូវ​បាន​ក្រុម​ផលិតករ​ហៅ​មក​សម្ភាសន៍​ដោយ​ផ្ទាល់​ដោយ​លោក ម៉ៅ អា​យុទ្ធ តម្រូវ​ឱ្យ​លោក​ដោះ​អាវ ធ្វើ​សកម្មភាព​បញ្ចេញ​ក្បាច់​មួយ​ចំនួន និង​បញ្ចេញ​ទឹកមុខ​ដើម្បី​ធ្វើតេស្ដ​ជាដើម ។ ក្រោយ​ការ​ធ្វើតេស្ដ​ច្រើន​ថ្ងៃ លោក​ក៏​ត្រូវ​លោក ម៉ៅ អា​យុទ្ធ ជ្រើស​រើស​ឱ្យ​សម្ដែង​តួឯក ក្នុង​ពេល​ដែល​តារា​សាច់ដុំ​ផ្សេង​ទៀត និង​តារា​ល្បី​ៗ​ដែល​មាន​សាច់ដុំ​ស្អាត​ជា​ច្រើន បាន​ជាប់​សម្ដែង​រឿង​នោះ​ដូច​គ្នា ប៉ុន្តែ​ត្រឹម​ជា​តួ​ផ្សេង ។ លោក​ថា ខ្លួន​មាន​មោទនភាព​ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យធ្វើ​តួ​ស្ដេច​កន ប៉ុន្តែ​បើ​ឱ្យ​លោក​រំភើប​ដល់​ថ្នាក់​បោះបង់​អាជីព​លើក​សាច់ដុំ​នោះ​គឺ​មិន​មាន​ទេ ដោយសារ​តែ​លោក​យល់​ថា​នោះ​ជា​អាជីព​ដែល​លោក​ស្រឡាញ់ ម្យ៉ាង​ក៏​ជា​មុខរបរ​ដែល​ជួយ​ឱ្យ​លោក​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ជា​ប្រចាំ​ផង ។

    លោក រស់ សោ​ភ័​ណ្ឌ និយាយ​ថា រាល់ថ្ងៃ​លោក​មមាញឹក​នឹង​ការ​បង្ហាត់​កូនសិស្ស​លើក​សាច់ដុំ និង​រវល់​លើក​សាច់ដុំ​ថែរក្សា​រូបរាង​របស់​ខ្លួន​ច្រើន​ជាង ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​លោក​ត្រូវ​បែងចែក​ពេល​វេលា​ហ្វឹកហាត់​ខ្លួនឯង​ផង និងរ​ត់ទៅ​បង្ហាត់់​កូនសិស្ស​៤-៥​កន្លែង​បណ្ដាក់​គ្នា​ផង ។ ក្នុង​មួយ​ថ្ងៃ​លោក​ត្រូវ​ដាក់​ម៉ោង​បង្ហាត់​អ្នក​នេះ អ្នក​នោះ និង​នៅ​ក្លិប​នេះ ក្លិប​នោះ មិនសូវ​ទំនេរ​នោះ​ទេ ទើប​លោក​​ទទួល​បាន​ប្រាក់​ចំណូល​ប្រចាំខែ​ច្រើន​គួរសម ធ្វើ​ឱ្យ​លោក​មិនសូវ​ខ្វល់​រឿង​មាន​គេ​ហៅ​សម្ដែង ឬ​មិន​ហៅ ។ លោក​ថា ការ​សម្ដែង​គ្រាន់តែ​ជា​ចំណូលចិត្ត​មួយ​ដែល​លោក​ចង់​ប្រឡូក​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ការ​ហាត់ប្រាណ​គឺជា​អ្វី​ដែល​លោក​ចូល​ចិត្ត​មិន​អាច​បោះបង់​តែ​ម្ដង ដោយសារ​តែ​លោក​ស្រឡាញ់​សុខភាព និង​ស្រឡាញ់​រាង​កាយ​ស្អាត​តាំងពី​ក្បាល​ដល់​ចុងជើង ។ មាន​អ្នក​ជុំវិញ​ខ្លួន​លោក​ជា​ច្រើន​បាន​ជំរុញ​ឱ្យ​លោក​ទទួល​ថត​រឿង​ឱ្យ​ច្រើន ប៉ុន្តែ​លោក​មិន​អាច​ទទួល​ដល់​កម្រិត​នោះ​បាន​ទេ ដោយសារ​តែ​លោក​មាន​ភារៈ​បង្ហាត់​សិស្ស​រាល់ថ្ងៃ ហើយ​មិន​អាច​ចេះ​តែ​សុំ​ច្បាប់​សិស្ស​ទៅ​ថត​រាល់ថ្ងៃ ធ្វើ​ឱ្យ​ខាតបង់​ប្រាក់ខែ​ទេ ។

    ជាក់ស្ដែង​គ្រាន់តែ​ថត​រឿង​ស្ដេច​កន លោក​ថា ត្រូវ​ចោល​ការងារ​បង្ហាត់​សិស្ស​តាម​ក្លិប និង​តាម​ផ្ទះ​ច្រើន​ណាស់ ដោយ​លោក​បញ្ជាក់​ថា​បានកូន​សិស្ស និង​ម្ចាស់​ក្លិប​នៅ​ក្នុង​សណ្ឋាគារ​ធំ​ៗ​យោគ​យល់​​នៅ​តែ​បន្ត​ទទួល​ឱ្យ​លោក​បម្រើ​ការ​នោះ​ផង ទើប​លោក​នៅ​តែ​មានការ​ងារ​ជា​ប្រចាំ ។ លោក​ថា ទទួល​ថត​ម្ដង​ៗ​ខាតបង់​ការងារ​ច្រើន​ណាស់ ជា​ពិសេស​​នៅ​ពេល​ដែល​ការងារ​ថត​នោះ​ត្រូវ​ចេញ​ទៅ​ខេត្ត​ម្ដង​ៗ​ច្រើន​ថ្ងៃ ដែល​ធ្វើ​ឱ្យ​លោក​មិន​អាច​ឆ្លៀតពេល​ហ្វឹកហាត់​ខ្លួនឯង និង​អាច​បង្ហាត់​សិស្ស​បាន ។ ក្នុង​នាម​ជា​កីឡាករ​មួយ​រូប​នៅ​ក្រៅ​សង្វៀន​សហព័ន្ធ​ខាង​ផ្នែក​សាច់ដុំ លោក​ថា​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ដែល​ត្រូវ​ខកខាន​ហ្វឹកហាត់​ម្ដង​ៗ​ច្រើន​ថ្ងៃ​ដោយសារ​តែ​ការ​សម្ដែង ដែល​ធ្វើ​ឱ្យ​លោក​ត្រូវ​ប្រឈម​នឹង​ការ​ឈឺខ្លួន​វិញ​នៅ​ពេល​ខាន​យូរហើយ​ត្រឡប់​មក​ហាត់​ម្ដងទៀត ។ ក្នុង​នោះ​ប្រាក់ខែ​ដែល​ជា​ប្រាក់​ចំណូល​ជា​ប្រចាំ​ក៏​ត្រូវ​របូត​អស់នោះ​ដែរ ដោយ​លោក​បញ្ជាក់​ថា បើ​ស៊ប់​នឹង​ការ​សម្ដែង គឺ​ពិតជា​ធ្វើ​ឱ្យ​លោក​ដាច់​បាយ ។ ម្យ៉ាង​ការ​សម្ដែង​លោក​ថា​មិនមែន​ជា​ចំណូលចិត្ត​ពិតប្រាកដ​របស់​ខ្លួន​នោះ​ទេ ដោយសារ​តែ​លោក​ពិបាក​លេង​ទឹកមុខ​ក្នុង​ពេល​ត្រូវ​សម្ដែង​ម្ដង​ៗ ។

    លោក​ថា ខ្លួន​អាច​សម្ដែង​បាន​ល្អ​តែ​ប្លង់​វាយតប់ និង​លោត​ហក់​ប៉ុណ្ណោះ ប៉ុន្តែ​បើ​ប្លង់​យំយែក ឬ​សម្ដែង​ទឹកមុខ​អី​ជាដើម​គឺ​ពិបាក អ៊ីចឹង​ហើយ​ទើប​លោក​យល់​ថា ធ្វើ​ជា​តួ​សម្ដែង​ពិបាក​ណាស់​ទម្រាំ​បញ្ចប់​បាន​មួយ​ប្លង់​ៗ ដែល​ធ្វើ​ឱ្យ​លោក​ស្មុគស្មាញ ។ លោក​ថា ការ​សម្ដែង​ដ្បិតថា ខាង​ផលិតករ​តម្រូវ​ឱ្យ​លោក​ទៅ​សម្ដែង​ជា​តួអង្គ​រឹង​មាំ និង​មាន​ក្បាច់គុន ប៉ុន្តែ​ក្នុង​រឿង​នីមួយ​ៗ​មិន​អត់​នោះ​ទេ​សម្រាប់​ប្លង់​មនោសញ្ចេតនា និង​ត្រូវ​លេង​ទឹកមុខ​ជាមួយ​តួអង្គ​ស្រី​ជាដើម ទើប​លោក​យល់​ថា​មិនមែន​ជា​ចំណូលចិត្ត​ពិតប្រាកដ​របស់​ខ្លួន ហើយ​លោក​នៅ​តែ​មិន​ហ៊ាន​លុក​ស៊ប់​នឹង​ការ​សម្ដែង ។

    លោក​ប្រកាស​ជា​យូរ​មក​ហើយ​ថា ទោះជា​ល្បី​ដោយសារ​ភាពយន្ត ក៏​នៅ​តែ​យក​អាជីព​លើក​សាច់ដុំ​ធ្វើ​ជា​ត្រីមុខ ដើម្បី​ឱ្យ​មាន​ប្រាក់​ចំណូល​ជា​ប្រចាំ និង​ដើម្បី​កុំឱ្យ​មានការ​ពិបាក​នៅ​ពេល​ការងារ​សិល្បៈ​ធ្លាក់ដៃ​។

    លោក​មាន​គម្រោង​ពង្រឹង​អាជីព​បង្វឹក​សិស្ស​ក្នុង​ក្លិប​ខាង​ផ្នែក​ហាត់ប្រាណ​យក​សាច់ដុំ​ឱ្យ​កាន់តែ​ល្អ តែ​សម្រាប់​គម្រោង​បើក​ក្លិប​ខ្លួនឯង​គឺ​មិន​មាន​នោះ​ទេ ដោយសារ​តែ​លោក​យល់​ថា​ទទួល​បង្វឹក​សិស្ស​តាម​សណ្ឋាគារ និង​ក្នុង​ក្លិប ធ្វើ​ឱ្យ​លោក​អាច​ទទួល​ការងារ​បាន​ច្រើន​កន្លែង ហើយ​បាន​ប្រាក់​ចំណូល​ខ្ពស់ ។ ក្នុង​នោះ​លោក​ក៏​ស្គាល់​មនុស្ស​ជាន់ខ្ពស់​ក្នុង​សង្គម​ច្រើន​ឡើង​ផង​ដែរ នៅ​ក្នុង​បរិបទ​ដែល​អ្នកមាន​ៗ និង​តារា​ល្បី​ៗ​ច្រើន​ឡើង​ស្រលាញ់​សុខភាព ហើយ​ងាក​មក​ហាត់ប្រាណ​លើក​សាច់ដុំ និង​ថែ​រាង​ឱ្យ​ស្អាត​ជាមួយ​លោក​នា​ពេល​ចុង​ក្រោយ ។ លោក​ថា លោក​មិនមែន​បង្វឹក​តែ​លើក​សាច់ដុំ​ឱ្យ​ក្លាយជា​អ្នក​លើក​សាច់ដុំ​ដែល​មាន​សាច់ដុំ​រាង​កាយ​ដូច​កង្កែប​នោះ​ទេ ប៉ុន្តែ​លោក​ផ្ដោត​ជា​សំខាន់​លើ​ការ​បង្ហាត់​របៀប​ហាត់ប្រាណ​តាម​បច្ចេកទេស​ឱ្យ​មាន​រាង​ស្អាត និង​មាន​សុខភាព​ល្អជា​ធំ ទើប​លោក​ចេះ​តែ​មាន​អ្នក​ទាក់ទង​ឱ្យទៅ​បង្ហាត់​លើក​សាច់ដុំ​មិនសូវ​ទំនេរ​ក្នុង​មួយ​ថ្ងៃ​ៗ ជា​ពិសេស​គឺ​ក្នុង​ក្លិប​ដែល​មាន​តារា​ៗ និង​អ្នក​ស្រឡាញ់​រាង​កាយ​ចូល​ចិត្ត​ហាត់ប្រាណ ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.