Tuesday, November 26, 2024
spot_img
More

    Latest Posts

    មិនមែន​ក្នុង​ភាព​ជា​តារាចម្រៀង ភិក្ខុ​ ឆោម ប៊ុ​ន​យ៉ុ​ង នឹង​និមន្ត​មក​វិញហើយ

    រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​ហើយ​បាន​បួស​ជា​ព្រះសង្ឃ ភិក្ខុ​ ឆោម ប៊ុ​ន​យ៉ុ​ង នឹង​និមន្ត​មក​ប្រទេស​កម្ពុជា​វិញ ​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ បន្ទាប់​ពី​បាន​ចេញ​ទៅ​ប្រទេស​បារាំង​អស់​រយៈពេល​១​ឆ្នាំ​មកនេះ ។

    លោក ​សុះ ម៉ាច ជា​មិត្តភក្តិ​ជិត​ស្និទ្ធ​បញ្ជាក់​ថា ​ភិក្ខុ​ ឆោម ប៊ុ​ន​យ៉ុ​ង ដែល​បាន​និមន្ត​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ប្រទេស​បារាំង​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ​នោះ​នឹង​វិល​មក​កាន់​មាតុប្រទេស​វិញ​នៅ​ចុងខែ​នេះ ។ ភិក្ខុ​ ឆោម ប៊ុ​ន​យ៉ុ​ង បាន​និមន្ត​ទៅ​កាន់​ប្រទេស​បារាំង​តាម​ការ​និមន្ត​ឲ្យ​ទៅ​សូត្រ​មន្ត​ពី​ជនរួមជាតិ​ខ្មែរ​នៅ​ទៅ​នោះ​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ ហើយ​ព្រះ​អង្គ​បន្ត​ស្នាក់​នៅ​ទីនោះ ដើម្បី​ព្យាបាល​របួស​ដៃ​ដែល​បាក់ ។

    អតីត​តារាចម្រៀង​លោក ​ឆោម ប៊ុ​ន​យ៉ុ​ង បាន​សម្រេច​ចាក​ចេញពី​វិ​ថី​សិល្បៈ​ទៅ​សាង​ផ្នួស​​នៅ​វត្ត​ព្រះ​ធម្ម​លង្កា ស្ថិត​ក្នុង​ខេត្តកំពង់ចាម បន្ទាប់​ពី​បាន​ជួប​រឿងប្រេះឆា​ស្នេហា​ម្តង​ជា​ពីរ​ដង ។

    ភិក្ខុ ​ឆោម ប៊ុ​ន​យ៉ុ​ង សម្រេចចិត្ត​សាង​ផ្នួស​ចំនួន​ពីរ​លើក ដោយ​ដាក់ចិត្ត​ដាក់​កាយ​ក្នុង​ផ្លូវ​ព្រះពុទ្ធ​សាសនា និង​ផ្តាច់​ចេញពី​ពិភព​សិល្បៈ​ទាំងស្រុង ។

    លោក ​សុះ ម៉ាច ធ្លាប់​អះអាង​ថា​ ភិក្ខុ​ ឆោម ប៊ុ​ន​យ៉ុ​ង នៅ​មិន​ទាន់​ច្បាស់​ពី​ការ​លាចាក​សិក្ខាបទ​នៅ​ក្នុងអំឡុងពេល​ណាមួយ​ទេ ដោយសារ​ព្រះ​អង្គ​បាន​ស្ងប់​ជាមួយ​ព្រះធម៌ លុះ​នឹង​ព្រះធម៌ មាន​និស្ស័យ​ខ្លាំង​ជាមួយ​ព្រះធម៌​ទៅ​ហើយ ម្យ៉ាងទៀត​ព្រះ​អង្គ​ចង់​រៀន​ព្រះធម៌​យក​សញ្ញាបត្រ ។

    លោក ​សុះ ម៉ាច បញ្ជាក់​ថា​មូលហេតុ​ដែល​ភិក្ខុ​ ឆោម ប៊ុ​ន​យ៉ុ​ង សម្រេចចិត្ត​សាង​ផ្នួស​ដោយ​សារ​មាន​វិបត្តិ​ផ្លូវចិត្ត ។ ពី​ដំបូង​លោក​គ្រាន់តែ​ជូន​ភិក្ខុ​ ឆោម ប៊ុ​ន​យ៉ុ​ង ទៅ​វត្ត​ដែល​ធ្លាប់​បួស​ពី​មុន ​ដើម្បី​ស្រោច​ទឹក​រំដោះគ្រោះ ប៉ុន្តែ​ស្រាប់តែ​ព្រះ​អង្គ​សម្រេចចិត្ត​សាង​ផ្នួស​តែ​ម្តង ។

    អតីត​តារាចម្រៀង​លោក ​ឆោម ប៊ុ​ន​យ៉ុ​ង មុន​សាង​ផ្នួស​ធ្លាប់​សាង​ស្នេហា​ជាមួយ​តារា​សម្តែង​​ជើង​ចាស់​អ្នក​នាង ​ប៉ែន សុ​ផា​នី ហើយ​បន្ទាប់​ពី​ប្រេះឆា​គ្នា លោក​ក៏​ទៅ​សាង​ផ្នួស​រយៈ​ពេល​២​ឆ្នាំ ។ ក្រោយ​លាចាក​សិក្ខាបទ​វិញ​លោក ​ឆោម ប៊ុ​ន​យ៉ុ​ង និង​អ្នក​នាង ​ប៉ែន សុ​ផា​នី ផ្សះផ្សា​ចំណង​ស្នេហ៍​ជា​ថ្មី តែ​រហូត​ដល់​ចុងឆ្នាំ​២០១០ ​ក៏​ដាច់ដោច​ទៅ​វិញ​ទៀត។

    ក្រោយមក​លោក​ ឆោម ប៊ុ​ន​យ៉ុ​ង បាន​សាង​ស្នេហ៍​ជាមួយ​អ្នក​ម្នាង ​កែវ សោ​ម៉ា វ័យ​៣៧​ឆ្នាំ និង​បាន​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​តាម​ទំនៀមទម្លាប់​ប្រពៃណី​នៅ​ថ្ងៃ​ទី​១៨ សីហា ២០១១ ។ គូ​ស្នេហ៍​នេះ​គ្រោង​រៀប​ការ​នៅ​ខែមេសា ឆ្នាំ​២០១២ ប៉ុន្តែ​ភ្លើង​ស្នេហ៍​រលត់ មុន​ពេល​ពិធី​រៀប​​អាពាហ៍ពិពាហ៍​មក​ដល់ ។

    បន្ទាប់​ពី​ជួប​ស្នេហ៍​មិន​សមប្រកប​ជា​លើក​ទី​ពីរ​នោះ ស្រាប់តែ​លេចមុខ​លោក ​ឆោម ប៊ុ​ន​យ៉ុ​ង ក្នុង​ថ្ងៃ​ដង្ហែ​ព្រះ​បរមសព​ព្រះ​បរម​រតន​កោដ្ឋ​ក្នុង​សភាព​គ្រង​ស្បង់​ចីពរ​ជា​ព្រះសង្ឃ​នៅ​​ក្បែរ​រូបសំណាក​លោកយាយ​ពេញ ។ ចាប់តាំងពី​ពេល​នោះ​មក គេ​មិន​បានឃើញ​មុខ​លោក ​ឆោម ប៊ុ​ន​យ៉ុ​ង លើ​ឆាក​តន្ត្រី​នានា​ទៀត​ទេ ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.