អតីត​តារាចម្រៀងសិចស៊ី អ៊ុំ គន្ធា ​អង្គុយ​លុត​ជង្គង់​​សំពះ

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង​នាង អ៊ុំ គ​ន្ធា ដ៏​ក្រីក្រ​កម្សត់​កន្លង​មក​ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌឫស្សីកែវ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ខណៈពេល​ដែល​សមត្ថកិច្ច​ចម្រុះ​ចុះ​ទៅ​បង្ក្រាប​ទីតាំងល្បែង​ហ្គេ​ម​បាញ់​ត្រី​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ លើ​លូ​ទឹក​ស្អុយ​ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។ ក្រៅពី​នាង អ៊ុំ គ​ន្ធា នៅ​មាន​មនុស្ស​២​នាក់​ទៀត ត្រូវ​បាន​ឃាត់ខ្លួន ។

ប្រតិបត្តិការ​បង្ក្រាប​ទូ​ហ្គេ​ម​នេះ​ដឹកនាំ​ដោយ​លោក ប្រា​ជ សីហា អភិបាលរង​ខណ្ឌ ឫស្សី កែវ និង​មានការ​ចូលរួម​សម្របសម្រួល​ដោយ​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី ។ នៅ​ក្នុង​ប្រតិបត្តិការ​នេះ មនុស្ស​ចំនួន ៣​នាក់ ត្រូវ​បាន​ឃាត់ខ្លួន ក្នុង​នោះ​មាន​ស្រី​២​នាក់​និង​ប្រុស​ម្នាក់ គិត​ទាំង​អតីត​តារាចម្រៀង​នាង អ៊ុំ គ​ន្ធា ត្រូវ​បាន​ឃាត់ខ្លួន​ផង​ដែរ​រួម​ជាមួយ​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២​គ្រឿង​ត្រូវ​បាន​ដកហូត ។ ម្ចាស់ផ្ទះ​បើក​​ហ្គេ​ម​ឈ្មោះ ទិន យូ​ឡុ​ង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ផ្ទះ​បើក​ហ្គេ​ម​នេះ​បាន​ដំណើរការ​ជា​យូរ​មក​ហើយ ដោយ​មាន​លួចលាក់​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ។ នៅ​ពេល​ដែល​សមត្ថកិច្ច​ចុះ​ទៅ​ប​ង្ហ្រា​ប គេ​ឃើញ​អតីត​តារាចម្រៀង​រូប​នោះ​គឺ​អ្នក​នាង អ៊ុំ គ​ន្ធា បាន​រត់​ចុះ​ទៅ​ពួន​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់ក្រោមដី ហើយ​ត្រូវ​បាន​កម្លាំង​កង​រាជ​អា​អាវុធហត្ថ​ចុះ​ទៅ​នាំ​ខ្លួន​រួម​ជាមួយ​មនុស្ស​២​នាក់​ទៀត ។ រឿង​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ ពេល​សមត្ថកិច្ច​នាំ​ចេញ​មក​ក្រៅ គេ​ឃើញ​នាង​អង្គុយ​លុតជង្គង់​សំពះ​ដ៏​គួរ​ឱ្យ​អាណិត​ក្រៃ​លែង មិន​គួរ​ធ្លាក់ខ្លួន​ទៅ​ប្រឡូក​ក្នុង​វង់ល្បែង​ហ្គេ​ម​បែប​នេះ​ទេ ។ ទោះបីជា​យ៉ាងណា គេ​មិនដឹង​ថា​អតីត​តារាចម្រៀង​រូប​នេះ នៅផ្ទះ​ហ្គេ​ម​នោះ​ធ្វើ​អ្វី​ឡើយ តែ​អ្នកខ្លះ​ថា​គាត់​ទៅ​លេង​ហ្គេ​ម ។ ទោះបី​បែប​នេះ​ក្តី តាម​គេហទំព័រ​ខ្លះ​បាន​ផ្សាយ​ថា នាង​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។

ទាក់ទិន​នឹង​ករណី​នេះ​អាជ្ញាធរ​ខណ្ឌ​បាន​ប្រាប់​កោះសន្តិភាព​ថា អតីត​តារាចម្រៀង​នាង អ៊ុំ គ​ន្ធា តាម​មើលទៅ​បាន​ក្លាយទៅជា​មនុស្ស​ដែល​មាន​សតិ​មិន​ប្រក្រតី​ទៅ​ហើយ និង​ហាក់​មាន​ស្មារតី​មិនល្អ​ឡើយ ឆាប់​ភ័យ តក់ស្លុត និង​ស្រែកយំ ដែល​សម​នឹង​អាណិត​មែន ។តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា អតីត​តារាចម្រៀង​ដែល​ធ្លាក់ខ្លួន​លំបាក​វេទនា​រូប​នោះ​បាន​ប្រាប់​ថា គាត់​បាន​មក​រក​ជួល​ផ្ទះ​ស្នាក់​នៅ​ក្បែរ​នោះ ពេល​សមត្ថកិច្ច​មក​ដល់​ក៏​ឃាត់ខ្លួន​តែ​ម្តង ដោយសារ​គាត់​ភ័យ​ក៏​រត់​ទៅ​ពួន​នឹង​គេ​ទៅ ។


អតីត​តារាចម្រៀង​រូប​នេះ​រួម​ទាំង​អ្នកលេង​ហ្គេ​ម​ចំនួន​២​នាក់​ទៀត​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​សាលា​ខណ្ឌឫស្សីកែវ ។ នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​នាង អ៊ុំ គ​ន្ធា ត្រូវ​បាន​រដ្ឋបាល​ខណ្ឌ​ណែនាំ​ឱ្យធ្វើ​កិច្ចសន្យា ព្រមទាំង​បាន​ជួយ​អប់រំ​និង​ដោះ​បាន​លែង​នាង​វិញ​ហើយ ៕