រាជធានីភ្នំពេញ ៖ អតីតតារាចម្រៀងហើយបានបួសជាព្រះសង្ឃ ភិក្ខុ ឆោម ប៊ុនយ៉ុង នឹងនិមន្តមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីបានចេញទៅប្រទេសបារាំងអស់រយៈពេល១ឆ្នាំមកនេះ ។
លោក សុះ ម៉ាច ជាមិត្តភក្តិជិតស្និទ្ធបញ្ជាក់ថា ភិក្ខុ ឆោម ប៊ុនយ៉ុង ដែលបាននិមន្តចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសបារាំងរយៈពេលមួយឆ្នាំមកហើយនោះនឹងវិលមកកាន់មាតុប្រទេសវិញនៅចុងខែនេះ ។ ភិក្ខុ ឆោម ប៊ុនយ៉ុង បាននិមន្តទៅកាន់ប្រទេសបារាំងតាមការនិមន្តឲ្យទៅសូត្រមន្តពីជនរួមជាតិខ្មែរនៅទៅនោះក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ ហើយព្រះអង្គបន្តស្នាក់នៅទីនោះ ដើម្បីព្យាបាលរបួសដៃដែលបាក់ ។
អតីតតារាចម្រៀងលោក ឆោម ប៊ុនយ៉ុង បានសម្រេចចាកចេញពីវិថីសិល្បៈទៅសាងផ្នួសនៅវត្តព្រះធម្មលង្កា ស្ថិតក្នុងខេត្តកំពង់ចាម បន្ទាប់ពីបានជួបរឿងប្រេះឆាស្នេហាម្តងជាពីរដង ។
ភិក្ខុ ឆោម ប៊ុនយ៉ុង សម្រេចចិត្តសាងផ្នួសចំនួនពីរលើក ដោយដាក់ចិត្តដាក់កាយក្នុងផ្លូវព្រះពុទ្ធសាសនា និងផ្តាច់ចេញពីពិភពសិល្បៈទាំងស្រុង ។
លោក សុះ ម៉ាច ធ្លាប់អះអាងថា ភិក្ខុ ឆោម ប៊ុនយ៉ុង នៅមិនទាន់ច្បាស់ពីការលាចាកសិក្ខាបទនៅក្នុងអំឡុងពេលណាមួយទេ ដោយសារព្រះអង្គបានស្ងប់ជាមួយព្រះធម៌ លុះនឹងព្រះធម៌ មាននិស្ស័យខ្លាំងជាមួយព្រះធម៌ទៅហើយ ម្យ៉ាងទៀតព្រះអង្គចង់រៀនព្រះធម៌យកសញ្ញាបត្រ ។
លោក សុះ ម៉ាច បញ្ជាក់ថាមូលហេតុដែលភិក្ខុ ឆោម ប៊ុនយ៉ុង សម្រេចចិត្តសាងផ្នួសដោយសារមានវិបត្តិផ្លូវចិត្ត ។ ពីដំបូងលោកគ្រាន់តែជូនភិក្ខុ ឆោម ប៊ុនយ៉ុង ទៅវត្តដែលធ្លាប់បួសពីមុន ដើម្បីស្រោចទឹករំដោះគ្រោះ ប៉ុន្តែស្រាប់តែព្រះអង្គសម្រេចចិត្តសាងផ្នួសតែម្តង ។
អតីតតារាចម្រៀងលោក ឆោម ប៊ុនយ៉ុង មុនសាងផ្នួសធ្លាប់សាងស្នេហាជាមួយតារាសម្តែងជើងចាស់អ្នកនាង ប៉ែន សុផានី ហើយបន្ទាប់ពីប្រេះឆាគ្នា លោកក៏ទៅសាងផ្នួសរយៈពេល២ឆ្នាំ ។ ក្រោយលាចាកសិក្ខាបទវិញលោក ឆោម ប៊ុនយ៉ុង និងអ្នកនាង ប៉ែន សុផានី ផ្សះផ្សាចំណងស្នេហ៍ជាថ្មី តែរហូតដល់ចុងឆ្នាំ២០១០ ក៏ដាច់ដោចទៅវិញទៀត។
ក្រោយមកលោក ឆោម ប៊ុនយ៉ុង បានសាងស្នេហ៍ជាមួយអ្នកម្នាង កែវ សោម៉ា វ័យ៣៧ឆ្នាំ និងបានធ្វើពិធីភ្ជាប់ពាក្យតាមទំនៀមទម្លាប់ប្រពៃណីនៅថ្ងៃទី១៨ សីហា ២០១១ ។ គូស្នេហ៍នេះគ្រោងរៀបការនៅខែមេសា ឆ្នាំ២០១២ ប៉ុន្តែភ្លើងស្នេហ៍រលត់ មុនពេលពិធីរៀបអាពាហ៍ពិពាហ៍មកដល់ ។
បន្ទាប់ពីជួបស្នេហ៍មិនសមប្រកបជាលើកទីពីរនោះ ស្រាប់តែលេចមុខលោក ឆោម ប៊ុនយ៉ុង ក្នុងថ្ងៃដង្ហែព្រះបរមសពព្រះបរមរតនកោដ្ឋក្នុងសភាពគ្រងស្បង់ចីពរជាព្រះសង្ឃនៅក្បែររូបសំណាកលោកយាយពេញ ។ ចាប់តាំងពីពេលនោះមក គេមិនបានឃើញមុខលោក ឆោម ប៊ុនយ៉ុង លើឆាកតន្ត្រីនានាទៀតទេ ៕