Tuesday, November 26, 2024
spot_img
More

    Latest Posts

    Miss global កម្ពុជា​មាន​ទំនុកចិត្ត​ខ្លួនឯងយកឈ្នះ​ស្រី​ស្អាត​ជិត​៦០​នាក់​ផ្សេង​ទៀត​ទេ?

    រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​បេ​ក្ខ​នារី​ទាំង​៦០​ប្រទេស​នៃ​កម្មវិធី​ប្រកួត «Miss Global International» កញ្ញា​យស ប៉ូ​លី​ណា ជា​បេក្ខភាព​តំណាង​ឱ្យ​ប្រទេស​កម្ពុជា មាន​លក្ខណ​សម្បត្តិ​ទាំង​ចំណេះដឹង​ភាសាបរទេស និង​សម្រស់​ផូរផង់ ។ ទោះជា​យ៉ាងណា​ក្តី​តើ​នារី​កម្ពុជា​រូប​នេះ​មាន​សង្ឃឹម​សម្រាប់​ព្រឹត្តិការណ៍ Miss Global International ដែល​នឹង​ប្រកួត​ដណ្ដើម​មកុដ​នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា ដែរ​ឬទេ ។

    ក្នុង​ជំនួប​សំណេះសំណាល និង​ថតរូប​ជាមួយ​តារា​កម្ពុជា​កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា ២០១៧ កញ្ញា​តំណាង​ឱ្យ Miss Global ពី​ប្រទេស​ដែល​ចូល​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា សុទ្ធតែ​បាន​បង្ហាញ​សម្រស់ និង​ភាពរួស​រាយ​រាក់ទាក់ មុន​ការ​ប្រលង​ចាប់ផ្ដើម ។ បេក្ខភាព នីមួយ​ៗ​​បង្ហាញ​ភាព​ជឿជាក់​ចំពោះ​ជ័យ​លា​ភី​របស់​ខ្លួន​សម្រាប់​ការ​ប្រលង​ដែល​នឹង​ចាប់ផ្ដើម​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។ ដោយឡែក​តែ​បេ​ក្ខ​នារី​របស់​កម្ពុជា ដែល​រស់នៅ និង​ធំធាត់​នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក និយាយ​ថា​នាង​មិនសូវ​មាន​ទំនុកចិត្ត​សម្រាប់​តំណែង​ម្ចាស់​មកុដ​ទេ ថ្វី​ដ្បិត​នាង​គឺជា​បេ​ក្ខ​នារី​តំណាង​ម្ចាស់ផ្ទះ​ក្តី ។

    ដោយ​ការ​ដាក់ខ្លួន​កញ្ញា​យស ប៉ូ​លី​ណា និយាយ​ថា​«​បាន​ត្រឹមតែ​ចូលរួម​ប្រកួត​តំណាង​ឱ្យ​ប្រទេស​កម្ពុជា គឺ​នាង​ខ្ញុំ​មាន​មោទនភាព​ណាស់​ទៅ​ហើយ ។ ប៉ុន្តែ​បើ​ឈាន​ដល់​ការ​កាន់​ពាន គឺ​ពិតជា​ធ្វើ​ឱ្យ​នាង​ខ្ញុំ​កាន់តែ​មាន​ក្ដី​រំភើប​ខ្លាំង​ទៅ​ទៀត ដោយ​នាង​ខ្ញុំ​នឹង​គ្រោង​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​ក្នុង​ក្រសែភ្នែក​អ្នកទេសចរ​ខ្មែរ​នៅ​ក្រៅប្រទេស និង​ជនបរទេស ដើម្បី​ឱ្យ​ផ្ដោត​ការ​ចាប់​អារម្មណ៍​បន្ថែម​ទៀត​ចំពោះ​ប្រទេស​កម្ពុជា ។

    ខ្ញុំ​មិនសូវ​ចេះ​និយាយ​ភាសា​ខ្មែរ​ទេ បើ​ទោះជា​នាង​ខ្ញុំ​មាន​ឪពុក និង​ម្ដាយ​ជា​ជនជាត​ខ្មែរ​ដែល​បាន​ចេញ​ទៅ​រស់នៅ​ក្នុង​ប្រទេស​ថ្មី​នោះ​នៅ​មុន​ថ្ងៃ​រំដោះ​ក្តី តែ​នាង​ខ្ញុំ​បាន​ឈ្វេង​យល់​ពី​វប្បធម៌ និង​អត្តសញ្ញាណ​របស់​ប្រទេស​កំណើត​ច្រើន ទើប​នាង​ខ្ញុំ​ទទួល​បាន​សិទ្ធិ​មក​ប្រឡង​តំណាង​ឱ្យ​បេ​ក្ខ​នារី​កម្ពុជា​នៅ​ក្នុង​ព្រឹត្តិការណ៍ Miss Global International ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​» ។

    នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​បេ​ក្ខ​នារី​សរុប​ទាំងអស់​៦៤​ប្រទេស តែ​ដោយសារ​តែ​មានការ​បោះ​បង់​ចំនួន​៤​ប្រទេស​ទើប​សល់​តែ​៦០ ប្រទេស​។ បេ​ក្ខ​នារី​ទាំងអស់​ចាប់ផ្តើម​មាន​សកម្មភាព​តាំងពី​ដំណាក់កាល​នេះ​តទៅ​រហូត​ដល់​ថ្ងៃ​ទី​១៧ វិច្ឆិកា ដែល​ជា​វគ្គ​ប្រកួត​ផ្ដាច់ព្រ័ត្រ ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា បេ​ក្ខ​នារី​ទាំងអស់​បាន​ចូលរួម​ដាំ​កូន​ឈើ​សម្រាប់​«​បេសកកម្ម​ក្នុង​កិច្ច​គាំពារ​បរិស្ថាន ដោយ​ការយ​កកូន​ឈើ​សរុប​១​ម៉ឺន​ដើម​ទៅ​ដាំ និង​ជួយ​ទ្រទ្រង់​បរិស្ថាន នៅ​ស្រុក​អូរ​រាំង​ឳ ខេត្ត​ត្បូងឃ្មុំ » ដែល​ជា​បេសកកម្ម​លើក​ដំបូង។ នា​ឱកាស​នោះ​ក្រុម​នារី​ស្អាត​បាន​ជួប​ប្រាស្រ័យ​រាក់ទាក់​ជាមួយ​មន្ត្រី​អាជ្ញាធរ អ្នក​ភូមិ ព្រមទាំង ក្មេង​ៗ​។ ពួក​នាង​នឹង​មាន​បេសកកម្ម​បន្តបន្ទាប់​ទៀត​នៅ​លើ​ទឹកដី​កម្ពុជា​ដែល​មាន​កិត្តិយស​រៀបចំ​ការ​ប្រកួត​សម្រស់​នារី​ជា​លក្ខណៈ​អន្តរជាតិ​ជា​លើក​ដំបូង​នេះ។

    មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ដាំ​កូន​ឈើ​នៅ​ខេត្ត​ត្បូងឃ្មុំ​នោះ បេ​ក្ខ​នារី​ទាំង​៦០​នាក់​បាន​​ជួប​សម្តែង​ភាព​ស្និទ្ធស្នាល និង​ថតរូប​អនុស្សាវរីយ៍​ជាមួយ​តារា​កម្ពុជា នៅ​រាជធានី​ភ្នំពេញ ៕

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.