រាជធានីភ្នំពេញ ៖ ក្នុងចំណោមបេក្ខនារីទាំង៦០ប្រទេសនៃកម្មវិធីប្រកួត «Miss Global International» កញ្ញាយស ប៉ូលីណា ជាបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជា មានលក្ខណសម្បត្តិទាំងចំណេះដឹងភាសាបរទេស និងសម្រស់ផូរផង់ ។ ទោះជាយ៉ាងណាក្តីតើនារីកម្ពុជារូបនេះមានសង្ឃឹមសម្រាប់ព្រឹត្តិការណ៍ Miss Global International ដែលនឹងប្រកួតដណ្ដើមមកុដនៅថ្ងៃទី១៧ វិច្ឆិកា ដែរឬទេ ។
ក្នុងជំនួបសំណេះសំណាល និងថតរូបជាមួយតារាកម្ពុជាកាលពីថ្ងៃទី៥ វិច្ឆិកា ២០១៧ កញ្ញាតំណាងឱ្យ Miss Global ពីប្រទេសដែលចូលប្រកួតនៅក្នុងប្រទេសកម្ពុជា សុទ្ធតែបានបង្ហាញសម្រស់ និងភាពរួសរាយរាក់ទាក់ មុនការប្រលងចាប់ផ្ដើម ។ បេក្ខភាព នីមួយៗបង្ហាញភាពជឿជាក់ចំពោះជ័យលាភីរបស់ខ្លួនសម្រាប់ការប្រលងដែលនឹងចាប់ផ្ដើមនៅពេលដ៏ខ្លីខាងមុខនេះ ។ ដោយឡែកតែបេក្ខនារីរបស់កម្ពុជា ដែលរស់នៅ និងធំធាត់នៅរដ្ឋកាលីហ្វ៊័រនីញ៉ា សហរដ្ឋអាមេរិក និយាយថានាងមិនសូវមានទំនុកចិត្តសម្រាប់តំណែងម្ចាស់មកុដទេ ថ្វីដ្បិតនាងគឺជាបេក្ខនារីតំណាងម្ចាស់ផ្ទះក្តី ។
ដោយការដាក់ខ្លួនកញ្ញាយស ប៉ូលីណា និយាយថា«បានត្រឹមតែចូលរួមប្រកួតតំណាងឱ្យប្រទេសកម្ពុជា គឺនាងខ្ញុំមានមោទនភាពណាស់ទៅហើយ ។ ប៉ុន្តែបើឈានដល់ការកាន់ពាន គឺពិតជាធ្វើឱ្យនាងខ្ញុំកាន់តែមានក្ដីរំភើបខ្លាំងទៅទៀត ដោយនាងខ្ញុំនឹងគ្រោងផ្សព្វផ្សាយពីប្រទេសកម្ពុជាឱ្យកាន់តែទូលំទូលាយលើឆាកអន្តរជាតិ ជាពិសេសក្នុងក្រសែភ្នែកអ្នកទេសចរខ្មែរនៅក្រៅប្រទេស និងជនបរទេស ដើម្បីឱ្យផ្ដោតការចាប់អារម្មណ៍បន្ថែមទៀតចំពោះប្រទេសកម្ពុជា ។
ខ្ញុំមិនសូវចេះនិយាយភាសាខ្មែរទេ បើទោះជានាងខ្ញុំមានឪពុក និងម្ដាយជាជនជាតខ្មែរដែលបានចេញទៅរស់នៅក្នុងប្រទេសថ្មីនោះនៅមុនថ្ងៃរំដោះក្តី តែនាងខ្ញុំបានឈ្វេងយល់ពីវប្បធម៌ និងអត្តសញ្ញាណរបស់ប្រទេសកំណើតច្រើន ទើបនាងខ្ញុំទទួលបានសិទ្ធិមកប្រឡងតំណាងឱ្យបេក្ខនារីកម្ពុជានៅក្នុងព្រឹត្តិការណ៍ Miss Global International ដែលរៀបចំឡើងនៅក្នុងប្រទេសកម្ពុជានេះ» ។
នៅក្នុងព្រឹត្តិការណ៍នេះបេក្ខនារីសរុបទាំងអស់៦៤ប្រទេស តែដោយសារតែមានការបោះបង់ចំនួន៤ប្រទេសទើបសល់តែ៦០ ប្រទេស។ បេក្ខនារីទាំងអស់ចាប់ផ្តើមមានសកម្មភាពតាំងពីដំណាក់កាលនេះតទៅរហូតដល់ថ្ងៃទី១៧ វិច្ឆិកា ដែលជាវគ្គប្រកួតផ្ដាច់ព្រ័ត្រ ។ ជាក់ស្តែងកាលពីថ្ងៃទី៦ ខែវិច្ឆិកា បេក្ខនារីទាំងអស់បានចូលរួមដាំកូនឈើសម្រាប់«បេសកកម្មក្នុងកិច្ចគាំពារបរិស្ថាន ដោយការយកកូនឈើសរុប១ម៉ឺនដើមទៅដាំ និងជួយទ្រទ្រង់បរិស្ថាន នៅស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ » ដែលជាបេសកកម្មលើកដំបូង។ នាឱកាសនោះក្រុមនារីស្អាតបានជួបប្រាស្រ័យរាក់ទាក់ជាមួយមន្ត្រីអាជ្ញាធរ អ្នកភូមិ ព្រមទាំង ក្មេងៗ។ ពួកនាងនឹងមានបេសកកម្មបន្តបន្ទាប់ទៀតនៅលើទឹកដីកម្ពុជាដែលមានកិត្តិយសរៀបចំការប្រកួតសម្រស់នារីជាលក្ខណៈអន្តរជាតិជាលើកដំបូងនេះ។
មុនពេលធ្វើដំណើរទៅចូលរួមដាំកូនឈើនៅខេត្តត្បូងឃ្មុំនោះ បេក្ខនារីទាំង៦០នាក់បានជួបសម្តែងភាពស្និទ្ធស្នាល និងថតរូបអនុស្សាវរីយ៍ជាមួយតារាកម្ពុជា នៅរាជធានីភ្នំពេញ ៕