ណាតាយ៉ា រីសតដែលស្ថិតនៅជើងភ្នំបូកគោ ធ្វើដំណើរតាមផ្លូវជាតិលេខ ៣ ពីទីរួមខេត្តកំពតចម្ងាយជាង ១៨ គីឡូម៉ែត្រគឺជាទីកម្សាន្តសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ ជាពិសេសសម្រាប់គូស្នេហ៍ក្នុងការសម្រាកលំហែ សាងភាពរ៉ូមែនទិច ក្នុងបរិយាកាសស្រស់ស្រាយ បរិសុទ្ធ តាមបែបធម្មជាតិពិតៗ។
ការធ្វើដំណើរចាប់តាំងពីផ្លូវចូលទៅកាន់ ណាតាយ៉ា អមទៅដោយ ផ្ទះប្រជាជន ដែលនឹងបង្កើតនូវ អារម្មណ៍ប្លែកម៉្យាងជាមួយនឹងការទស្សនា ទិដ្ឋភាពរស់នៅប្រចាំថ្ងៃ របស់អ្នកស្រុកជនបទ ក៏ដូចជាព្រៃព្រឹក្សាព័ទ្ធជុំវិញ។ រីសតនេះលាតសន្ធឹង លើផ្ទៃដីដ៏ធំល្វឹងល្វើយ ឆ្ងាយដាច់កន្ទុយភ្នែក ជាមួយទេសភាពភ្នំ និងសមុទ្រ បង្កើតបានជារូបភាពដ៏ស្រស់ស្អាត។
នៅតាមដងផ្លូវមានឆ្នេរខ្សាច់តិចៗអមដោយដើមស្រល់ និងដើមដូងដុះជាជួរៗ។ ទីកន្លែងនេះហើយជាទីកន្លែងដ៏ល្អសម្រាប់ការជួបជុំមិត្ដភក្ដិ ពិសាអាហារ គយគន់ទេសភាពថ្ងៃរៀបលិច និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ អមជាមួយសម្លេងរលកទឹកតិចៗ និងសំឡេងខ្យល់បក់រហឹមៗធ្វើឲ្យ រសាយអស់ទុក្ខកង្វល់ពីទីក្រុងអស់រលីង។ ទីនេះក៏មានបម្រើជូននូវសេវាកម្មអាហារពេលល្ងាច ជាមួយមុខម្ហូប និងភេសជ្ជៈយ៉ាងច្រើនសម្បូរបែប ដែលចម្អិនដោយចុងភៅចំណានប្រចាំទីនេះផ្ទាល់។
ណាតាយ៉ាក៏មានជាកន្លែងស្នាក់នៅជាប្រភេទបឹងហ្គាឡួ ផ្ទះមូលដែលបែងចែកជាច្រើនប្រភេទដូចជា Superior Bungalow, Deluxe Garden View, Deluxe Sea View, និង Pavilion Suite ដែលមានបន្ទប់ខ្លះអាចគយគន់ទេសភាពភ្នំ សមុទ្រ សួនច្បារពីខាងក្នុងបន្ទប់បាន។ សម្រាប់តម្លៃមានចាប់ពី 150$ ក៏ដូចជាមាននូវប្រូម៉ូសិនបញ្ចុះតម្លៃពិសេស និងមានការប្រែប្រួលទៅតាមរដូវកាល និងថ្ងៃបុុណ្យផ្សេងៗ។ ចំពោះភ្ញៀវដែលចូលកម្សាន្តចាប់ពីអាយុ១២ឆ្នាំឡើងទៅ តម្រូវអោយទិញសំបុត្រដែលមានតម្លៃ 5$ ដោយសំបុត្រអាចប្ដូរមកទិញជារបស់ញាំុក្នុងរីសតបាន។
នៅក្នុងបរិវេណដ៏ធំទួលាយអាចរៀបចំជាពិធីជប់លៀង ខួបកំណើត ការប្រជុំតូច ធំ និងរៀបចំពិធីផ្សេងៗបានផងដែរ។ ជាមួយអាងហែលទឹកជាប់ជាមួយសមុទ្រសម្រាប់ភ្ថៀវដែលមកស្នាក់នៅ ដែលពោលពេញទៅដោយទេសភាព ដើមដូងយោលតាមកម្លាំងខ្យល់បក់បោក ភ្នំបូកគោក្រោមពន្លឺព្រះអាទិត្យដ៏ ស្រស់បំព្រង កាន់តែពិសេសក្នុងការគយគន់ថ្ងៃរះ និងថ្ងៃលិចពីអាងហែលទឹក។
រីសត ណាតាយ៉ា រ៉ោនហោស ខ៍ររ៉លបេ
ទូរស័ព្ទ៖ 088 402 8944/ 012 902 823/ 016 226 471
ទីតាំង៖ ភូមិព្រែកអំបិល ខេត្ត កំពត
ផែនទី៖ https://goo.gl/maps/QTr3nAARpJR2
វីដេអូ