រាជធានីភ្នំពេញ ៖ តារាខ្មែរមួយចំនួនធ្លាប់បានចាកចេញទៅរស់នៅបរទេស ដោយពីដំបូងហាក់ដូចជាចង់រស់នៅជាអចិន្ត្រៃយ៍ តែគោលបំណងនេះខ្លះបានសម្រេច ខ្លះមិនវិលរស់នៅស្រុកវិញដោយសារមូលហេតុ ផ្សេងៗ ។
បើតាមការរំលឹកពីតារាជើងចាស់ម្នាក់ កាលពីពេល ថ្មីៗកន្លងមកឲ្យដឹងថា តារាមួយចំនួនដែលធ្លាប់ចេញទៅរស់នៅបរទេសមួយរយៈ ហើយត្រឡប់មកស្រុកវិញនោះមានដូចជា អ្នកនាងអឿន ស្រីមុំ អ្នកនាងព្រំ រដ្ឋា តារាកំប្លែងនាយក្រឹម លោកសុវណ្ណ មករា លោកសាន ផានិត លោកពេជ្រ ពន្លឺ និងអតីតពិធីករស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥លោកលាន អាព្រីលគីនីន ជាដើម ។
បើនិយាយពីតារាចម្រៀងដែលមានដើមកំណើតពីខេត្តសៀមរាប អ្នកនាងអឿន ស្រីមុំ បានលែងលះជាស្វាមីដោយស្របច្បាប់ និងបានចេញទៅរស់នៅប្រទេសកាណាដា។
គោលបំណងលើកទីមួយនៃការចង់រស់នៅប្រទេសដ៏ទាន់សម័យមួយនេះរបស់នាងមិនបានសម្រេចឡើយ ប៉ុន្តែគោលបំណងចង់រស់នៅក្រៅប្រទេសពីតារារូបនេះនៅទាន់បានបញ្ចប់ឡើយ ។ នាងបានភ្ជាប់និស្ស័យស្នេហ៍ជាមួយបុរសម្នាក់ជាអាណិកជនខ្មែរនៅបារាំង ជាអ្នកបើកតាក់ស៊ី ហើយបានរស់នៅប្រទេសនោះបានមួយរយៈ ក៏ត្រឡប់មកស្រុកខ្មែរវិញ ដោយសាររស់នៅមិនស្របច្បាប់ ។
អឿន ស្រីមុំ ចុងក្រោយបានវិលមករស់នៅប្រទេសកំណើតវិញ បន្ទាប់ពីបានបែកបាក់ស្វាមីនៅក្នុងប្រទេសបារាំង ក្រោមហេតុផលរស់នៅមិនចុះសម្រុងគ្នា ។
អតីតារាសម្តែង និងពិធីការិនីសំឡេងស្រទន់អ្នកនាងព្រំ រដ្ឋា ធ្លាប់ចេញទៅរស់នៅអាមេរិករយៈពេល៦ឆ្នាំ បន្ទាប់ពីរៀបការកាលពីឆ្នាំ២០០៣ និងមានកូនស្រីម្នាក់ ។ ក្រោយមកបានត្រឡប់មកស្រុកវិញបន្ទាប់ពីបែកបាក់គ្នាដោយសារការរស់នៅមិនចុះសម្រង់ ។
បច្ចុប្បន្នអ្នកនាងព្រំ រដ្ឋា មិនបានរស់នៅឆ្ងាយពីវិស័យសិល្បៈទេ ពោលនាងជាថៅកែផលិតកម្មដែលបានផលិតរឿងភាគចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍នានា ។
កំពូលតារាកំប្លែងជើងចាស់លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម ធ្លាប់ទៅរស់នៅអាមេរិក ពេលដែលលោកបានចេញទៅសម្តែងនៅប្រទេសនោះតាំងពីឆ្នាំ១៩៩២ និង២០០៤។តារាកំប្លែងរូបនេះបានវិលត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ ក្នុងអំឡុងឆ្នាំ២០០៨ ដោយបានចូលប្រឡូកក្នុងវិស័យសិល្បៈសាជាថ្មី ។ មូលហេតុនាំឲ្យតារាកំប្លែងរូបនេះវិលមកកាន់ប្រទេសកម្ពុជាវិញនោះមិនត្រូវបានគេទម្លាយឲ្យដឹងឡើយ ប៉ុន្តែដំបូងនាយក្រឹមបានត្រឡប់មកតែម្នាក់ឯងប៉ុណ្ណោះ ចំណែកប្រពន្ធកូនរបស់នាយបន្តរស់នៅអាមេរិក ។
អតីតតារាសម្តែងលោកសុវណ្ណ មករា ធ្លាប់រស់នៅជាមួយភរិយារបស់លោកនៅប្រទេសហ្វាំងឡង់។ លោកសុវណ្ណ មករា បានវិលកាន់ប្រទេសកម្ពុជាវិញ និងបានចូលរួមថតខ្សែភាពយន្តថ្មីមួយគឺរឿង«ភ្លើងព្យាបាទ»បន្ទាប់ពីលោកបានសម្តែងឲ្យស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥រឿង«កំលោះឡឺកឺ» កាលពីចុងឆ្នាំ២០១០ រួចត្រឡប់ទៅនៅជាមួយភរិយានៅប្រទេសហ្វាំងឡង់វិញ ។ ប៉ុន្តែក្រោយមកតារារូបនេះក៏បានវិលត្រឡប់មករស់នៅប្រទេសកម្ពុជាវិញ ក្រោមពាក្យលេចលឺថា ដោយសារតែលោកបានកាត់ផ្តាច់ចំណងស្នេហាជាមួយភរិយានៅប្រទេសហ្វាំងឡង់ ។
ចំណែកអតីតតារាចម្រៀងលោកលាន អាព្រីលគីនីន វិញ ត្រូវប្រភពអះអាងថា លោកក៏ធ្លាប់ចេញទៅរស់នៅអាមេរិកបានមួយរយៈដែរ ហើយក៏បានវិលត្រឡប់មកវិញ ប៉ុន្តែមិនត្រូវបាននរណាម្នាក់ទម្លាយពីហេតុផលនៃការវិលត្រឡប់ពីអាមេរិកពីតារារូបនេះឡើយ។ បច្ចុប្បន្នលោកលាន អាព្រីលគីនីន មានជំនួញផ្ទាល់ខ្លួន ក្រៅពីអាជីពសិល្បៈ៕