ម្ដាយបញ្ញា សិទ្ធិ អង្វរឧ​ក​ញ៉ាដួង ឆាយ លើក​លែងទោស​ឱ្យ​​កូនប្រុស​

0
640

​កាលពី​យប់​ថ្ងៃ​ទី​១៨ កក្កដា ​នៅ​ក្នុង​វី​ដេ​អូ Live ពី​មន្ទីរពេទ្យ​ថៃ កន្លែង​ដែល​តារា ចម្រៀង លោក​សម្រាក​វះកាត់​ជំងឺ​ដុះសាច់បំពង់ក ម្ដាយ​របស់​តារាចម្រៀង​រូប​នេះ បាន​ប្រកាស​សុំ​ទោស ​ឧក​​ញ៉ា ដួង ឆាយ និង​លោក​ជំទាវ ជា​សាធារណៈ បន្ទាប់​ពី​លោកឧ​ក​ញ៉ា ដួង ឆាយ ប្រតិកម្ម​នៅ​លើ​ហ្វេ​ស
ប៊ុក បន្ទាប់​ពី​លោក​បញ្ញា សិទ្ធិ ឡើង​សម្ភាសន៍​លើ​ប៉ុស្តិ៍​ទូរទស្សន៍​មួយ ហើយ​ត្រូវ​បាន​ភាគី លោកឧ​ក​ញ៉ា ដួង ឆាយ យល់​ថា​ លោក​បកស្រាយ​រឿង​បំណុល​ធ្វើ​ឱ្យ​​ប៉ះពាល់​ ។

ម្ដាយ​របស់​លោក ​បាន​ទទួល​សុំ​ទោស និង​ថា ​ការ​បកស្រាយ​របស់​លោក​បញ្ញា សិទ្ធិ ក្នុង​កិច្ច​សម្ភាសន៍​កម្មវិធី «អា​ថ៍កំ​បាំង​ក្រៅ​ឆាក​តារា» បាន​និយាយ​ប៉ះពាល់​មុខមាត់​របស់​លោកឧក​ញ៉ា ដួង ឆាយ ទើប​អ្នកស្រី​សុំ​ទោស​ជា​សាធារណៈ និង​ស្នើ​អោយ​លោកឧក​ញ៉ា លើកលែងទោស​ដល់​កូនប្រុស ​។

ម្ដាយ​លោក​បញ្ញា សិទ្ធិ បន្ត​ថា​ អ្នកស្រី​មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង ដែល​កូនប្រុស​របស់​ខ្លួន​ផ្ដល់​បទ​សម្ភាសន៍​បកស្រាយ​ពី​ករណី​បំណុល​ ដែល​ពិធីករ​កម្មវិធី​ចោទសួរ ហើយ​មាន​ចម្លើយ​ខ្លះ​បាន​ឆ្លើយ​មិន​សម​រម្យ ទើប​បង្ក​អោយ​លោក​ឧ​ក​ញ៉ា ដួង ឆាយ និង​ភរិយា មិន​សប្បាយចិត្ត ហើយ​ឈាន​ដល់​ការ​បង្ហោះ​ជា​ថ្មី មក​លើ​កូនប្រុស​របស់​អ្នកស្រី​ ។

អ្នកស្រី​ថា ​បំណុល​បាន​សង​ចប់​យូរហើយ ប៉ុន្តែ​បណ្ដាល​មក​ពី​ការ​បកស្រាយ​របស់​កូនប្រុស​មាន​ចំណុច​លើសលស់ ទើប​បង្ក​អោយ​មានរឿង​ជា​ថ្មី​។ ជាមួយនឹង​ការ​ប្រកាស​សុំ​ទោស អ្នកស្រី​ជំនួស​មុខ​អោយ​កូនប្រុស ដែល​ទើប​វះ​ហើយ​និយាយ​មិនកើត​បាន​អះអាង​ថា នឹង​មិន​អោយ​កូនប្រុស​បកស្រាយ​ប៉ះពាល់​ជុំវិញ​បំណុល​ដែល​ចប់​សព្វគ្រប់​នោះ​ទៀត​ទេ ដើម្បី​កុំអោយ​មានរឿង​ប៉ះពាល់​គ្នា​ទៅ​វិញ​ទៅ​មក​។

ជាមួយនឹង​ការ​ប្រកាស​សុំ​ទោស លោក​បញ្ញា សិទ្ធិ ​ក៏បាន​បង្ហោះ​សំ​ណេ​រ​ផ្ញើ​ជូន​ដល់​លោកឧ​ក​ញ៉ា ដួង ឆាយ និង​ភរិយា​ផង​ដែរ ដើម្បី​អោយ​ដឹង​ដល់​ម្ចាស់ខ្លួន អោយ​លោក​ឧ​ក​ញ៉ា ដួង ឆាយ បញ្ចប់​ការ​ខឹងសម្បារ​។

លោក បញ្ញា សិទ្ធិ បាន​សរសេរ​តប​តាម​ឆាត​ពី​ប្រទេស​ថៃ​មក​ថា លោក​បាន​សងបំណុល​លោក​ឧ​ក​ញ៉ា ដួង ឆាយ តាំងពី​ត្រលប់​មក​ពី​ប្រទេស​អូស្ត្រាលី​មកម្លេ៉ះ ប៉ុន្តែ​ករណី​ដែល​បាន​ផ្ទុះ​ឡើងជា​ថ្មី គឺ​ដោយសារ​តែ​លោក​បាន​ផ្ដល់​សម្ភាសន៍​អោយ​កម្មវិធី​មួយ ហើយ​ត្រូវ​បាន​លោក​ឧ​ក​ញ៉ា ដួង ឆាយ ប្រតិកម្ម​ថា​ និយាយ​យក​ល្អ​តែ​ខ្លួនឯង ទើប​បណ្ដាល​អោយ​លោក​ឧក​ញ៉ា ដួង ឆាយ បង្ហោះ​ហែកហួរ​ពី​ករណី​បំណុល​ដែល​ចប់​អស់​យូរហើយ​នោះ​ជា​ថ្មី​។ (សម្រួលដោយ៖ ស្រីណា​)