កាលពីយប់ថ្ងៃទី១៨ កក្កដា នៅក្នុងវីដេអូ Live ពីមន្ទីរពេទ្យថៃ កន្លែងដែលតារា ចម្រៀង លោកសម្រាកវះកាត់ជំងឺដុះសាច់បំពង់ក ម្ដាយរបស់តារាចម្រៀងរូបនេះ បានប្រកាសសុំទោស ឧកញ៉ា ដួង ឆាយ និងលោកជំទាវ ជាសាធារណៈ បន្ទាប់ពីលោកឧកញ៉ា ដួង ឆាយ ប្រតិកម្មនៅលើហ្វេស
ប៊ុក បន្ទាប់ពីលោកបញ្ញា សិទ្ធិ ឡើងសម្ភាសន៍លើប៉ុស្តិ៍ទូរទស្សន៍មួយ ហើយត្រូវបានភាគី លោកឧកញ៉ា ដួង ឆាយ យល់ថា លោកបកស្រាយរឿងបំណុលធ្វើឱ្យប៉ះពាល់ ។

ម្ដាយរបស់លោក បានទទួលសុំទោស និងថា ការបកស្រាយរបស់លោកបញ្ញា សិទ្ធិ ក្នុងកិច្ចសម្ភាសន៍កម្មវិធី «អាថ៍កំបាំងក្រៅឆាកតារា» បាននិយាយប៉ះពាល់មុខមាត់របស់លោកឧកញ៉ា ដួង ឆាយ ទើបអ្នកស្រីសុំទោសជាសាធារណៈ និងស្នើអោយលោកឧកញ៉ា លើកលែងទោសដល់កូនប្រុស ។
ម្ដាយលោកបញ្ញា សិទ្ធិ បន្តថា អ្នកស្រីមានការសោកស្ដាយយ៉ាងខ្លាំង ដែលកូនប្រុសរបស់ខ្លួនផ្ដល់បទសម្ភាសន៍បកស្រាយពីករណីបំណុល ដែលពិធីករកម្មវិធីចោទសួរ ហើយមានចម្លើយខ្លះបានឆ្លើយមិនសមរម្យ ទើបបង្កអោយលោកឧកញ៉ា ដួង ឆាយ និងភរិយា មិនសប្បាយចិត្ត ហើយឈានដល់ការបង្ហោះជាថ្មី មកលើកូនប្រុសរបស់អ្នកស្រី ។
អ្នកស្រីថា បំណុលបានសងចប់យូរហើយ ប៉ុន្តែបណ្ដាលមកពីការបកស្រាយរបស់កូនប្រុសមានចំណុចលើសលស់ ទើបបង្កអោយមានរឿងជាថ្មី។ ជាមួយនឹងការប្រកាសសុំទោស អ្នកស្រីជំនួសមុខអោយកូនប្រុស ដែលទើបវះហើយនិយាយមិនកើតបានអះអាងថា នឹងមិនអោយកូនប្រុសបកស្រាយប៉ះពាល់ជុំវិញបំណុលដែលចប់សព្វគ្រប់នោះទៀតទេ ដើម្បីកុំអោយមានរឿងប៉ះពាល់គ្នាទៅវិញទៅមក។
ជាមួយនឹងការប្រកាសសុំទោស លោកបញ្ញា សិទ្ធិ ក៏បានបង្ហោះសំណេរផ្ញើជូនដល់លោកឧកញ៉ា ដួង ឆាយ និងភរិយាផងដែរ ដើម្បីអោយដឹងដល់ម្ចាស់ខ្លួន អោយលោកឧកញ៉ា ដួង ឆាយ បញ្ចប់ការខឹងសម្បារ។


លោក បញ្ញា សិទ្ធិ បានសរសេរតបតាមឆាតពីប្រទេសថៃមកថា លោកបានសងបំណុលលោកឧកញ៉ា ដួង ឆាយ តាំងពីត្រលប់មកពីប្រទេសអូស្ត្រាលីមកម្លេ៉ះ ប៉ុន្តែករណីដែលបានផ្ទុះឡើងជាថ្មី គឺដោយសារតែលោកបានផ្ដល់សម្ភាសន៍អោយកម្មវិធីមួយ ហើយត្រូវបានលោកឧកញ៉ា ដួង ឆាយ ប្រតិកម្មថា និយាយយកល្អតែខ្លួនឯង ទើបបណ្ដាលអោយលោកឧកញ៉ា ដួង ឆាយ បង្ហោះហែកហួរពីករណីបំណុលដែលចប់អស់យូរហើយនោះជាថ្មី។ (សម្រួលដោយ៖ ស្រីណា)