ប្រទេសចិន ៖ តារាសម្តែងហុងកុងជើងចាស់ដ៏ល្បីមួយរូប គឺលោក ស៊ីម៉ូន យ៉ាម៉ាតវ៉ូ (Simon Yam Tat-wah) ត្រូវបានជនអនាមិកមួយរូបវាយប្រហារ ដោយចាក់ជាច្រើនកាំបិតត្រង់ពោះ និងដៃ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រមាណ១០ព្រឹក ខណៈដែលតារាសម្តែងប្រុសរូបនេះកំពុងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍សម្ពោធហាងលក់សម្ភារៈមួយនៅខេត្ត Guangdong ភាគខាងត្បូងនៃប្រទេសចិន ។ នេះបើយោងតាមការចុះផ្សាយរបស់ភ្នាក់ងារ South China Morning Post។
ភ្លាមៗបន្ទាប់ពីការវាយប្រហារដោយការចាក់ត្រូវពោះ និងដៃ តារាសម្តែងរូបនេះ ត្រូវបានគេជួយសង្គ្រោះនិងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ ប្រភពដដែលបានឲ្យដឹងថា តារាសម្តែង លោក Simon Yam Tat-wah វ័យ៦៤ឆ្នាំ បានវិលត្រឡប់មកក្រុងហុងកុងវិញ បន្ទាប់ពីរងនូវការវាយប្រហារគួរឲ្យរន្ធត់មួយនោះ ។
សូមបញ្ជាក់ថា លោក Simon Yam Tat-wah គឺជាភ្ញៀវកិត្តិយសម្នាក់នៅឯព្រឹត្តិការណ៍នៃការសម្ភោធហាងមួយរបស់ក្រុមហ៊ុន Beijing Easyhome នៅក្នុងទីក្រុង Zhongshan ខេត្តក្វាងទុង ប្រទេសចិន ជាទីកន្លែងដែលលោកត្រូវបានអ្នកវាយប្រហារដោយបុរសអនាមិកម្នាក់ ដែលបានរត់ឡើងលើឆាកនិងចាក់តារាសម្តែងជាច្រើនកាំបិតនោះ ។ មុននឹងរងនូវការវាយប្រហារនេះ គឺលោក Simon Yam Tat-wah បាននិយាយឆ្លងឆ្លើយជាមួយនឹងពិធីការិនី និងឱ្យភ្ញៀវដែលបានចូលរួមឡើងមកវេទិកាដើម្បីមកទទួលរង្វាន់ ភ្លាមៗនោះ ក៏មានបុរសម្នាក់ស្លៀកខោខូវប៊យ និងពាក់អាវវាលក្លៀក ឡើងមកចាក់លោកជាច្រើនកាំបិត នៅត្រង់ពោះ នៅចំពោះហ្វូងមហាជន និងអ្នកគាំទ្រជាច្រើនរូប ។
អ្នកគ្រប់គ្រងរបស់គាត់បាននិយាយថា ការវះកាត់ដើម្បីព្យាបាលមុខរបួសកាំបិត នៅត្រង់ពោរបស់តារាសម្តែងប្រុសរូបនេះ គឺបានជោគជ័យ។
ប៉ូលិសក្រុង Zhongshan កាលពីល្ងាចថ្ងៃសៅរ៍ម្សិលម៉ិញ បានកំណត់អត្តសញ្ញាណជនសង្ស័យជាអ្នករស់នៅក្នុងតំបន់ដែលមានឈ្មោះថា Chen អាយុ៥៣ឆ្នាំ ដែលគេបានអះអាងថា ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺវិកលចរិត (schizophrenia) ។
យ៉ាងណាមិញ ជនដៃដល់ត្រូវបានឃុំខ្លួននៅកន្លែងកើតហេតុ។ សេចក្តីថ្លែងការណ៍បាននិយាយថា កាំបិតផ្លែចិតឈើមួយត្រូវបានប្រើជាអាវុធវាយប្រហារទៅលើកំពូលតារាសម្តែងរូបនេះ ដែលបានបណ្តាលឲ្យរូបលោក រងរបួសលើពោះប្រវែង ២ សង់ទីម៉េត្រ និងជម្រៅប្រមាណ ៣ សង់ទីម៉ែត្រទៅក្នុងពោះរបស់គាត់និងមានការរងរបសួសលើដៃរបស់លោកផងដែរ។
ក្រុមហ៊ុនគ្រប់គ្រងរបស់លោក គឺ Emperor Entertainment Group បាននិយាយមុននេះថា Yam បានធ្វើការវះកាត់នៅមន្ទីរពេទ្យ Zhongshan ហើយបានគ្រាន់បើឡើងវិញហើយ។
ក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្តែងរូបនេះបាននិយាយថា «មុខរបួសកាំបិតនៅតំបន់ពោះរបស់គាត់ បណ្តាលឱ្យខូចខាតតិចតួចដល់សរីរាង្គខាងក្នុងរបស់គាត់ដែលត្រូវបានទទួលការព្យាបាល ។ ការរងរបួសនៅដៃស្តាំរបស់គាត់ក៏ត្រូវបានគេព្យាបាលផងដែរ។ គាត់កំពុងសម្រាកហើយស្ថិតក្នុងស្ថានភាពមានស្ថេរភាពល្អ »។
បើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិសកាលពីពេលថ្មីៗនេះបានឱ្យដឹងថា Yam ត្រូវបានបុរសម្នាក់ចាក់ជាច្រើនកាំបិត កាលពីម៉ោង ១០ ព្រឹកកាលពីថ្ងៃសៅរ៍ម្សិលម៉ិញ ខណៈដែលចូលរួមក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយមួយនៅក្នុងស្រុក Huoju ខេត្ត Zhongshan ។ នៅក្នុងខ្សែវីដេអូដែលបង្ហោះនៅលើវេបសាយ Weibo របស់ប្រទេសចិន តារាសម្តែងរូបនេះកំពុងនិយាយទៅកាន់អ្នកទទួលខុសត្រូវនៃព្រឹត្តិការណ៍នេះ និងប្រគល់អំណោយដល់ភ្ញៀវផ្សេងៗនៅពេលពួកគេត្រូវបានគេហៅទៅកាន់ឆាក។ ប៉ុន្តែខណៈពេលដែលលោក Yam បានឱបដៃរបស់គាត់ដើម្បីស្វាគមន៍បុរសម្នាក់ស្លៀកពាក់ខោអាវខ្មៅងងឹតនិងខោខូវប៊យ អ្នកវាយប្រហារបានទាញកាំបិតចាក់គាត់ជាច្រើនសារទៅលើពោះរបស់តារាសម្តែង។
ការវាយប្រហារនេះនៅតែបន្តមានរយៈពេលជាច្រើនវិនាទី ខណៈពេលដែលសន្តិសុខ និងអ្នកឈរមើលប្រញាប់ប្រញាល់ទៅធ្វើអន្តរាគមន៍។ បន្ទាប់ពីការវាយប្រហារបុរសនោះត្រូវគេបង្ក្រាប និងត្រូវបាននាំទៅម្ខាង។ វីដេអូដែលបានបង្ហោះលើបណ្តាញសង្គមចិន បានបង្ហាញថា លោក Yam ត្រូវបានការឈឺចាប់យ៉ាងខ្លាំងដោយសារតែការវាយប្រហារនេះ ហើយគេអាចឃើញគាត់យកដៃរបស់គាត់ខ្ទប់លើពោះរបស់គាត់ដែលត្រូវរងរបួសនោះ ។
នៅក្នុងវីដេអូដាច់ដោយឡែកមួយទៀតដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមផងដែរ តារាសម្តែងរូបនេះអាចត្រូវបានគេលឺនិយាយទៅកាន់មិត្តរួមការងារថា «ទៅមន្ទីរពេទ្យ … ទៅមន្ទីរពេទ្យ» ។ ប្រភពព័ត៌មានបានឲ្យដឹងផងដែរថា ទោះបីជាត្រូវរងការវាយប្រហារក៏ពិតមែន តែលោក Yam មិនដែលបាត់បង់ស្មារតីនោះទេ ប៉ុន្តែឧបទ្ទវហេតុនេះបានធ្វើឱ្យមានការព្រួយបារម្ភ និងភ័យស្លន់ស្លោដល់មនុស្សផ្សេងៗដែលបានឃើញនូវការវាយប្រហារនេះ ។ ក្រុមហ៊ុនគ្រប់គ្រងរបស់ Yam បានថ្កោលទោសការវាយប្រហារនេះហើយបាននិយាយថា ខ្លួននឹងចាត់វិធានតាមផ្លូវច្បាប់ប្រឆាំងនឹងជនល្មើស។
គួរបញ្ជាក់ថា កំពូលតារាសម្តែងរូបនេះ គឺធ្លាប់បានចូលរួមសម្តែងក្នុងខ្សែភាពយន្តដ៏ល្បីល្បាញជាច្រើន ជាពិសេសក្នុងតួអង្គឈ្មោះ Chen Lo នៅក្នុងខ្សែភាពយន្តហូលីវូដឆ្នាំ 2003 ដែលមានចំណងជើងថា Lara Croft: Tomb Raider – The Cradle of Life ។ ជាពិសេសទស្សនិកខ្មែរបានស្គាល់លោកច្បាស់ក្នុងតួអង្គជាច្រើនដែលបានចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក និងទូរទស្សន៍ខ្សែកាបិ៍ផង
ដែរ ៕ (កែសម្រួលដោយ ៖ បុប្ផា) (ប្រភពវីដេអូ ៖ The Star Online)