ហង្ស​មាស​ត្រូវ​បាន​ចោទ​ថា លួច​ស្នាដៃ​ទាំង​ភ្នែក​ស្រស់

0
553

រាជធានី​ភ្នំពេញ​៖ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ផលិតកម្ម​រស្មី​ហង្ស​មាស​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​មាន​ចំណងជើង​ថា «​ប្រហុក​ផ្អក​» ដែល​ជា​បទ​ចម្រៀង​ថ្មី​របស់​លោក​ខេមរៈ សិរីមន្ដ ក៏​ប៉ុន្ដែ​បទ​នេះ​ត្រូវ​អ្នកនិពន្ធ​ភ្លេង​លោក ជេន រូ​ហ្វើ អះអាង​ថា ហង្ស​មាស​បាន​លួច​ស្នាដៃ​របស់​ខ្លួន​ទាំងស្រុង និង​ចេញ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ។

លោក​ជេន រូ​ហ្វើ ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​តារាចម្រៀង និង​ជា​អ្នកនិពន្ធ​បទ​ភ្លេង​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា បទ​«​ប្រហុក​ផ្អក​» ដំបូង​លោក​បាន​ជួប និង​ត្រូវ​លោក​ជួន សុ​ជា ទាក់ទង​ឱ្យ​និពន្ធ​បទ​ភ្លេង​មួយ​នេះ​នៅ​អំឡុង​ចុងឆ្នាំ​២០១៨ ដោយ​មានការ​ចរចា​ថា នឹង​ធ្វើ​បទ​ចម្រៀង​ជាមួយ​គ្នា ។

លោក​បាន​ព្រមព្រៀង​ជា​មួយ​លោក​ជួន សុ​ជា ដែល​ជា​អ្នក​ទាក់ទង​ទិញ​បទ ក្នុង​ការងារ​មួយ​មាន​លក្ខ​ខណ្ឌ​ពេញលេញ ពោល​គឺ​តម្រូវ​ឱ្យធ្វើ​បទ​និពន្ធ​ថ្មី​ទាំងស្រុង និង​ថត​សំឡេង​តារាចម្រៀង​នៅ​ក្នុង​ស្ទូ​ឌី​យោ​របស់​លោក ព្រមទាំង​បញ្ជាក់​ឈ្មោះ​អ្នកនិពន្ធ​បទ​ភ្លេង​ផង​ដែរ ។ ការ​ចរចា​មិន​ទាន់​បាន​ត្រូវរ៉ូវ និង​ស្រេច​បាច់​ផង ស្រាប់តែ​បទ​ចម្រៀង​មួយ​នេះ​ត្រូវ​បាន​ផលិតកម្ម​ហង្ស​មាស​បញ្ចេញ​នៅ​ទីផ្សារ​ទៅ​ហើយ ។

លោក​ជេន រូ​ហ្វើ អះអាង​ថា បទ​នេះ​ជា​បទ​ដែល​លោក​បាន​បង្កើត​ឡើង ហើយ​បាន​ដាក់​ក្នុង​ការ​ចរចា​ជាមួយ​លោក​ជួន សុ​ជា តែ​បែរជា​អ្នកទិញ​បទ​ចម្រៀង​មួយ​នេះ​មិន​ទាន់​មានការ​ព្រមព្រៀង​ច្បាស់ការ និង​មិន​បាន​ទាក់ទង​មក​វិញ​អស់​រយៈពេល​យូរ ហើយ​ក៏​ស្រាប់តែ​ឃើញ​បទ​ចម្រៀង​នេះ​ចេញ​ដោយ​ផលិតកម្ម​រស្មី​ហង្ស​មាស ទាំង​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​ម្ចាស់​ស្នាដៃ​ពិតប្រាកដ ។

លោក​ជេន រូ​ហ្វើ បញ្ជាក់​ថា «​នេះ​ជា​ការ​លួច​ស្នាដៃ​ទាំងស្រុង​របស់ខ្ញុំ ហើយ​ខាង​ផលិតកម្ម​រស្មី​ហង្ស​មាស បាន​ដាក់​ឈ្មោះ​និពន្ធ​បទ​ភ្លេង​ជា​មនុស្ស​ផ្សេង​ទៀត ដែល​នេះ​ត្រូវ​ចាត់​ទុក​ថា មិន​ឱ្យ​តម្លៃ​អ្នកនិពន្ធ​ទាំង​នៅ​មានជីវិត​តែ​ម្ដង ។

បទ​ចម្រៀង​មួយ​នេះ​គឺ​ត្រូវ​បាន​លួច និង​គ្មាន​បាន​ចំណាយ​ប្រាក់​អ្វី​សូ​ម្បី​តែ​បន្ដិច​ឱ្យ​ខ្ញុំ​នោះ​ទេ ។ សូម​ផលិតកម្ម​រស្មី​ហង្ស​មាស លុប​បទ​ចម្រៀង​នេះ​ជា​បន្ទាន់ ព្រោះថា​បទ​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ខាង​ហង្ស​មាស​នោះ​ទេ »​។

បើ​តាម​លោក​ជេន រូ​ហ្វើ បញ្ជាក់​ថា បទ​នេះ​ត្រូវ​លោក ជួន សុ​ជា ប្រាប់​លោក​ថា រៀបចំ​និង​បាន​លក់​សិទ្ធិ​ទៅ​ឱ្យ​ខាង​ផលិតកម្ម​ថោ​ន​រួចរាល់​ជា​ស្រេច​អស់​ទៅ​ហើយ ។ លោក​ចាត់​ទុក​ថា ផលិតកម្ម​រស្មី​ហង្ស​មាស គ្មាន​ការ​ចរចា​ច្បាស់លាស់ និង​មិន​បានឱ្យ​តម្លៃ​អ្នកនិពន្ធ​បទ​ភ្លេង​មួយ​នេះ ដោយ​លួច​ស្នាដៃ​របស់​លោក​ទៅ​ធ្វើ​ជា​បទ​ខ្លួនឯង​ទាំងស្រុង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)