រាជធានីភ្នំពេញ ៖ បើទោះបីជាដឹងថា ការជួលសម្តែងល្ខោនម្តងៗហាក់មានតម្លៃថ្លៃ ប៉ុន្តែប្រសិនបើយើងបានដឹងពីការបែងចែកសម្រាប់វង់ល្ខោនទាំងមូលនោះ គឺមិនជាបានច្រើនដូចទៅនឹងតម្លៃជួលនោះឡើយ។ ពួកគេម្នាក់ៗអាចទទួលបានតម្លៃឈ្នួលថោក ឬថ្លៃ គឺអាស្រ័យទៅលើការហ៊ានជួលពីម្ចាស់ដើមបុណ្យ ខណៈពេលដែលតម្លៃក៏មានការឡើងចុះទៅតាមទីតំបន់ជិត ឬឆ្ងាយផងដែរ។
លោក អុល សំអាង ប្រធានក្រុមវង់ល្ខោន អុល សំអាង រាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ក្រុមរបស់លោក គឺមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើង ដោយបច្ចុប្បន្នតម្លៃនៃការជួល គឺមានភាពខុសគ្នាច្រើនកាលពីឆ្នាំកន្លងទៅ។ លោកបញ្ជាក់ថា វង់ល្ខោនរបស់លោកសម្រាប់អ្នកកាន់ភ្លេងដូចជា ទ្រអ៊ូ ទ្រសោ គឺមានតម្លៃខ្លួន៤០ដុល្លារ ចំណែកតួឯកស្រីក៏មានតម្លៃ៤០ដុល្លារដែរ តួយក្សក៏បាន៤០ដុល្លារ តួត្លុកដែលមានគ្នាមួយនាក់ គឺបាន៣០ដុល្លារក្នុងម្នាក់ ខណៈពេលតួភីលាង និងអ្នករៀបចំឆាកទទួលបានម្នាក់បាន២០ដុល្លារ។
លោកបន្ថែមថា ចំពោះតម្លៃនៃការជួលល្ខោនរបស់លោក គឺមិនមានការកំណត់បានឡើយ ពោលគឺប្រែប្រួលទៅតាមតំបន់ និងការឲ្យតម្លៃពីម្ចាស់សាម៉ីដែលជាអ្នកជួល ហើយបើយើងជួលបានថ្លៃនោះ តួសម្តែងមួយចំនួនក៏ទទួលបានតម្លៃថ្លៃផងដែរ។
យ៉ាងណាក៏ដោយ បើតាមលោក អុល សំអាង ក្រុមរបស់លោកមានការកើនឡើងនៃតម្លៃជារៀងរាល់ឆ្នាំ ដោយសារតែលោកមានការអភិវឌ្ឍក្រុមបានល្អ ហើយតម្លៃនោះទៀតសោតក៏បានសម្រួលដល់ជីវភាពរស់នៅរបស់តួ និងក្រុមការងាររបស់លោកបានធូរស្បើយមួយកម្រិតផងដែរ។
លោក អុល សំអាង បានឲ្យដឹងទៀតថា ប្រសិនបើក្រុមល្ខោនផ្សេងៗចង់ឲ្យខ្លួនមានទីផ្សារខ្ពស់នោះ គឺគួរធ្វើយ៉ាងណាថែរក្សាតម្លៃរបស់ខ្លួន ដើម្បីប្រកួតប្រជែង ក៏ដូចជាឲ្យមានតម្លៃទៅលើតួសម្តែងនីមួយៗ ចៀសវាងការជ្រែតម្លៃគ្នា ។ បើតាមលោកអុល សំអាង ថា «សិល្បៈល្ខោនបាសាក់ ប្រសិនបើចង់ឲ្យមានការគាំទ្រ និងរីកចម្រើន គឺយើងត្រូវតែអភិវឌ្ឍក្រុមរបស់ខ្លួនឲ្យបានល្អប្រសើរជាមុនសិន ជាពិសេសការជ្រើសរើសតួដែលមានជំនាញ និងទេពកោសល្យពិតប្រាកដ ។
លោកបញ្ជាក់ថា ចំពោះបញ្ហាតម្លៃនៃការសម្តែងល្ខោនបាសាក់នេះ គឺយើងមិនបានបង្កើនតម្លៃឲ្យខ្ពស់ហួសហេតុពេកទេ ពោលគឺយើងកំណត់តម្លៃមួយដែលអាចទទួលយកបាន និងមានការយោគយល់ច្រើនផងដែរ ចំពោះអតិថិជនដែលមានការជួលច្រើនដង ។ លោកបន្ថែមថា យ៉ាងណាមិញ ប្រសិនបើយើងទទួលបានកម្រៃពីការជួលបានសមរម្យនោះ គឺយើងអាចធ្វើការបែងចែកឲ្យសិល្បករបានរស់ចិញ្ចឹមជីវិតបានសមរម្យ ។
ប៉ុន្តែបើយើងទទួលតម្លៃបានតិចពេកនោះ យើងក៏បែងចែកទៅអ្នកសម្តែងបានតិចតួច គឺបើគិតទៅគ្រាន់តែចំណាយការធ្វើដំណើរ ហូបចុកនោះ គឺសឹងមិនគ្រប់ផង ដែលកត្តានេះ ក៏បានជះឥទ្ធិពលអាក្រក់ និងបំបាក់ទឹកចិត្តដល់អ្នកសិល្បៈផងដែរ៕ (កែសម្រួលដោយ ៖ បុប្ផា)