រាជធានីភ្នំពេញ៖តារាចម្រៀងម៉េង កែវពេជ្ជតា អ្នកគាំទ្រតែងកត់សម្គាល់ឃើញថានាងសរសេរបានក្បោះក្បាយ និងមានអត្ថន័យល្អ នៅពេលចង់ឆ្លុះបញ្ចាំងពីរឿងអ្វីមួយនោះ ។ ចុងក្រោយនេះនាងបានបញ្ចេញគំនិត ល្អៗមួយចំនួនបើចង់បានសង្គមមួយដែលកាន់តែរីកចម្រើន ស្អាតស្អំ និងថ្លៃថ្នូរនោះ ។
នៅលើផេកហ្វេសប៊ុករបស់ខ្លួន កាលពី ពេល ថ្មីៗនេះ តារាចម្រៀងមនោសញ្ចេតនាម៉េង កែវពេជ្ជតា បានសរសេរបង្ហាញពីគំនិតយល់ឃើញរបស់នាង ក្នុងបំណងល្អមួយ គឺបើចង់ឲ្យសង្គមជាតិរបស់យើងរីកចម្រើន ស្អាតស្អំ និងថ្លៃថ្នូរ គឺយើងត្រូវ ៖
- រួមគ្នាបំបាត់ភាពអសកម្មក្នុងសង្គម ( អំពើខុសច្បាប់ ) ។
- រួមគ្នាកម្ចាត់ទម្លាប់អាក្រក់ (វប្បធម៌ក្តិចត្រួយ ; លាបពណ៌ តែស្ករ និងកង្វះពិចារណា) ។
- មានកតញ្ញូចំពោះមាតាបិតា គ្រូបាអាចារ្យ និងអ្នកដែលបានជួយយើង ។
- មានសុជីវធម៌ សីលធម៌ក្នុងការនិយាយស្តី គោរពចាស់ទំរៀមច្បង ។
- រក្សាសីលធម៌បុរស ស្ត្រី ;ការប្រាស្រ័យទាក់ទងជាផ្លូវការ ឬលេងសើចមិនគួរប្រាសចាកពីសីលធម៌ ប្រពៃណី ។
- បង្កើនចំណេះដឹង ការអប់រំឲ្យបានទូលំទូលាយ ។
- រក្សាធនធានមនុស្ស ល្អៗទាំងជំនាន់ចាស់ និងជំនាន់ថ្មី ។
- ហាត់ពត់លត់ដំចិត្តកាយប្រកបដោយក្រមសីលធម៌ សុជីវធម៌ និងរបៀបរបបប្រូត្រកូលតាំងពីវ័យកុមារ ។
- សាមគ្គីរឹងមាំ និងចេះអត់ឱនអធ្យាស្រ័យរវាងគ្នា និងគ្នាដោយកាន់ចិត្តត្រជាក់បើជួបបញ្ហាអ្វីមួយ … ។
នៅមានចំណុចជាច្រើនទៀតដែលទាំងអស់គ្នាគួរតែឈ្វេងយល់ ។ - អ្នកខ្លះចូលចិត្តស្រែកដៀលជេរសង្គម តែភ្លេចគិតថាដូចដៀលខ្លួនឯងព្រោះខ្លួនឯងជាកោសិកាសង្គម បើសង្គមល្អ ឬអាក្រក់ ក៏ដោយសារតែការប្រព្រឹត្តរបស់ខ្លួនឯងហ្នឹងដែរ មិនចាំបាច់បន្ទោសនរណាទេ ៕ (កែសម្រួលដោយ ៖ បុប្ផា)