កូនពៅកូនបងណាខ្លះមិនទាន់ចេះស្លរសម្លការី ម៉ោះ មករៀនធ្វើទាំងអស់គ្នា

របៀបស្លរសម្លការី

0
1131

សម្លការី អាចនិយាយបានថាជាមុខម្ហូបដែលមានគ្រឿងផ្សំច្រើន ពិបាកក្នុងការធ្វើ ប៉ុន្តែរសជាតិនៃម្ហូបមួយមុខនេះគឺឆ្ងាញ់មិនធម្មតាទេ ថ្វីត្បិតតែពិបាកក្នុងការស្លរបន្តិចមែន។ តោះ កុំខ្វល់រឿងពិបាក សំខាន់អ្វីក៏ដោយអោយតែឆ្ងាញ់ត្រូវតែរៀនធ្វើអោយចេះ ដើម្បីធ្វើអោយម៉ាក់ប៉ា រឺសំណព្វចិត្តអ្នកទាំងអស់គ្នាបានញ៉ាំបង្ហាញស្នាដៃអោយពួកគាត់ដឹងថាស្នាដៃយើងមិនអន់ទេ។ កុំភ្លេចរៀនធ្វើទាំងអស់គ្នាណា ព្រោះថាគ្រឿងផ្សំ និងវិធីធ្វើ គឺមាននៅខាងក្រោមនេះ។

? គ្រឿងផ្សំដែលត្រូវមាន៖

  • សាច់មាន់ ១គីឡូក្រាម (ហាន់ជាដុំ ធំៗល្មម)
  • សាច់គោ ៥ខាំ (ហាន់ជាដុំ ធំៗល្មម)
  • ខ្ទឹមបារាំង ១ដុំ (ហាន់តូចល្មម)
  • ការ៉ុត ១ផ្លែ (ហាន់ជាដុំ)
  • ដំឡូងបារាំង ១មើម (ហាន់ជាដុំ)
  • គ្រឿងបុក ១កូនចានចង្កិះ (ខ្ទឹមស ខ្ទឹមក្រហម រំដេង ល្មៀត ស្លឹកក្រូច គល់ស្លឹកគ្រៃ)
  • ខ្ទិះដូងដើម ១/២ លីត្រ
  • ខ្ទិះដូងចុង ១ ១/២ លីត្រ
  • សណ្តែកដីលីង ៥០ក្រាម (បុកអោយបែកតិចៗ)
  • ទឹកត្រី ៤ស្លាបព្រាបាយ
  • អំបិល ១ស្លាបព្រាកាហ្វេ
  • ស្ករត្នោត ១ខាំ
  • ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
  • ម្ទេសក្រៀម ១០ផ្លែ (ត្រាំទឹកអោយរីក ចិញ្រ្ចាំអោយម៉ដ្ដ)
  • ផ្កាចាន់ ២ផ្កា (អត់ក៏បាន)

? របៀបធ្វើ

  • ដាក់ឆ្នាំងអោយក្តៅ ដាក់ខ្ទិះដើម ១វែក ទុកអោយពុះ រួចដាក់ម្ទេសក្រៀម និងផ្កាចាន់ចូលឆាអោយឡើងពណ៌ក្រហមល្អ ហើយដាក់គ្រឿងបុកចូលឆាអោយឈ្ងុយ (បន្ថែមខ្ទិះបន្តិចកុំអោយខ្លោច)
  • ដាក់សាច់ចូល ឆាបីបួនត្រឡប់ រួចដាក់គ្រឿងផ្សំដូចជា ស្ករ អំបិល ទឹកត្រី និងម្សៅស៊ុបចូលឆាអោយសព្វ រំងាស់អោយស្ងួតទឹកដែលចេញពីសាច់។
  • ដាក់សណ្តែកដី ការ៉ុត និងដំឡូងបារាំងចូល រួចដាក់ខ្ទិះដូងចូល រំងាស់អោយផុយសាច់ និងដាច់ទឹកបន្តិច ភ្លក្សរសជាតិតាមចំណូលចិត្ត (បើសាបអាចថែមទឹកត្រី) រួចដាក់ខ្ទិះដើមដែលនៅសល់ និងខ្ទឹមបារាំងចូល ទុកមួយពុះរួចជាការស្រេច៕