សម្រាប់អ្នកចូលចិត្តកាហ្វេ ឃើញចាហួយកាហ្វេនេះច្បាស់ជាចង់ញ៉ាំដែរមិនខាន។ ស៊េវទុកឲ្យហើយទៅ ចាំដល់ថ្ងៃទំនេរចាំធ្វើញ៉ាំលេង។ រូបមន្តធ្វើនៅខាងក្រោមនេះហើយ៖
គ្រឿងផ្សំ៖
ចាហួយកាហ្វេ៖
- ម្សៅកាហ្វេ ៤ ទៅ ៦ ស្លាបព្រាបាយ
- ទឹក ៣ កែវ ឬ ៧២០ មីលីលីត្រ
- ម្សៅចាហួយ ៦,៥ ក្រាម
- ស្ករ ១២០ ក្រាម
- អំបិល ១ ជឹប
ចាហួយក្រែម៖
- ទឹក ៣៦០ មីលីលីត្រ
- ម្សៅចាហួយ ៦,៥ ក្រាម
- ស្ករស ១២០ មីលីលីត្រ
- ទឹកដោះគោស្រស់ ១៨០ មីលីលីត្រ
- ខ្ទិះដូង ១៨០ មីលីលីត្រ
- អំបិល ១ ជឹប
វិធីធ្វើ៖
ចាហួយកាហ្វេ៖
១. យកម្សៅកាហ្វេ ដាក់ក្នុងកែវមានទឹកក្តៅដាំពុះ ៣៦០ មីលីលីត្រ។ ដោយដាក់ម្សៅកាហ្វេក្នុងកំណាត់ឆុងកាហ្វេ រួចដាក់វាក្នុងទឹកក្តៅ។
២. បន្ទាប់មកយកឆ្នាំងតូចល្មម ដាក់ម្សៅចាហួយ និងទឹក ៣៦០ មីលីលីត្រចូល រួចដាំឲ្យពុះ។
៣. ពេលទឹកពុះហើយ ត្រូវបន្ថយភ្លើង និងពិនិត្យមើលថាម្សៅចាហួយរលាយល្អឬនៅ ដោយយកស្លាបព្រា ដាក់ចូល រួចលើកឡើងវិញ ហើយមើលថាមានម្សៅជាប់នឹងស្លាបព្រាឬអត់ បើអត់មានទេ គឺវារលាយល្អហើយ។
៤. បន្ទាប់មកទៀតដាក់កាហ្វេចូល ថែមស្ករ និងអំបិលចូលកូរឲ្យសព្វ
៥. ត្រូវគ្របគម្របឲ្យជិត និងដាក់ឲ្យក្តៅល្មម ពេលយើងទៅធ្វើចាហួយក្រែម។
ចាហួយក្រែម៖
១. យកឆ្នាំងតូចល្មមមួយទៀតដាក់ម្សៅចាហួយចូល និងដាក់ទឹក រួចដាំឲ្យពុះដដែល
២. ពេលពុះហើយ បន្ថយភ្លើង ហើយពិនិត្យមើលដូចមុន
៣. ដាក់ខ្ទិះដូង ទឹកដោះគោស្រស់ ស្ករ និងអំបិលចូល កូរឲ្យសព្វ ដាក់ភ្លើងក្តៅតិចៗរហូតដល់រលាយសព្វល្អ។
បន្ទាប់មកចាក់ចាហួយជាស្រទាប់ៗ ដំបូងត្រូវចាក់ចាហួយកាហ្វេមុន ទុកមួយសន្ទុះ សឹមចាក់ក្រែមពីលើថ្នមៗ។ បន្ទាប់ទៀតត្រូវដាក់ក្នុងទូទឹកកកឲ្យត្រជាក់ល្អ សឹមយកមកញ៉ាំ។