ចាប់អារម្មណ៍អ្នកចូលចិត្តញ៊ាំកាហ្វេ ពេលទំនេរសាករៀនធ្វើនំចាខ្វៃទុកជ្រលក់ញ៊ាំ ដឹងតែឆ្ងាញ់ហើយបានបញ្ចេញស្នាដៃដោយខ្លួនឯងទៀត ដោយមិនចាំបាច់ទិញគេនោះទេ។ ម៉ោះ សម្រាប់អ្នកដែលចង់រៀនធ្វើមកមើលពីគ្រឿងផ្សំ និងរបៀបធ្វើនៅខាងក្រោមនេះ។
គ្រឿងផ្សំដែលត្រូវមាន៖
- មេនំបុ័ង ៤ក្រាម
- ម្សៅមី ២០០ ក្រាម + ម្សៅមី ១០០ក្រាម ទុកច្របាច់ម្សៅ
- ម្សៅដុតនំ (baking soda) ១០ក្រាម
- ប្រេងសម្រាប់ចៀនឬបំពង
- ស្ករ ១៥ក្រាម
- ទឹកដោះគោ ១៧៥ក្រាម
- អំបិល ៥ក្រាម
របៀបធ្វើ៖
- លាយម្សៅដុតនំជាមួយស្ករ បន្ទាប់មកកូរមេបុ័ងជាមួយទឹកដោះគោឱ្យរលាយសព្វល្អ
- បន្ទាប់មកចាក់ទឹកដោះគោចូលក្នុងចានជាមួយនឹងម្សៅ
- ធ្វើការច្របាច់ម្សៅរហូតទន់ចូលគ្នាល្អ បន្ទាប់មកយកម្សៅទៅអប់ ពេលម្សៅរីកធំ យកម្សៅចេញរយម្សៅមីពីលើរួចច្របល់រហូតម្សៅស្វិត រួចយកទៅអប់ទុករយៈពេល១៥-២០នាទីអោយម្សៅឡើងម្ដងទៀត
- បន្ទាប់មកត្រូវលាបប្រេងតិចលើជ្រុញ យកម្សៅមកលុញឱ្យស្ដើងល្មម ប្រើកាំបិតដើម្បីកាត់ម្សៅកម្រាស់ ១សម និងប្រវែង ៥-៨សម
- ចាក់ប្រេងបំពងចូលខ្ទះទុកអោយឡើងសីតុណ្ហភាពដល់ ៨០អង្សាសេ បន្ទាប់មកយកម្សៅដាក់ចូលបំពងរហូតដល់ឡើងពណ៍ដល់ឆ្អិន ធ្វើការស្រង់ចេញអោយស្ងួតប្រេងរួចជាការស្រេច៕