ពពុះសណ្តែកគេធ្វើពីសណ្តែក មិនមែនធ្វើពីពពុះទឹកទេ កុំច្រឡំ (និយាយលេងទេ)។ ដូចដឹងហើយព័ត៌មានទើបតែឃើញថ្មីៗ កន្លែងធ្វើពពុះសណ្តែកលក់មានប្រើគីមីច្រើន អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពយើងអ្នកញ៉ាំបាន។ របស់ទិញគេមិនអាចទុកចិត្តបាន ១០០% ដូចរបស់យើងធ្វើញ៉ាំខ្លួនឯងទេ បើចូលចិត្តហើយឧស្សាហ៍ទិញគេញ៉ាំ សាកប្តូរមកធ្វើញ៉ាំខ្លួនឯងវិញមើល មិនពិបាកទេ។

គ្រឿងផ្សំ៖
- សណ្តែកសៀង ១ កំប៉ុងទឹកដោះគោខាប់
- ទឹក ១ លីត្រ

វិធីធ្វើ៖
១. ត្រាំសណ្តែកចោលយ៉ាងតិច ៣ ម៉ោង សឹមលាងទឹកឲ្យស្អាត រួចយកមកកិនជាមួយទឹក ១ លីត្រ បន្ទាប់មកច្រោះយកកាកសណ្តែកចេញ
២. ចំពោះការចំហុយសណ្តែក ត្រូវតែប្រើថាសដាក់លើមាត់ឆ្នាំងដែលមានទឹកដាំពុះ

៣. ចាក់ទឹកសណ្តែក ២ វែងលើថាស ពេលទឹកសណ្តែកក្តៅ បន្ថយភ្លើង រួចថែម ២ វែកទៀត រង់ចាំឲ្យកកមុខលើ សឹមឆ្កឹះវាឡើង (ត្រូវប្រយ័ត្ន ព្រោះខ្លាចពពុះសណ្តែករហែក)។ ពេលបកបាន ១ បន្ទះហើយត្រូវបន្តធ្វើបែបនេះរហូតដល់អស់ទឹកសណ្តែក

៤. បន្ទាប់ពីបកបានពពុះសណ្តែកហើយ ត្រូវយកទៅហាលថ្ងៃឲ្យក្រៀមល្អ ទើបទុកបានតយូរ។

បញ្ជាក់៖ បើចង់ឲ្យពពុះសណ្តែកឆាប់កក អាចប្រើកង្ហារបក់ជំនួយបាន។

ប្រភព៖ Rattana Keo