ប៉ាគីស្ថាន៖ អ្នកឆុងតែសង្ហាម្នាក់នៅប្រទេសប៉ាគីស្ថាន បានទទួលភាពល្បីល្បាញបន្ទាប់ពីមានការបង្ហោះរូបគាត់ពេលកំពុងឆុងតែនៅហាងមួយដែលជាកន្លែងធ្វើការរបស់គាត់។ រូបថតនោះបានក្លាយទៅជាប្រធានបទនិយាយសរសើរ ពីរូបរាងរបស់បុរសសង្ហា Arshad Khan។
កម្លោះអាយុ ១៨ឆ្នាំរូបនេះ ត្រូវបានជាងថតរូបម្នាក់ឈ្មោះថា Javeria Ali ថតរូបគាត់ពេលកំពុងចាក់ឆុងតែ។ រូបនោះបានបង្ហោះទៅបណ្តាញសង្គម កាលពីថ្ងៃ១៥ខែនេះ។
គ្រាន់តែរយៈពេលប៉ុន្មានថ្ងៃក្រោយពីបង្ហោះ ពាក្យថា ChaiWala (អ្នកឆុងតែ) បានក្លាយទៅជាពាក្យដែលមនុស្សគ្រប់គ្នានៅប៉ាគីស្ថាននិយាយមិនដាច់ពីមាត់។ ជាងថតរូបដែលបានថតកម្លោះម្នាក់នេះ បានបង្ហើបឲ្យដឹងថា កម្លោះ Khan គឹជាមនុស្សអៀនច្រើន។ ទោះបីជាអៀនអញ្ចឹងក៏ដោយ ក៏មិនអៀនដល់ថ្នាក់ខ្លាចល្បីនោះដែរ។
នៅថ្ងៃទី១៨អាទិត្យមុន Khan បានចុះកុងត្រាធ្វើជាតារាបង្ហាញម៉ូដជាមួយនឹងក្រុមហ៊ុនសម្លៀកបំពាក់អនឡាញយីហោ Fitin។ ក្រុមហ៊ុននោះបានបង្ហោះក្នុងហ្វេសប៊ុកថា អ្នកឆុងតែមួយរូបនេះបានក្លាយទៅជាតារាបង្ហាញម៉ូដហើយ។
នេះមិនមែនជាលើកទីមួយទេ ដែលបណ្តាញសង្គមអាចធ្វើឲ្យមនុស្សល្បីបានក្នុងរយៈពេលមួយយ៉ាងខ្លីនឹកស្មានមិនដល់៕
ប្រភព៖ YouTube Channel Fun Land