ដោយសារតែចង់ឲ្យក្មេងៗនៅតាមមន្ទីរពេទ្យមានភាពសប្បាយរីករាយ Campbell Remess ដែលឥលូវមានអាយុ១២ឆ្នាំ សុខចិត្តហាត់រៀនដេរតុក្កតាដោយខ្លួនឯង តាំងពីនៅអាយុ៩ឆ្នាំ។ រាប់តាំងពីមុនរហូតមកដល់ពេលនេះ ក្មេងប្រុសមិនធម្មតារូបនេះ បានដេរធ្វើតុក្កតាចំនួន៨០០ហើយ សម្រាប់ក្មេងៗនៅមន្ទីរពេទ្យ។
កាលពី៣ឆ្នាំមុន Campbell ធ្លាប់សុំម្តាយឪពុករបស់ខ្លួន ទិញតុក្កតាក្មេងលេងពេលបុណ្យណូអែល ឲ្យក្មេងដែលដេកនៅពេទ្យ ម្តាយឪពុកមិនព្រម ព្រោះថា បើទិញឲ្យក្មេងៗទាំងអស់នោះ គឹពិតជាអស់លុយមិនស្ទើរទេ។ ម្យ៉ាងវិញទៀត រាប់ទាំង Campbell គឺទាំងអស់៩នាក់ហើយ ដែលជាកូនក្នុងសមាជិកគ្រួសារ។ គ្រាន់តែទិញតុក្កតាពេលបុណ្យណូអែលហ្នឹង ក៏អស់លុយច្រើនគួរសមទៅហើយ។
ការជំទាស់ពីម្តាយឪពុក មិនបានធ្វើគោលបំណងរបស់ Campbell រលត់ទេ។ គេបានសុំម៉ាស៊ីនដេរពីម្តាយគេ ហើយក៏រៀនដេរតុក្កតាដោយខ្លួនឯង។ ចំពោះតុក្កតាដំបូងគេបង្អស់ គឺត្រូវចំណាយពេលដល់ទៅ ៥ម៉ោងទម្រាំរួច។
ក្នុងរយៈពេល៣ឆ្នាំនេះ Campbell បានធ្វើតុក្កតាចំនួន ៨០០ ហើយ។ តុក្កតាទាំងនោះគឺសម្រាប់ជូនដល់ក្មេងៗដែលដេកសម្រាកនៅពេទ្យ។ កាលពីដំបូងឡើង Campbell យករបស់របររបស់ម្តាយឪពុកទៅធ្វើជាតុក្កតា តែឥលូវគេបានប្រើប្រាស់លុយដែលបានមកពីការបរិច្ចាគ យកមកចំណាយ។ ជាមួយគ្នានេះដែរ ក្មេងប្រុសម្នាក់នេះ មានកម្មវិធីសប្បុរសធម៌មួយហៅថា “គម្រោង៣៦៥” ឬ “Project365”៕
តោះមើលវីដេអូទាំងអស់គ្នា!
ប្រភព៖ YouTube Channel David Pires