យុវជនម្នាក់បានបង្កើតនិងកែច្នៃឆ្នាំងសាកថ្មទូរស័ព្ទដែលប្រើប្រាស់ថាមពលចេញពីមនុស្សដើម្បីបានថាមពលអគ្គិសនីសាកថ្មទូរស័ព្ទ ។ យុវជនឆ្នើមរូបនោះឈ្មោះMichael Vaga ជនជាតិបេឡារូស រស់នៅទីក្រុងMinks វ័យ១៩ឆ្នាំ ហើយបានដាក់ឈ្មោះឧបករណ៍ដែលខ្លួនបង្កើតថា HandEnergy ឬប្រែថាដៃថាមពល ។
ដៃថាមពលជាឧបករណ៍ដែលបង្កើតថាមពលអគ្គិសនីតាមរយៈចលនារបស់ដៃសម្រាប់ប្រើប្រាស់ ភ្លាមៗក្នុងការសាកថ្មឬអាចរក្សាថាមពលក្នុងHandEnergy សម្រាប់ប្រើប្រាស់សាកថ្មទូរស័ព្ទនៅពេលក្រោយបាន ។
យុវជននេះនិយាយថា រាល់ពេលដែលដៃរបស់អ្នកមានចលនា នោះRotor ឬផ្នែកវិលនៃគ្រឿងម៉ាស៊ីននឹងបង្កើតល្បឿនរបស់វា ហើយបង្កើតបានថាមពលអគ្គិសនី ។ ល្បឿនមធ្យមរបស់Rotor គឺ៥០០០rpm ឬ៥០០០ជុំក្នុងមួយនាទី ។ យើងប្រែក្លាយថាមពលមេកានិកទៅជាថាមពលអគ្គិសនី ហើយវាមានន័យថា យើងអាចសាកថ្មឧបករណ៍អគ្គិសនីរបស់អ្នក ។
Vaga និយាយទៀតថា «ខ្ញុំបានចំណាយពេលវេលាជាង២ឆ្នាំក្នុងការបង្កើតវាឡើង ហើយមូលហេតុនៃការបង្កើតនោះគឺសម្រាប់មនុស្សដែលចំណាយវេលាជាច្រើនឆ្ងាយពីប្រភពថាមពលប្រើប្រាស់សម្រាប់ទូរស័ព្ទ ។ វាត្រូវការចំណាយពេលវេលាប្រហែលពី៤០នាទីទៅមួយម៉ោងដើម្បីសាកថ្មឲ្យបានពេញរបស់HandEnergy សម្រាប់សាកថ្មទូរស័ព្ទ ។ តែប្រសិនបើអ្នកសាកថ្មEnergy ផង និងសាកថ្មទូរស័ព្ទក្នុងពេលតែ មួយផងនោះ ល្បឿនសាកថ្មរបស់វានឹងថយចុះ៣០ភាគរយធៀបនឹងល្បឿងសាកថ្មHandEnergy តែមួយមុខឲ្យបានពេញនោះ ។
យុវជនវ័យ១៩ឆ្នាំ នេះបន្តថា វាជាប្រភេទឆ្នាំសាកថ្មដ៏ល្អ ហើយក្នុងការប្រើប្រាស់ក្នុងពេលត្រូវការថាមពលអគ្គិសនីមកប្រើប្រាស់បន្ទាន់ តែអ្វីដែលល្អជាងនោះទៅទៀត វាជាគំរូនៃការប្រើប្រាស់ថាមពលអគ្គិសនីស្អាត់ល្អគ្មានផលប៉ះពាល់ដល់បរិស្ថាន ។ HandEnergy នឹងមានដាក់លក់នៅខែមីនា ឆ្នាំ២០១៧ ហើយត្រូវគេរំពឹងគិតថា វាមានតម្លៃប្រហែល៩៩អឺរ៉ូ ឬប្រហែល១០៤ដុល្លារអាមេរិក ៕