បូស្នៀ៖ តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា លោកយាយអាយុ៨០ឆ្នាំម្នាក់មកពីភូមិ Crnjevo ប្រទេសបូស្នៀ ប្រកបរបរព្យាបាលអ្នកជម្ងឺ ដោយប្រើអណ្តាតលិតសម្អាតគ្រាប់ភ្នែក។
លោកយាយ Hava Celebic មានប្រសាសន៍ថា គាត់រៀនចេះវិធីព្យាបាលបែបនេះតាំងពីយូរណាស់មកហើយ ពីស្រ្តីម្នាក់ទៀតដែលមានឈ្មោះថា Hava។ លោកយាយធ្វើបែបនេះអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ និង ធ្លាប់បានព្យាបាលមនុស្សជាច្រើនចម្រុះជាតិសាសន៍សរុបជិត៥០០០នាក់ហើយ រួមទាំងជនជាតិរុស្ស៊ីនិងអាមេរិកជាដើម។ អ្នករត់មករកលោកយាយឲ្យព្យាបាល សុទ្ធតែធ្លាប់ទៅព្យាបាលនៅមន្ទីរពេទ្យអស់ចិត្តហើយ។ ទោះជាយ៉ាងណា ក៏នៅតែចាញ់អណ្តាតរបស់លោកយាយ ដែលអាចលិតយកកម្ទេចកម្ទីផ្សេងៗ រួមមាន៖ កម្ទេចសំណ កម្ទេចដែក កម្ទេចធ្យូង អាចម៍រណា អំបែងកែវ ជាដើម។
លោកយាយបានប្រាប់បន្តថា៖ “មានការព្យាបាលតាមបែបវេជ្ជសាស្ត្រទំនើបច្រើនណាស់ ដែលមិនអាចជួយបាន។ ពួកគេបានរត់ពីមន្ទីរពេទ្យមករកខ្ញុំ ទាំងភ្នែកហើមបើកមិនរួច។ ខ្ញុំសម្អាតយកកម្ទេចកម្ទីចេញ ដោយប្រើប្រាស់អណ្តាតរបស់ខ្ញុំ។
អ្នកប្រហែលជាចង់ដឹងពីវិធីសាស្ត្រក្នុងការប្រើអណ្តាត របស់លោកយាយហើយ។ វាពិតជាសាមញ្ញណាស់។ លោកយាយចាប់ផ្តើម ដោយខ្ពុលមាត់នឹងអាល់កុលដើម្បីសម្លាប់មេរោគក្នុងមាត់ ហើយក៏ប្រាប់អ្នកជម្ងឺឲ្យបើកភ្នែក។ រួចហើយលោកយាយ ក៏ចាប់ផ្តើមយកអណ្តាតរបស់គាត់ទៅលុញលើគ្រាប់ភ្នែក ដើម្បីស្វែងរកកម្ទេចកម្ទី។ បើស្តាប់ទៅពិតជាគួរឲ្យខ្ពើមណាស់ ដែលយើងយកអណ្តាតទៅលុញលើគ្រាប់ភ្នែករបស់អ្នកដទៃ។ ដោយសារតែដូចនេះហើយ ទើបលោកយាយមិនអាចមានអ្នកបន្តវេនបាន។
ក្នុងការព្យាបាលម្តង លោកយាយយកប្រាក់១០យូរ៉ូ (១០.៧ដុល្លា)។ តែប្រសិនបើអ្នកជម្ងឺជាជនគ្មានការងារធ្វើ ឬ ក៏មិនអាចមានលទ្ធភាពបង់ប្រាក់ លោកយាយក៏មិនយកលុយដែរ៕
ប្រភព៖ YouTube Channel saeedvevoxx