រាជធានីភ្នំពេញ ៖ ដោយមើលឃើញស្នេហារឹងមាំរវាងអ្នកនាងគង់ សុជាតិ និងលោកជា វិបុល នោះ លោកឆឹម សក្កដា ចង់ឱ្យស្នេហារបស់ខ្លួនជាមួយអ្នកនាងពេជ្រ សោភា បែបនោះដែរ ។
រហូតមកទល់ពេលនេះលោកឆឹម សក្កដា និងអ្នកនាងពេជ្រ សោភា នៅតែបង្ហាញភាពស្និទ្ធស្នាលក្នុងនាមជាគូស្នេហ៍ ។ ស្នេហាផ្អែមល្ហែមមួយនេះនៅមិនទាន់ឈានដល់ដំណាក់កាលសំពះផ្ទឹមទេ ។ មានអ្នកគាំទ្ររបស់អ្នកទាំងពីរជាច្រើនសម្តែងការរីករាយទុកជាមុនប្រសិនបើពេជ្រ សោភា និងតារាសម្តែងឆឹម សក្កដា រៀបការនឹងគ្នា ។ ទោះជាយ៉ាងណាក្តីកន្លងមកមានការលើកឡើងថា ស្នេហានេះអាចជាស្នេហាក្លែងក្លាយប៉ុណ្ណោះដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមហាជន ។
ក្នុងជំនួបកាលពីពេល ថ្មីៗកន្លងមកលោកឆឹម សក្កដា និយាយថា «តាំងពីពួកយើងចងក្រងកម្រងស្នេហ៍មកកាន់តែមានការវិវឌ្ឍទៅមុខជាលំដាប់ រហូតមានអ្នកគាំទ្រជាច្រើនចង់ឱ្យយើងទាំងពីរបានច្រៀងចាប់ដៃគូគ្នាផងដែរ ។ នៅពេលនេះពួកយើងទាំងពីរនាក់កំពុងតែមើលចិត្តគ្នា អាចថាមើលឃើញចំណុចល្អជាច្រើន ប៉ុន្តែភាគីអ្នកនាងពេជ្រ សោភា ចង់ឱ្យប្រើពេលយូរជាងនេះតទៅទៀត ។ ប្រសិនបើនិយាយចូលដល់រឿងរៀបការ អត់ដឹងថារៀបការពេលណាច្បាស់ឡើយ មិនឆាប់ពេកនោះទេ ។ អ្នកសិល្បៈពេលរៀបការហើយបាត់ប្រជាប្រិយភាព ឬការហើយបែកបាក់គ្នាទៅវិញដោយសារមើលគ្នាមិនបានយូរ ។ អ្វីដែលខ្ញុំគិតក្នុងចិត្តធ្វើជាការពិចារណាគឺគោរពតាមយោបល់របស់បងស្រីគង់ សុជាតិគាត់បានណែនាំថា«ស៊ូមើលឱ្យយូរកុំឱ្យខុស ទ្រាំឱ្យយូរកុំឱ្យខុស បើទៅមុខជាមួយគ្នាមិនរួចកុំទៅ ។ អុីចឹងហើយទើបខ្ញុំចាប់ផ្តើមយកពាក្យសម្តីនេះមកគិតទៅ គឺល្អ ហើយសម្រេចមើលគ្នាឱ្យច្បាស់ ។ មនុស្សយើងមើលកាន់តែយូរមានចំណុចខ្វះខាតកាន់តែច្រើន ។ មកទល់ពេលនេះចំណុចខ្វះខាតមានខ្លះដែរ តែមិនមែនជារឿងធំដុំទេ ដោយគាត់រាងងបន្តិច ហើយពេលគាត់ខឹង ឬងង៉ក់ គឺខ្ញុំធ្វើមិនដឹង ចង់គាត់បែបណាខ្ញុំនៅតែឆាតទៅលេង តេទៅលេង ឆាតនិយាយធម្មតា យូរទៅគាត់សើចសប្បាយមកពីខ្ញុំសុខចិត្តចាញ់» ។
លោកឆឹម សក្កដា រំពឹងថាការចងស្នេហាមួយនេះអាចនឹងកាន់តែយល់ចិត្តថ្លើមគ្នាទៀតហើយថាមានតែពេលវេលាទេដែលអាចបញ្ជាក់ថា ជាស្នេហាក្លែងក្លាយ ឬស្នេហាពិត ៕