រាជធានីភ្នំពេញ ៖ តារាចម្រៀងសុគន្ធ នីសា រងការរិះគន់ខ្លាំងបន្ទាប់នាងសម្រេចជ្រើសរើសកូនក្រុមណូ ឈួសីុវហេង ហើយទម្លាក់អ៊ុក សុវណ្ណារី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័តក្នុងកម្មវិធី The Voice Kids Cambodia ការពីរាត្រីថ្ងៃទី៧ ខែតុលា ២០១៧ ។
សុគន្ធ នីសា រងការរិះគន់ខ្លាំងពីមហាជននិងអ្នកសិល្បៈមួយចំនួន ក្នុងពេលដែលនាងបោះបង់អ៊ុក សុវណ្ណារី ដែលគេដឹងថាច្រៀងពីរោះមានទឹកដមជាងណូ ឈួស៊ីវហេង ។
កូនក្រុមរបស់Coach សុគន្ធ នីសា គឺអ៊ុក សុវណ្ណារី បានច្រៀងបទ«កុំធ្វើចរិតប្រុសស្អាត»ដែលទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនខ្លាំង ក៏ប៉ុន្តែមិនត្រូវCoachសុគន្ធ នីសា ជ្រើសរើសយកទៅបន្តនៅវគ្គផ្តាច់ព្រ័ត្រទេ ។ សុវណ្ណារីច្រៀងពីរោះណាស់តាំងពីវគ្គដំបូងមក ពិសេសបទមនោសញ្ចេតនា ។ ហេតុដូច្នោះហើយទើបមហាជនមានប្រតិកម្មទៅនឹងការសម្រេចចិត្តរបស់Coachនីសា ។ អ្នកខ្លះបញ្ចេញមតិថា«នេះជារឿងអយុត្តិធម៌ណាស់ព្រោះអ៊ុក សុវណ្ណារី ជាក្មេងដែលមានសមត្ថភាពជាងក្មេងដទៃ ថែមទាំងចេះលើកដាក់សំឡេងទៅតាមបទចម្រៀង មិនថាបទបុរាណ បទសម័យ បទជាភាសាបរទេសយ៉ាងណានោះទេ តែហេតុអ្វីCoachសុគន្ធ នីសា មើលរំលងប្អូនស្រីទៅវិញ» ។
អ្នកលេងហ្វេសប៊ុកមួយរូបបង្ហោះសាររិះគន់សុគន្ធ នីសាថា«សុគន្ធ នីសា ធ្លាប់ជា Idol ខ្ញុំជាង១០ឆ្នាំហើយ រហូតមកដល់ថ្ងៃនេះខ្ញុំមិនដែលទាស់ចិត្តនឹងការងារគាត់ម្ដងណាទេ តែថ្ងៃនេះសូមរិះគន់ម្ដងហើយ ព្រោះថាខ្ញុំខកចិត្តខ្លាំងណាស់ ខ្ញុំឆ្ងល់ថាតើរវាងសុវណ្ណារី នឹងស៊ីវហេង ខ្ញុំចង់ដឹងណាស់ថា ចំណុចត្រង់ណាដែលសុវណ្ណារី ធ្វើអន់ជាងស៊ីវហេងនោះ ? ទាំងបទមនោសញ្ចេតនា ទាំងបទអង់គ្លេស ទាំងបទញាក់ គ្រប់ចម្រៀងសុវណ្ណារី ច្រៀងឡើងរណ្ដំ មានអុឺន មានស្ទីលសមទាំងកាយវិការសម្ដែងនៅលើឆាក និយាយរួម សុវណ្ណារី គឺធ្វើបានល្អឥតខ្ចោះ ជាងស៊ីវហេងច្រើនណាស់ តែចុងក្រោយក្រោមហេតុផលគឺមានបំណងចង់ទម្លាក់គ្នាចោលតែម្ដង ។
ខ្ញុំគិតថាមិនចង់ទើស មិនចង់និយាយទេ តែខ្ញុំដូចជាហួសចិត្តដែលយប់ម្សិលមិញ សុគន្ធ នីសា សុខចិត្តបោះបង់ចោលអ្នកដែលមានសមត្ថភាពពេញខ្លួន ហើយទៅរើសយកក្មេងច្រៀងមិនទាន់នឹងច្បាស់ពាក្យ ច្រៀងគ្មានអុឺន រកពីរោះមិនឃើញសោះ ខ្ញុំមិននឹកស្មានថា នីសា ដែលខ្ញុំតែងតែគាំទ្រអស់ជាង១០ឆ្នាំ មកដល់ឥឡូវជាមនុស្សភ្នែកស្អុយអ៊ីចឹងសោះ ។
ខ្ញុំកោតចិត្តណាស់ ខ្ញុំមិនមែនជាសាច់ញាតិអីនឹងសុវណ្ណារីទេ តែខ្ញុំសប្បាយចិត្តណាស់តាំងពីវគ្គដំបូងដែលសុវណ្ណារីជ្រើសយកនីសា ជាគ្រូ ខ្ញុំគិតថា នីសា មានគ្រាប់ពេជ្រមួយល្អក្នុងដៃដើម្បីប្រកួតប្រជែងនឹងគេហើយ តែចុងក្រោយនិយាយលែងចេញ ។
សុវណ្ណារី គឺជាបេក្ខជនជើងខ្លាំងមួយរូបក្នុងកម្មវិធី The voice kids នេះដែរ ហើយរវាង សុវណ្ណារី នឹងមីុហៀង សមត្ថភាពនាងមានស្មើគ្នាខ្ញុំគាំទ្រទាំង២ តែមិនគួរនីសា ទម្លាក់សុវណ្ណារីនៅ វគ្គនេះទេ នាងគួរតែទទួលបានការទទួលឆ្លងទៅវគ្គមួយទៀតទើបត្រឹមត្រូវ ។ វប្បធម៌ក្ដិចត្រួយ គ្នាកំពុងល្អ សុខៗទៅក្ដិចគ្នាចោល ហេតុអី នីសា អើយ ខ្ញុំមិនយល់ពីការងាររបស់អ្នកទេ ទោះជាមានហេតុផលត្រៀមទុកឱ្យអ្នកណាជាប់ក៏ដោយ តែមិនមែនទម្លាក់អ្នកខ្លាំងចោល ហើយទៅយកអ្នកអន់ពេកមកជំនួសអ៊ីចឹងទេ បង្កើតកម្មវិធីធំ ប៉ុនណាណី ហើយមកធ្វើអ៊ីចឹងទៅវិញ គិតថាអ្នកមើលហ្នឹងគេមើលនឹងថ្ងាសមែនទេ ឬក៏បង្កើតកម្មវិធីធ្វើលេងតែគ្នាឯងទេ ? បានជាគ្មានភាពសុក្រឹតយុត្តិធម៌បែបហ្នឹង ។
ចាប់ពីថ្ងៃនេះមិនគាំទ្រនីសា ទៀតទេ ព្រោះខ្ញុំមិនពេញចិត្តរឿងអយុត្តិធម៌របស់អ្នកធ្វើទ េរវាងសុវណ្ណារី នឹងស៊ីវហេង សមត្ថភាពវាខុសគ្នាខ្លាំងណាស់ តែអ្នកមើលរំលងអ្នកល្អ ហើយទៅរើសអ្នកអន់ នេះហើយជាកម្មរបស់សុវណ្ណារីដែលរើសចំគ្រូភ្នែកស្អុយ» ។
សំឡេងរិះគន់តាមហ្វេសប៊ុកកើតឡើងចំពោះតារាចម្រៀងសុគន្ធ នីសា ដែលជ្រើសរើសកុមារី ណូ ឈួស៊ីវហេង ឱ្យឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ហើយទម្លាក់កុមារីអ៊ុក សុវណ្ណរី នោះ គេថែមទាំងយកវីដេអូប្រលងរបស់អ្នកទាំងពីរមកប្រៀបធៀបគ្នាទៀតផង ហើយ ម្នាក់ៗសុទ្ធតែវាយតម្លៃថាការជ្រើសរបស់សុគន្ធ នីសា ជាការជ្រើសរើសដោយខ្វះការវិភាគ ។
បន្ទាប់ពីទទួលរងការរិះគន់ពីបណ្តាអ្នកលេងហ្វេសប៊ុកបែបនោះមក សុគន្ធ នីសា នៅមិនទាន់បកស្រាយបែបណាទេ ប៉ុន្តែមានប្រិយមិត្តគាំទ្រតារាចម្រៀងរូបនេះមួយចំនួនអះអាថា ការជ្រើសរើសនេះអាចមានអ្វីនៅពីក្រោយ ពោលមិនមែនចេញពីឆន្ទៈពិតប្រាកដរបស់នាងទេ ។
ចំណែកឱកាសឡើងវគ្គផ្តាច់ព្រ័ត្ររបស់កុមារា ពេជ្រ ថៃ ត្រូវគេរិះគន់ដូចបាយពុះផងដែរ ។ អ្នករិះគន់បានបង្ហោះវីដេអូរបស់ ពេជ្រ ថៃ ប្រៀបធៀបនឹងបេក្ខជនផ្សេងទៀត ហើយថាអ្នកដែលបោះឆ្នោតឱ្យជាប់ គឺបោះឱ្យដោយសម្អាងលើភាពក្រមិចក្រមើម និងការលេងសើចរបស់ក្មេង តែមិនគិតពីទឹកដមសំឡេង ។ ម្នាក់ៗ និយាយថា ពេជ្រ ថៃ គ្មានការបត់បែនសំឡេងទេ ដោយការច្រៀងរបស់គេក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ភ្លាវៗ ភ្លេងដោយភ្លេង សំឡេងដោយសំឡេង និងថាច្រៀងកាន់តែយូរកាន់តែពិបាកស្ដាប់។ មានការលើកឡើងថា ពេជ្រ ថៃ បានជាប់ទៅកាន់វគ្គបន្តមិនប្រាកដថាដោយសារតែការបោះឆ្នោតទេ ដោយសារតែសារបោះឆ្នោតមិនត្រូវបានបង្ហាញជាសាធារណៈ។ អីុចឹងហើយទើបអ្នករិះគន់បានងាកទៅរិះគន់កម្មវិធីវិញ ដោយថាកម្មវិធីមួយនេះឱ្យពេជ្រ ថៃ ជាប់ គឺដោយសារតែមានប្រជាប្រិយភាពកាលពីដើមកម្មវិធី ហើយមិនវិភាគលើទឹកដមសំឡេង ។
មនុស្សភាគច្រើនសុទ្ធតែលើកឡើងថាពេជ្រ ថៃ មិនសមបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រទេ ។
សម្រាប់កូនក្រុមលោកព្រាប សុវត្ថិ ដែលឡើងវគ្គផ្តាច់ព្រ័ត្រគឺពេជ្រ ថៃ និងឡុង លីគ័ង្គ ។
កូនក្រុមឱក សុគន្ឋកញ្ញា គឺកុមារីសុខ សុជាតា និងកុមារីរ៉ន ចាន់ឌីន ។
កូនក្រុមសុគន្ឋ នីសា គឺកុមារីឃុយ ម៉ីហៀង និងកុមារីណូ ឈួស៊ីវហេង ។
ការរិះគន់របស់មហាជនទាំងនោះទៅតាមការយល់ឃើញរបស់គេ ម្នាក់ៗ ហើយវាមិនប្រាកដប្រជាថាត្រឹមត្រូវទេ អាចមានអ្នកផ្សេងយល់ផ្ទុយពីនេះ ៕