រាជធានីភ្នំពេញ ៖ បច្ចុប្បន្នក្រៅពីអាជីពជាតារាចម្រៀង និងសម្តែងនោះ តារាស្រីមួយចំនួនមានមុខងារបន្ថែមនៅសា្ថប័នប្រដាប់អាវុធ ក្នុងនោះតារាស្រីខ្លះមានសក្តិខ្ពស់ពាក់នៅលើស្មាទៀតផង ។
នៅក្នុងជួរកងអង្គរក្សមានអ្នកសិល្បៈជានារីច្រើននាក់ទាំងផ្នែកសម័យ និងបុរាណ ។ ដោយឡែកតារាស្រីជើងចាស់ដែលល្បីល្បាញទាំងកំប្លែង និងអាយ៉ៃ គឺអ្នកស្រីនួន សារី ហៅយ៉យ និងយាយអឿន ជាមន្ត្រីថ្នាក់វរសេនីយ៍ឯក(ស័ក្តិ៥) នៅក្នុងនាយកដ្ឋានអង្គរក្ស ។ ក្រៅពីនេះនៅមានអ្នកស្រីហ៊ឹម ស៊ីវន និងអ្នកសិល្បៈមួយចំនួនទៀត ។ ពួកគាត់សុទ្ធតែចូលបម្រើក្នុងនាយកដ្ឋានអង្គរក្សជាច្រើនឆ្នាំ ជាមួយតារាកំប្លែងប្រុស ល្បីៗមួយចំនួនទៀតដូចជា នាយក្រឹម, នាយកុយ, នាយចាបចៀន និងនាយវីតាមីនសេជាដើម។
តារាចម្រៀងអ្នកនាងឈួន សុវណ្ណឆៃ ត្រូវគេដឹងថា មានតួនាទីនៅជួរកងទ័ពដែរ ដោយមានឋានន្តរស័ក្តិអនុសេនីយ៍ទោ ជាមួយនឹងពិធីការិនីផ្នែកព័ត៌មានអប្សរាណេតយ៉ុង ខេមរ៉ា ដែលបច្ចុប្បន្នមានស័ក្តិ៤កន្លះ ។
ដោយឡែកតារា ថ្មីៗមួយចំនួនទៀតទើបតែជាប់ឈ្មោះក្នុងជួរមន្ត្រីប៉ូលិសនៃក្រសួងមហាផ្ទៃបើទោះបីជាបច្ចុប្បន្នអាជីពសិល្បៈរបស់ពួកគេកំពុងតែរីកលូតលាស់ និងមានទីផ្សារជាហូរហែស្ទើរមិនដាច់សូរក៏ដោយ ។ តារាជើងថ្មីដែលតែងតែបង្ហាញវត្តមានសម្តែងតាមរយៈខ្សែភាពយន្តភាគនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ កញ្ញាម៉ុន ផលចរិយា ហៅរីយ៉ា បច្ចុប្បន្ន គឺជាមន្ត្រីប៉ូលិសនៅក្នុងក្រសួងមហាផ្ទៃ មានឋានន្តរស័ក្តិព្រិន្ទបាលទោ ជាមួយនឹងតារាសម្តែងហង្ស ម៉ារ៉ានី ។ អ្នកទាំងពីរត្រូវគេដឹងថាបានចូលបម្រើជាមន្ត្រីប៉ូលិស ក្នុងពេលដែលក្រសួងមហាផ្ទៃបង្កើតស្ថានីយទូរទស្សន៍ ក្នុងនោះក៏មានវត្តមានតារាសម្តែងប្រុសស្រី ថ្មីៗមួយចំនួនទៀតផងដែរ ។
កន្លងមកតារាសម្តែងសម ម៉ាណា បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបង្ហាញខ្លួនជាមួយនឹងសម្លៀកបំពាក់ជាមន្ត្រីយោធាថ្នាក់វរសេនីយ៍ត្រីសក្តិ៤ ។ ប៉ុន្តែគេមិនបានដឹងទេថា នាងកំពុងបម្រើការងារជាមន្ត្រីយោធានៅនាយកដ្ឋាន ឬង្គភាពណាមួយឡើយ ក្នុងពេលដែលនាងបាត់មុខពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំមកនេះ ។
តារាចម្រៀង និងសម្តែងអ៊ុន អាលីហ្សា ក៏បានចូលមម្រើជាមន្ត្រីប៉ូលិសថ្នាក់អនុសេនីយ៍ត្រីនៅនាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃផងដែរ បន្ទាប់ពីនាងប្រឡងជាប់ជាស្ថាពរ ។
ក្រោយការហ្វឹកហាត់ជំនាញផ្នែកការពារនេះ នាងនឹងចេញមកបំពេញតួនាទីជាមន្ត្រីអង្គរក្សស្រីជាផ្លូវការ ។ នាងបានចូលរួមហ្វឹកហាត់តេក្វាន់ដូ បាញ់កាំភ្លើង និងជំនាញជាច្រើនទៀតនៅសាលាបណ្ឌិតសភានគរបាលកម្ពុជាក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បើយោងតាមលោកនាយឧត្តមសេនីយ៍ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស ធ្លាប់បានបញ្ជាក់នាពេលកន្លងទៅថា សិល្បករនៅក្នុងកងអង្គរក្សមានចំនួន៦០នាក់ គឺបែងចែកទៅតាមបុរាណ និងសម័យ ។ ក្រុមសិល្បករនៃកងអង្គរក្ស មានយូរមកហើយ ។
លោកហ៊ីង ប៊ុនហៀង លើកហេតុផលថា៖ «សិល្បករទាំងអស់គាត់បានចូលបម្រើកងទ័ពស្ទើរពេញមួយជីវិតទៅ ហើយៗគាត់ក៏បានបម្រើជាតិផ្នែកសិល្បៈគ្រប់ទីកន្លែងដែរ ដូច្នេះគាត់គួរតែទទួលបានការបំពាក់ស័ក្តិជាបន្តបន្ទាប់ »៕