រាជធានីភ្នំពេញ ៖ តារាកំប្លែងលោកជួង ជី ហៅនាយកុយ បានលាតត្រដាងពីជីវភាពពិតរបស់នាយចេកជាកូនក្រុមកំប្លែងរបស់ខ្លួន បន្ទាប់ពីមានការលើកឡើងពីការរស់នៅក្នុងភាពក្រីក្ររបស់គាត់ ។
ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ«តាំង គឹមឡេង» បានរៀបរាប់ពីជីវភាពដ៏លំបាករបស់នាយចេក នាពេលបច្ចុប្បន្ន ។ លោកតាំង គឹមឡេង ឱ្យដឹងថា ការសម្តែងនៅស្ថានីយទូរទស្សន៍របស់នាយចេក គឺម្តងទទួលបានតែ២០ដុល្លារប៉ុណ្ណោះ ហើយគាត់ត្រូវធ្វើដំណើរតាំងពីរង្វង់មូលកួរស្រូវជាយរាជធានីរហូតដល់ប៉ុស្តិ៍CTN។ ប្រាក់កម្រៃប៉ុណ្ណឹងគ្រាន់តែចាក់សាំងអស់បាត់ទៅហើយ ។
ក្រោយពីឃើញព័ត៌មានមួយនេះមក នាយកុយ លាតត្រដាងពីកម្រិតជីវភាពរបស់នាយចេក ដែលជាកូនក្រុមកំប្លែងរបស់ខ្លួនជាសាធារណៈ ។ នាយកុយចាត់ទុកការអធិប្បាយរបស់លោកតាំង គឹមឡេង ជាចំណុចអវិជ្ជមានជះឥទ្ធិពលអាក្រក់មួយសម្រាប់នាយ ដោយធ្វើឲ្យមហាជនយល់ច្រឡំថា នាយជាមេក្រុមមិនចេះមើលកូនចៅ ។
តាមរយៈវីដេអូឃ្លីបនាយកុយ អះអាងថា «តាចេក មិនមែនក្រទេ តាចេកមានម៉ូតូមានឡានRav4 មានផ្ទះក្បឿងធំគួរសម ។ មិនតែប៉ុណ្ណោះនាយដែលជាមេក្រុម មិនដែលភ្លេចកូនចៅទេ ពេលដែលមានគេហៅទៅសម្តែងតាមខេត្តតែងតែសួរនាំកូនក្រុមថាចង់ទៅរឺអត់ទៀតផង។ ចំពោះរឿងដែលគេល្បីថា តាចេក សម្តែងម្ដងបានតែ២០ដុល្លានោះ វាជារឿងពិតហើយ ប៉ុន្តែត្រូវដឹងថារាល់ការសម្តែងម្ដងតាមទូរទស្សន៍ គេឱ្យតែ៣០០ដុល្លាទេ ហើយត្រូវចែកគ្នា១០នាក់ តើឱ្យនាយត្រូវចែកម្នាក់ប៉ុន្មានទៅ បើលុយ៣០០ដុល្លាត្រូវចែកគ្នា១០នាក់នោះ ? ដូច្នេះលុយ៣០០ដុល្លាចែកគ្នា១០នាក់ គឺមិនអាចចែក ស្មើៗគ្នាបានទេ ព្រោះតួខ្លះល្បីត្រូវឱ្យគេច្រើនជាងបន្តិច តាមភាពល្បីរបស់តួ» ។
នាយកុយ បញ្ជាក់ថា នាយចេក ក៏ទទួលបានការជួយឧបត្ថម្ភពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាផងដែរ ។
ក្រោយពីមានការបកស្រាយពីនាយកុយ រួចមក លោកតាន់ គឹមឡេង បានឆ្លើយតបទៅវិញថា«ខ្ញុំធ្វើដំណើរទៅខេត្តកណ្តាលចុះទៅជួសជុលផ្ទះលោកតាទឹកលិច ហើយខ្ញុំក៏ឈប់ទិញទឹកកន្លែងលោកតាចេក ហើយខ្ញុំក៏បានសួរលោកតាថា លោកតាលក់មិនសូវដាច់ទេមួយរយៈនេះ ។ ហើយណាមួយ ឥឡូវការទៅលេងកំប្លែងក៏ពុំសូវជាមានទៀត ដោយពីមុនលោកតាចុះតាមខេត្ត និងសម្តែងច្រើនបុស្តិ៍ ។
ខ្ញុំសួរលោកតាបន្តថាលោកតានៅលេងប៉ុស្តិ៍ណាដែរសព្វថ្ងៃនេះ លោកតាថានៅសល់តែមួយទេ គឺ CTN ហើយកម្រៃដែលបានគឺ២០ដុល្លារ លោកតាជិះម៉ូតូកញ្ចាស់ពីផ្ទះដល់CTN ។
ខ្ញុំក៏មិនបានទៅសួរដេញដោលលោកតាមានផ្ទះ ឬឡានអ្វីទេ ព្រោះដោយក្តីគោរព និងចិត្តអាណិតគាត់ ។ លោកតាគឺខ្ញុំបានបង្ហោះជួយកាលពីមុនដំបូងនៅក្នុងមន្ទីរពេទ្យតែម្តង រហូតបងសាន ផានិត ខលមកសួរពីប្អូន រហូតទទួលបានជំនួយពីលោកឧកញ៉ាឌួង ឆាយ និងចៅរបស់សម្តេច បងប្រុសហ៊ុន បញ្ញាបុត្រ ។
ជាចុងក្រោយខ្ញុំសុំគោរព និងជម្រាប បងៗសិល្បៈទាំងអស់គ្នាថា ខ្ញុំគ្មានចេតនាបង្ហោះនេះដើម្បីបំបាក់លោកតាកុយ ឬ បងៗសិល្បៈណាម្នាក់ទេ គោលបំណងគឺភាពអាណិត និងការគោរព ព្រោះគាត់ធ្លាប់ធ្វើឱ្យមហាជនសើចសប្បាយពេលដែលគាត់លេង ម្តងៗ ហើយលោកតាកុយ ក៏ជាតារាកំប្លែងម្នាក់ដែលចៅគោរព និងចង់ជួបដែរ ព្រោះលោកតាល្បីក្នុងអំឡុងឆ្នាំ៩០ជាងមកម្ល៉េះ ។ សង្ឃឹមការរៀបរាប់មួយនេះ បងៗសិល្បៈទាំងអស់គ្នានឹងយល់ »៕