រាជធានីភ្នំពេញ ៖ ពិធីឡើងគេហដ្ឋានថ្មីរបស់ កូនៗលោកអ៊ិត សេដ្ឋា មានអ្នកចូលរួមច្រើន ធ្វើឲ្យ កូនៗ និងម្តាយរបស់លោករំភើបរីករាយ ។
ពិធីឡើងគេហដ្ឋានថ្មី កាលពីល្ងាចថ្ងៃទី២៣ តុលា ឆ្នាំ២០១៧ ស្តែងឲ្យឃើញថា ពិធីករដែលពោរពេញដោយប្រជាប្រិយភាពក្នុងស្រទាប់មហាជនលោកអ៊ិត សេដ្ឋា ទោះបីបាត់បង់ជីវិតទៅហើយក្តី នៅតែបន្សល់សេចក្តីស្រឡាញ់រាប់អានចំពោះរូបលោក ។
ផ្ទះថ្មីរបស់ កូនៗលោកអ៊ិត សេដ្ឋា ទទួលបានតាមរយៈមូលនិធិស៊ីធីអិន ។ ការទិញផ្តល់ជូននោះជាការបំពេញតាមបំណងរបស់លោកសេដ្ឋា ដែលចង់បានផ្ទះសមរម្យមួយទុកឲ្យម្តាយ និង កូនៗរស់នៅ ចៀសផុតពីការជួលផ្ទះគេស្នាក់នៅ ។ ឥឡូវបំណងរបស់លោកសេដ្ឋាបានសម្រេច ដូច្នេះអ្នកស្រលាញ់ រាប់អានលោកយល់ថាដួងវិញ្ញាណក្ខន្ឋលោកពិតបានស្ងប់ ។
ទោះជាមានភ្លៀងធ្លាក់ជោកជាំ តែនៅតែមានការចូលរួមពីសិល្បករជាច្រើន ជាការបង្ហាញទឹកចិត្តស្រឡាញ់ រាប់អានរបស់ពួកគេចំពោះលោកអ៊ិត សេដ្ឋា ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលក្នុងពិធីឡើងផ្ទះនេះ គឺសិល្បករខ្លះមិនបានទទួលលិខិតអញ្ជើញទេ តែនៅតែមិនប្រកាន់ ហើយទៅចូលរួម ។ អ្នកនាងយុគ ចិន្តា ជាអ្នកខ្នះខ្នែងចេញមុខអញ្ជើញ តាមរយៈឆាតហ្វេសប៊ុកផង និងហៅទូរស័ព្ទផង ។
ក្នុងពិធីឡើងគេហដ្ឋាននោះ អ្នកនាងយុគ ចិន្តា រីករាយណាស់ចំពោះវត្តមានភ្ញៀវកិត្តិយសជាច្រើនព្រោះលោកអ៊ិត សេដ្ឋា ជាដៃគូពិធីករស្និទ្ធស្នាលយូរឆ្នាំរបស់នាង ។ ទឹកមុខសប្បាយរីករាយរបស់អ្នកនាងចិន្តា បង្ហាញពីការបានបំពេញបំណងជូនមិត្តរួមអាជីព ក្រោមការអាណិតស្រឡាញ់ពីមហាជន ។
អ្នកសិល្បៈជាច្រើនបានបង្ហាញក្តីអាឡោះអាល័យចំពោះលោកអ៊ិត សេដ្ឋា ដែលបានបាត់បង់ជីវិតទៅដោយជំងឺ ។
លោកអ៊ិត សេដ្ឋា ស្លាប់ទៅបន្សល់ កូនៗកំព្រា និងម្តាយចាស់គ្មានទីពឹង ។ ទោះជាយ៉ាងណាក្តីក្រោមក្តីអាណិតអាសូររបស់មហាជន ម្តាយ និង កូនៗរបស់លោកទទួលបានផ្ទះថ្មីមួយល្វែងសម្រាប់ជ្រកកោន ៕