ការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍ក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់យូហ្វាឆេមពានលីគនារាត្រីនេះ គឺការប៉ះគ្នារវាងក្រុមម្ចាស់ផ្ទះ Roma និងក្រុមភ្ញៀវ Chelsea ។ ៣ប្រកួតជម្រុះកន្លងមក ក្រុមទាំងពីរហាក់ទទួលបានលទ្ធផលគាប់ប្រសើរច្រើន ដោយមិនទាន់មានក្រុមណាទទួលបរាជ័យនៅឡើយទេ ខណៈការប្រកួតប៉ះគ្នាលើកដំបូងនៅជុំទី៣ក្នុងពូលCនេះ ពួកគេបានត្រឹមស្មើគ្នាប៉ុណ្ណោះ ។ យ៉ាងណាមិញ ការធ្វើដំណើររបស់ក្រុម Chelsea មកទឹកដីអ៊ីតាលីលើកនេះ អាចនឹងរងសម្ពាធខ្លះ ជាងលេងនៅទឹកដីរបស់ខ្លួន។
ស្ថានភាពក្រុមម្ចាស់ផ្ទះ Roma បានបាត់បង់ខ្សែការពារបួនរូប ដោយសារតែបញ្ហារបួស មានដូចជាកីឡាករ Karsdorp, Abdullahi, Manolas និងកីឡាករ Emerson ។
ចំណែកឯតារាឆ្នើមប្រចាំក្លិបដែលបានស៊ុត២គ្រាប់ម្នាក់ឯងពេលប៉ះ Chelsea កាលពីថ្ងៃទី១៨ តុលា កីឡាករ Edin Dzeko ត្រូវបានគ្រូបង្វឹកសង្ឃឹមខ្ពស់ថា នឹងអាចជួយក្រុមឱ្យទទួលបានលាភសំណាងក្នុងទឹកដីរបស់ខ្លួន ។
ចំពោះក្រុមភ្ញៀវមកពីអង់គ្លេស Chelsea នឹងអវត្តមានខ្សែបម្រើពីររូប គឺកីឡាករ N’Golo Kante និង Victor Moses។ យ៉ាងណាមិញក្លិបតោខៀវមួយនេះ នៅមានខ្សែប្រយុទ្ធមុតស្រួចជាច្រើនរូបទៀត ដែលគេរំពឹងថា នឹងអាចទម្លាយរនាំងការពារ Roma បើទោះជាស្ថិតនៅក្រៅដីក៏ដោយ ។ ផ្អែកតាមស្ថានភាពក្លិប និងកូនក្រុមនីមួយៗនាពេលបច្ចុប្បន្ន អត្រាទទួលបានជ័យជម្នះអាចនឹងបានទៅក្រុមភ្ញៀវច្រើនជាងម្ចាស់ផ្ទះ ។
ការប្រកួតបាល់ទាត់យូហ្វាឆេមពានលីគ វគ្គជម្រុះក្នុងពូល ជុំទី 4 សម្រាប់រាត្រីថ្ងៃអង្គារនេះមានចំនួន 8 ប្រកួត ។ តើចចក Roma ឬតោខៀវ Chelsea ជាអ្នកមានសមត្ថភាពគ្រប់គ្រងបាល់នៅលើទីលាន ? ចំណែកឯ Man Utd, Paris SG, Bayern, Atletico និង Barcelona រំពឹងទទួលបានលាភសំណាង ។