រាជធានីភ្នំពេញ ៖ តារាចម្រៀងផលិតកម្មភ្លេងរីខត កញ្ញាវ៉ាន់ នីឡា បានប្រកាសបើកមុខរបរលើកដំបូង បន្ទាប់ពីបញ្ចប់រឿងក្តីជាមួយអតីតគូស្នេហ៍ដែលបញ្ចេញរូបអាក្រាតរបស់នាង ។ មុខជំនួញដែលវ៉ាន់ នីឡា គ្រោងនឹងដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ គឺជាហាងផឹកស៊ី នៅផ្សារកុងតឺន័រ ម្តុំផ្សារទួលសង្កែថ្មី ដាក់ឈ្មោះថា «Vanila Pub» ។
តារាចម្រៀងវ៉ាន់ នីឡា ឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា ការបើកមុខជំនួញលើកដំបូងរបស់នាងនាពេលនេះគឺជាការបោះទុនតែម្នាក់ឯងប៉ុណ្ណោះ គ្មានដៃគូភាគហ៊ុនណាមួយឡើយ។ ការសម្រេចបើកការរកស៊ីនៅទីតាំងនោះដោយសារនាងមើលឃើញអាជីវកម្មមួយនេះអាចមានផលចំណេញច្រើន ។ បើតាមវ៉ាន់ នីឡា ទីតាំងហាងរបស់នាង ក្នុងមួយខែតម្លៃជាង៥០០ដុល្លារ ខណៈពេលដែលមុខរបរមួយនេះនាងមិនសូវប្រើដើមទុនច្រើនប៉ុន្មានទេ ។ អាជីវកម្មដែលនាងនឹងដំណើរការនេះមិនដឹងអាចមានលទ្ធផលល្អ ឬអាក្រក់យ៉ាងណានោះ ប៉ុន្តែដោយសារតែមិត្តភក្តិដែលមានបទពិសោធន៍លើផ្នែកនេះណែនាំទើបនាងហ៊ានបើក ។
ហាងរបស់វ៉ាន់ នីឡា នឹងបើកដំណើរការទទួលភ្ញៀវជា បណ្តើរៗចាប់ពីពេលនេះតទៅ ប៉ុន្តែនាងមិនទាន់កំណត់ថ្ងៃដើម្បីបើកសម្ពោធនៅឡើយទេ ព្រោះត្រូវរៀបចំសម្ភារ ផ្សេងៗមួយចំនួនបន្ថែមទៀត ។ ពាក់ព័ន្ធទៅនឹងសុវត្ថិភាពផ្ទាល់ខ្លួនចំពោះទំនាស់ជាមួយអតីតគូស្នេហ៍របស់នាងដែលគេបន្តនៅក្រៅឃុំ និងនៅតែតាមរំខាននាងឥតដាច់នោះ វ៉ាន់ នីឡា អះអាងថា នាងមិនខ្លាចទេ បើទោះបីជានាងត្រូវបំពេញភារកិច្ចនៅគ្រប់គ្រងហាងជារៀងរាល់យប់ក៏ដោយ ៕