រាជធានីភ្នំពេញ ៖ អ្នកនាងម៉េង កែវពេជ្ជតា បានប្រតិកម្មតបចំពោះអ្នកនាងចន ច័ន្ទលក្ខិណា ចំពោះការលាបពណ៌លើនាងដែលបានសរសេរពាក់ព័ន្ធនឹងរូបិយប័ណ្ណជាតិកាលពីពេល ថ្មីៗកន្លងមក ។
តារាចម្រៀងម៉េង កែវពេជ្ជតា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «មិនឲ្យមហាជនរិះគន់ពិភពសិល្បៈថារញ៉េរញ៉ៃម្តេចបាន បើសូម្បីតែប្រធានសមាគមសិល្បៈក៏តាមបំផ្លាញអ្នកសិល្បៈគ្នាឯងដែរ (sic) ដើរឈ្លោះស្ទើរមួយប្រទេស ។ មានតែអញ ! លូកដៃតាំងពីរឿងកំប៉ិកកំប៉ុករហូតដល់រឿងនយោបាយខុសជំនាញ ។ ផ្អែមក្រៅដំបៅក្នុង ជំនាញចាក់រុកបង្កើតបក្សពួកនិយម គ្មានគំនិតបង្រួបបង្រួមក្នុងនាមខ្លួនជាប្រធានសោះ យកចរិតនៅផ្ទះមកដឹកនាំ មិនដែលថាខ្លួនឯងខុសម្តង គ្មានទំនួលខុសត្រូវ ។ ខឹងគេនិយាយចំចំណុចមិនតបនឹងមុខទេ រត់ទៅកៀរគរបក្សពួកឲ្យជួយជេរពីចម្ងាយ និងខំកាយយករឿងផ្សេងទាំងមិនពិតមកបញ្ឈឺ ។ អសីលធម៌ជេរបញ្ចោរយកតែឈ្នះ ហើយថ្មីៗនេះទើបតែជេរប៉ះដល់សិទ្ធិបុគ្គលប្តីប្រពន្ធអ្នកមានឋានៈកំពូល វិះតែនឹងបានជាប់ខ្នោះជាប់គុកច្រវាក់ទៅហើយ បើកុំតែរត់ទៅលុតជង្គង់ទាំងភ្នែកនៅកញ្ចឹងក ក្រាបសំពះសូមទោសគេទាន់ ។
សរុបទៅអ្វីដែលគាត់ធ្វើ សុទ្ធតែជារឿងគ្មានប្រយោជន៍អ្វីប៉ុនចុងក្រចកដល់សង្គម និងសិល្បៈសោះ ផ្ទុយទៅវិញបានត្រឹមតែធ្វើឲ្យពិភពសិល្បៈជួបតែភាពថោកទាប ឆ្អាបស្អុយ អត់តម្លៃ អាចឈានទៅរកការអស់ជំនឿ និងរលត់រលាយកេរ្តិ៍ឈ្មោះសមាគមសិល្បៈនៅអនាគតដ៏ខ្លីខាងមុខប៉ុណ្ណោះ ។ តើចរិតអ្នកដឹកនាំសិល្បៈគេធ្វើដូច្នេះឬ ?
ឥឡូវគាត់ងាកមកបំផ្លាញខ្ញុំទៀតហើយ ។ ជួយគិតមើលបងប្អូន ខ្ញុំនិយាយតែខ្ញុំ ឆ្ងល់រឿងលុយជារឿងធម្មតា អត់ប៉ះពាល់ដល់នរណាសោះ ស្រាប់តែគាត់មកលាបពណ៌ឲ្យខ្ញុំទៅជារឿងផ្សេងឯណាឆ្កុយ ។ សាហាវ ! ម៉េច ឃើញខ្ញុំនៅតែឯង គិតថាខ្ញុំនេះងាយយកមកលេងសើច ឬយ៉ាងម៉េច ? ចង់មានរឿងខ្លាំងណាស់មែនទេ ? សំអុយឈ្មោះខ្ញុំរាប់ឆ្នាំហើយ នៅមិនទាន់គ្រប់ទៀត ជាតិណាទើបឈប់ ? ឬទាល់តែមនុស្សទាំងលោកនេះគេព្រួតគ្នាស្តោះទឹកមាត់ដាក់មុខទើបអ្នកស្វាង ? ខ្ញុំនិយាយពីស្អី អ្នកដឹងខ្លួន ហើយៗកុំគិតថានៅសម្ងំប្រមូលពាក្យខ្ញុំទៅសន្សំរឿងដើម្បីរៀបគំរោងមកប្តឹងដូចនាងធ្លាប់ធ្វើដាក់គេឲ្យសោះ កុំអី សូមអង្វរ ខ្ញុំគ្មានខ្នងដូចអ្នកទេ ខ្ញុំខ្លាច…! តែសូមអ្នកប្រើខួរក្បាលល្អពិចារណាពីស្នាដៃខ្លួនឲ្យច្បាស់ ថាតើការនិយាយមួលបង្កាច់ខ្ញុំអ៊ីចឹង ភស្តុតាងប៉ុណ្ណឹង សាក្សីក៏មានច្រើន តើអ្នក ឬក៏ខ្ញុំដែលត្រូវប្តឹង ?
អ្នកត្អូញប្រាប់គេថាខ្លួនជាជនរងគ្រោះ តែអ្នកមានដែលបានទាក់ទងមកខ្ញុំដើម្បីបំភ្លឺទេបើពិតជាត្រឹមត្រូវ ? អត់ទេ ! តែបែជាទៅបង្ហោះពាក្យដៀមដាមហូរហែដូចថែមសាំងលើភ្លើង តើសម្តី ថ្លោសៗរបស់អ្នកនោះសមទេថានាងជាជនរងគ្រោះ ? តើត្រង់ណាដែលអ្នកថានាងមិនដឹងរឿង ? នរណាជឿ ? កុំភ្លេចពាក្យលែបខាយវ៉ៃផ្លែរបស់អ្នកដែលបានបង្ហោះទាំងប៉ុន្មានវានឹងចូលជាមួយពាក្យបណ្តឹងដែរហើយទោះជាអ្នកខំលុបចេញក៏ដោយក៏គ្រប់គ្នានៅមានដែរ ។ កុំបាច់ឆ្លើយដាក់អ្នកផ្សេង ព្រោះទោះជាយ៉ាងណាក្នុងនាមអ្នកជាប្រធាន និងជាម្ចាស់ Page ម្ចាស់website អ្នកត្រូវតែទទួលខុសត្រូវជាដាច់ខាតក្នុងរឿងនេះ ! បើចិត្តកូនស្រី កុំលេងរត់ !
ខ្ញុំមិនចង់ទេរឿងឈ្លោះ ពិសេសជាមួយអ្នកសិល្បៈ ខ្ញុំរឹតតែមិនដែលមាន ប៉ុន្តែរឿងនេះនាងបំពានខ្ញុំមុន ទាំងដែលខ្ញុំតែងស្រលាញ់នាង ការពារនាងពេលត្រូវគេជេរប្រមាថ ។ តែនាងលបត្របាក់ខ្ញុំឥតល្ហែ ។ ធ្លាប់អហោសិកម្មឲ្យច្រើនហើយ ប៉ុន្តែលើកនេះអត់ទេត្រូវតែប្រាប់ឲ្យគេដឹង ខ្លាចបើខ្ញុំមានរឿងអី ឬត្រូវបាត់បង់ការងារ ក៏ព្រោះតែពួកគេហ្នឹង ព្រោះពួកគេមួលបង្កាច់បំណងសម្លាប់ខ្ញុំទាំងរស់ណាបងប្អូន ចេតនាចង់ឲ្យខ្ញុំមានទោសពីបទប្រមាថព្រះមហាក្សត្រ ប្រមាថស្ថាប័នជាតិ និងប្រមាថ ប្រាក់រៀលខ្មែរ ។ គេចង់ឲ្យខ្ញុំត្រូវថ្នាក់លើអាក់អន់ចិត្តទាំងយល់ច្រឡំដូចលើក មុនៗ ដើម្បីបំបាត់ប្រជាប្រិយភាពខ្ញុំ បន្ថយការងារខ្ញុំ តើឱ្យខ្ញុំព្រងើយមិនឆ្លើយម៉េចនឹងបាន ?
តើក្នុងគ្រាដែលខ្ញុំខំតស៊ូទាំងបង ទាំងប្អូន ទាំងកូនក្មួយមួយត្រកូល ប្រឹងបង្កើនស្នាដៃជួយជ្រោងសិល្បៈដើម្បីមុខមាត់ជាតិ និងមិនដែលលើកដៃសំពះសុំលុយមួយរៀលពីអ្នកណា សូម្បីសមាគមសិល្បៈអ្នកនាងចន ច័ន្ទ នេះ ក៏មិនដែលផ្តល់កិត្តយសស្អីឲ្យក្រុមគ្រួសារខ្ញុំដែរ តែទៅជាអ្នកនាងប្រធានសមាគមសិល្បៈដែលមាននាទីជួយថែអ្នកសិល្បៈនេះប្រើគតិអវិជ្ជាមកបំផ្លាញចង់ផ្តាច់ពូជអ្នកសិល្បៈទៅវិញ តើបងប្អូនគិតថាគាត់ធ្វើនេះត្រឹមត្រូវដែរទេ ? បែបនេះគេអាចហៅប្រធានសមាគមនេះថាជាជនបំផ្លាញធនធានវប្បធម៌បានទេ ? ហើយអាចហៅបានទេថាជាដង្កូវក្នុងសាច់ ? តើគេគួរមានទោសកម្រិតណា?សូមបងប្អូនអានហើយពិចារណា និងផ្តល់ខមិនយុត្តិធម៌ខ្ញុំផង »។
វេបសាយមួយឈ្មោះDara News ( តារាញូស៍ )របស់សមាគមសិល្បៈដែលគេស្គាល់ថាអ្នកនាងចន ច័ន្ទលក្ខិណា ជាប្រធាននោះបានShare យក Status របស់ខ្ញុំមកផ្សាយបន្ត ហើយPage សមាគមសិល្បៈរបស់អ្នកនាងចន ច័ន្ទលក្ខិណាដដែលនេះក៏យកមកផុសលើគណនីគាត់ដែរ ប៉ុន្តែពួកគេមិនបានរក្សាភាពដើមឲ្យខ្ញុំទេ គឺគេបានបន្ថែមរូបលុយខ្មែរ ក្រដាស១០០០រៀលដែលមានព្រះឆាយាល័ក្ខណ៍ព្រះមហាវីរក្ស័ត្រដល់ទៅពីរសន្លឹក ព្រមទាំងបានថែមល្បោយ រោយម្ទេសជាពាក្យថា «ទាំងព្រលឹមហ្មង៖ ម៉េង កែវពេជ្ជតាព្រលះធនាគារជាតិយ៉ាងចាស់ដៃរឿងលុយថ្មី …» ពាក្យរបស់គាត់ទាំងនេះ ប្រាសចាកឆ្ងាយពីអត្ថន័យ និងបំណងខ្ញុំដែលបង្ហោះក្នុង Statusខ្ញុំទាំងស្រុង ធ្វើឲ្យមជ្ឈដ្ឋានខ្លះ ប៊ិះនឹងយល់ច្រឡំមកលើខ្ញុំ ដូច្នេះហើយ ទើបខ្ញុំត្រូវតែចេញមកពន្យល់ ។
អ្នកនាងម៉េង កែវពេជ្ជតា បន្តថា «សារនេះខ្ញុំសរសេរគ្មានបំណងចង់ឲ្យនាងសូមទោសស្អីទេ ព្រោះដឹងហើយថានាង គ្មានទំនួលខុសត្រូវស្ទើរតែគ្រប់រឿង ដូច្នេះខ្ញុំមិនរង់ចាំទេ គ្រាន់តែខ្ញុំចង់ជម្រាបដល់មហាជនឲ្យបានដឹងពីអ្នកនៅពីក្រោយរឿងនេះថាជា «ទេពអប្សរចិត្តព្រាយ»ហ្នឹងហើយ ។ ហើយក៏ចង់ជម្រាបដល់ស្ថាប័នដែលពាក់ព័ន្ធដែរ សូមលោកមេត្តាកុំយល់ខុសលើនាងខ្ញុំ រឿងនេះគឺខាងពួកគេអ្នកធ្វើទេ បើចង់ស្អប់ ឬស្រលាញ់ ចង់ហៅទៅហូបតែចត់ម្តងទៀត សូមលោកហៅពួកគាត់ទៅ នាងខ្ញុំមិនពាក់ព័ន្ធឡើយសូមអរគុណ »៕