រាជធានីភ្នំពេញ ៖ កញ្ញាពេជ្រ អាវីហ្សា ជាតារាលេចធ្លោម្នាក់ក្នុងចំណោមតារាស្រីរីកសាយកេរ្តិ៍ឈ្មោះដទៃទៀត ។ ទោះជាយ៉ាងណាក្តីអាវីហ្សា មួយរយៈនេះការសម្តែងភាពយន្តហាក់នៅទ្រឹងមិនច្រើនដូចពេលមុន ។
កញ្ញាពេជ្រ អាវីហ្សា ទើបតែសម្តែងចប់ពីររឿងដោយរង់ចាំការសម្ពោធនាពេលខាងមុខ។ វាមិនរីករាយទេដែលបានសម្តែងត្រឹមតែពីរបីរឿង គឺវីហ្សាចង់ក្រសោបការសម្តែងភាពយន្តឱ្យបានច្រើនបន្តទៀត ។ «នាងខ្ញុំចង់ឱ្យផលិតករគាត់ផ្តល់ការសម្តែងជូនច្រើនជាងនេះ មិនចង់បាន១ឆ្នាំ២ទៅ៣រឿងប៉ុណ្ណោះទេ ។ នាងខ្ញុំច្បាមបានច្រើនផ្នែកការសម្តែងចម្រៀងកាយវិការខារ៉ាអូខេច្រើនបទណាស់ សុទ្ធតែជាតួអង្គ សំខាន់ៗដូចជាសម្តែងនៅផលិតកម្មហង្សមាស ,ថោន និងសាន់ដេ ។ អ៊ីចឹងហើយទើបគិតថា ចង់ទទួលជម្រើសងាកមកបង្ហាញសមត្ថភាពលើទីផ្សារភាពយន្តឲ្យច្រើនដូចចម្រៀងខារ៉ាអូខេតែម្តង ។
ការស្ងាត់សម្តែងរឿងប្រហែលមកពីមុននាងខ្ញុំមមាញឹក ហើយមិនសូវបានចេញថតទើបផលិតករគាត់យល់ថាប្រហែលជាផ្អាក តាមការណ៍ពិតមិនបានផ្អាកអ្វីទេនៅតែសម្តែង។ ជីវិតនាងខ្ញុំមានតែសិល្បៈហ្នឹងហើយជួយបំពេញកម្រិតជីវភាពគ្រាដើមទុនមិនគ្រប់គ្រាន់ក្នុងការបើករបរផ្សេង ហើយនាងខ្ញុំមានអាជីពក្រៅសិល្បៈក៏មិនចោលដែរ ។
ដូចនេះក៏រំពឹងថាបងប្អូនផលិតករនឹងផ្តល់ទីផ្សារជាបន្តទៀតសម្រាប់រូបនាងខ្ញុំ ហើយក៏អរគុណដែលកន្លងមករមែងជូនការងារនាងខ្ញុំបង្ហាញស្នាដៃ » ។
កញ្ញាពេជ្រ អាវីហ្សា បញ្ជាក់ថា បច្ចុប្បន្ននាងកំពុងថតMVខារ៉ាអូខេ ថតស្ប៉ត ព្រមទាំងទទួលថតកុនរឿង «មិនសាកមិនដឹង» សម្តែងជាមួយតួស្រីម្នាក់ទៀតគឺកញ្ញា ដួង ម៉ានិច និងតួប្រុសដែលពូកែខាងក្បាច់គុន និងជាអ្នកលេងសាច់ដុំ ៕