រាជធានីភ្នំពេញ ៖ តារាសម្តែងលោកសាវីន ហ្វីលីព និងចាងហ្វាងផលិតកម្មមហាហង្សលោកអ៊ិន សុភិន បានខ្វែងគំនិតគ្នាជុំវិញការដាក់បញ្ចូលខ្សែភាពយន្តខ្មែរដែលដឹកនាំដោយបរទេសដើម្បីប្រកួតប្រជែងក្នុងមហោស្រពភាពយន្តជាតិលើកទី៥ ឆ្នាំ២០១៧ ។
ការខ្វែងគំនិតគ្នានេះកើតឡើងបន្ទាប់ពីខ្សែភាពយន្តចំនួន៣រឿងដែលជាស្នាដៃដឹកនាំថតដោយផលិតករបរទេស ហើយកំពុងតែទទួលបានគាំទ្រច្រើនពីអ្នកទស្សនា ខណៈពេលដែលក្នុងចំណោមភាពយន្តទាំងបីនេះទំនងក្លាយជាម្ចាស់ពាន ។
ខ្សែភាពយន្តទាំងបីនោះ គឺរឿង «ការពារឧក្រិដ្ឋជន» «មុនពេលដួលរលំ» និងរឿង«តម្លៃស្នេហ៍» ដែលរឿងទាំងនោះដឹកនាំដោយផលិត ករបរទេស បើទោះបីជាមានចូលរួមដោយតារាភាពយន្តខ្មែរក៏ដោយ ។
ផលិតករមួយចំនួនសម្តែងការមិនពេញចិត្តចំពោះក្រសួងដែលអនុញ្ញាតឲ្យភាពយន្តទាំងនោះចូលរួមប្រកូតប្រជែង ក្នុងពេលខ្សែភាពយន្តខ្មែរដែលដឹកនាំដោយជនជាតិខ្មែរនៅមានកម្រិតនៅឡើយ ។
ពាក់ព័ន្ធទៅនឹងការរិះគន់នេះ ថ្មីៗកន្លងមកតារាសម្តែងលោកសាវីន ហ្វីលីព លើកឡើងថា «អ្នករិះគន់ភាគច្រើនប្រហែលមិនបានអានលក្ខខណ្ឌថ្មីនានារបស់នាយកដ្ឋានភាពយន្តថាតើភាពយន្តដែលផលិតដោយផលិតករបរទេសនៅស្រុកខ្មែរបែបណាដែលអាចមានសិទ្ធិចូលរួមប្រកួតជាមួយព្រឹត្តិការណ៍មហោស្រពភាពយន្តជាតិឆ្នាំនេះបាន ? តាមយោបល់ខ្ញុំ បើគេធ្វើបានល្អជាងអបអរគេទៅកុំច្រណែនគេអី កុំលាបពណ៌គេអី យ៉ាងហោចណាស់តួសម្ដែង និងក្រុមផលិត៩៩%សុទ្ធតែជាខ្មែរ ។ ខ្ញុំនិយាយនេះមិនមែនដោយសាររឿង« Jail Breakការពារឧក្រិដ្ធជន» និងរឿង «តម្លៃស្នេហ៍ » សុទ្ធតែមានខ្ញុំសម្ដែងទេ »។
ចំណែកចាងហ្វាងផលិតកម្មមហាហង្សលោកអុិន សុភិន យល់ឃើញផ្ទុយពីការលើកឡើងរបស់លោកសាវីន ហ្វីលីព ដោយលោកលើកឡើងថា «ពាក្យថាមហោស្រពភាពយន្តជាតិ គឺអ្វីៗកូនខ្មែរជាអ្នកផលិតដើម្បីបង្ហាញពីស្នាដៃកូនខ្មែរ និងអត្តសញ្ញាណជាតិខ្មែរ ។ ផលិតករខ្មែរទាំងអស់ខំប្រឹងណាស់រហូតដល់មានការរីកចម្រើនវិស័យភាពយន្តគួរឲ្យកត់សម្គាល់ ផលិតករខ្លះរហូតដល់ខ្ចីលុយគេទៀតមកផលិតភាពយន្តព្រោះតែចង់លើកស្ទួយវិស័យមួយនេះ ។ ការប្រកួតប្រជែងចាញ់ ឬឈ្នះជារឿងធម្មតា ប៉ុន្តែត្រូវសុក្រឹត និងយុត្តិធម៌ ។
ផលិតករខ្មែរមិនមានគំនិតថោកទាបទៅច្រណែននឹងរឿងបរទេសជាអ្នកផលិត ចូលរួមប្រកួតប្រជែង ដូចជនអគតិមួយចំនួនគិតនោះទេ គ្រាន់តែចង់ចែកឱ្យច្បាស់រវាងពាក្យជាតិ និងអន្តរជាតិ ។
បើសិនមិនការវែកញែកច្បាស់លាស់នៅមហោស្រពលើកក្រោយផលិតករខ្មែរនឹងមានការថយចុះក្នុងការយករឿងទៅប្រកួតប្រជែង ពេលនោះមហោស្រពជាតិមានតែរឿងផលិតដោយផលិតករបរទេសចូលរួមប្រកួតប្រជែង តើឯណាទៅពាក្យថាជាតិខ្មែរចង់លើកស្ទួយស្នាដៃខ្មែរជាអ្នកផលិត ។
ផលិតករខ្មែរនឹងបាក់ទឹកចិត្តវិស័យភាពយន្តនិងធ្លាក់ចុះវិញជាមិនខាន កូនខ្មែរមួយចំនួននឹងអត់ការងារធ្វើ ព្រោះផលិតករដែលមានលុយច្រើននឹងរត់ទៅជួលបរទេសមកផលិតរឿងដើម្បីដាក់ប្រកួតប្រជែង យកឈ្មោះ ពេលនោះហើយកូនខ្មែរនឹងអស់ឱកាសក្នុងការបញ្ចញស្នាដៃក្នុងការប្រកួតប្រជែងថ្នាក់ជាតិ » ។
ប្រធានស្តីទីនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌លោកប៉ុក បូរក្ស អះអាងថា«ការប្រកួតប្រជែងនេះធ្វើទៅតាមគោលការណ៍ គឺភាពយន្តណាផលិតនៅកម្ពុជាដែលមានទិដ្ឋាការផលិតពីក្រសួង និងមានការចូលរួមសម្តែងដោយជនជាតិខ្មែរមិនថាផលិតដោយជនបរទេសនោះទេ សុទ្ធតែមានសិទ្ធិចូលរួមប្រកួតក្នុងមហោស្រពភាពភាពយន្តជាតិលើកទី៥ ។ មហោស្រពភាពយន្តជាតិលើកទី៥ខុសពីពេលកន្លងទៅ ដោយបានបើកទូលាយរាល់ភាពយន្តដែលផលិតក្នុងប្រទេសកម្ពុជាឱ្យចូលរួមប្រកួត ដើម្បីឱ្យការប្រកួតប្រជែងកាន់តែខ្លាំងជាងមុន» ៕