រាជធានីភ្នំពេញ ៖ នេះជាការឆ្លុះបញ្ចាំង ដល់សង្គមដែលចង់បង្ហាញថា ជីវិតនៅលើលោកនេះ មានតែការតស៊ូព្យាយាមអំណត់នោះទេដែលអាចឆ្លងដល់ត្រើយសុខសុភមង្គល។ តួយ៉ាងលោក ឡេង ណាវ៉ាត់ត្រា ម្ចាស់ផលិតកម្ម និងជាតារាសម្តែងមួយដួងដែរនោះបានក្លាយជាឧកញ៉ាបន្ទាប់ពីលោកបានធ្វើកិច្ចការជាច្រើន ដើម្បីជួយដល់សង្គមកម្ពុជា។
មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាចម្រៀងរូបនេះ ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតកម្មផង ស្រាប់តែបានគោរមងារជាឧកញ៉ាបាត់ទៅហើយ ដោយគោរមងារនឹងត្រូវប្រកាសឡើងជាផ្លូវការក្នុងពេលដ៏ខ្លី។ តារាសិល្បៈច្រើននាក់បានបង្ហាញពីការភ្ញាក់ផ្អើល ជាពិសេសក្នុងពេលដែលលោកគឺជា តារាសិល្បៈតែម្នាក់នៅក្នុងពិភពចម្រៀង ដែលទទួលបានតំណែងយ៉ាងកាលីបមួយនេះ។ យោងតាមការប្រកាសរបស់លោក ហ៊ុន ម៉ាណែត កូនប្រុសនាយករដ្ឋមន្ត្រី នៅក្នុងកម្មវិធីខួប១០ឆ្នាំនៃប្រព័ន្ធអនុញាតិ EPS បានទទួលស្គាល់លោក ឡេង ណាវ៉ាត់ត្រា ដែលជាតារាចម្រៀង និងជាអតីតពលករនៅក្នុងប្រទេសកូរ៉េបានក្លាយជាឧកញ៉ាហើយ ដោយលោកបានទាំងអបអរដល់តារាចម្រៀងរូបនេះ និងថាលោកជាតារាសិល្បៈវ័យក្មេងមួយរូប ដែលបានវិវត្តន៍ខ្លួនក្លាយជាអ្នកជំនួន និងក្លាយជាឧកញ៉ាតាមរយៈការរួមចំណែកជួយដល់សង្គមផងនោះ។
ការប្រកាសរបស់លោកហ៊ុន ម៉ាណែត បានធ្វើអោយម្នាក់ៗភ្ញាក់ព្រឺតយ៉ាងខ្លាំង ក្នុងពេលដែលពេលកន្លងមក គេដឹងត្រឹមតែលោក ឡេង ណាវ៉ាត់ត្រា គ្រាន់តែមានសំណង់បុរីផ្ទះល្វែង និងវីឡាកូនកាត់ អមដោយមុខជំនួញពុះដីឡូតិ៍លក់ និងមានការរួមចំណែកជួយដល់សង្គមជាច្រើន តែមិនបានដឹងថាលោកបានងារជាឧកញ៉ា ដែលនឹងប្រកាសឡើងដោយព្រះមហាក្សត្រនោះឡើយ។ ប្រភពផ្លូវការបានអះអាងថាគោរមងាររបស់លោកនឹងធ្លាក់ជាផ្លូវការក្នុងពេលឆាប់ៗ អ៊ីចឹងហើយទើបអ្នកមុខអ្នកការដែលបានដឹងពីគម្រោងនៃការប្រកាសនោះបានហៅលោកថា លោកឧកញ៉ារួចជាស្រេច ជាពិសេសគឺការប្រកាសរបស់លោក ហ៊ុន ម៉ាណែត តែម្ដង។ លោកគឺជាអ្នកសិល្បៈទី២ ដែលបានទទួលងារជាលោកឧកញ៉ា បន្ទាប់ពីតារាកំប្លែង នាយឃ្លោក ដែលមានគុណបំណាច់ជាច្រើនក្នុងការរួមចំណែកជួយដល់សង្គម ក៏បានទទួលគោរមងារមួយនេះផងដែរ។ លោកឡេង ណាវ៉ាត់ត្រា បានអះអាងថា លោកពិតជាត្រូវបានស្នើអោយឡើងជាឧកញ៉ាប្រាកដមែន ប៉ុន្តែមិនទាន់ច្បាស់ថានឹងធ្លាក់លិខិតប្រកាសនោះក្នុងពេលណានោះទេ។
យ៉ាងណាមិញ លោកថាសម្រាប់ថ្នាក់ៗដែលបានមើលឃើញពីសកម្មភាពរបស់លោក បានទទួលស្គាល់ពីការតែងតាំងនោះរួចអស់ហើយ បន្ទាប់ពីលោកបានរួមចំណែកជួយដល់សង្គមនាមួយរយៈចុងក្រោយ ដែលរួមមានជួយសមាគមសិល្បករខ្មែរ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់កាកបាទក្រហមកម្ពុជាជាដើម៕