រាជធានីភ្នំពេញ ៖ ឪពុករបស់អ្នកនាងភិន សុដាលីស គឺលោកអ៊ិន សុភិន បានលាតត្រដាងអំពើអាក្រក់របស់លោកប៉ែន ចំរ៉ុង ហាក់ដូចជាឆ្លើយតបទៅលោកប៉ែន ចំរ៉ុង ដែលបានបង្ហាញបំណងចង់ជួបមុខកូនស្រីរបស់ខ្លួនជាមួយភិន សុដាលីស ។
លោកប៉ែន ចំរ៉ុង ប្រាប់អ្នកសារព័ត៌មានពីការនឹករលឹក និងចង់ឃើញមុខកូនស្រីរបស់ខ្លួន ជាមួយអ្នកនាងភិន សុដាលីស ។
បើទោះបីជាប៉ែន ចំរ៉ុង មិនមានចេតនាណាមួយវិលទៅរស់នៅជាមួយភិន សុដាលីស ជាថ្មីក៏ដោយ ប៉ុន្តែលោកបានថ្លែងពីការនឹករលឹក និងចង់ជួបមុខកូនស្រីដោយផ្ទាល់ម្តង ដ្បិតជាតំណក់ឈាមរបស់លោកដែរ ។
ទោះជាយ៉ាងណាក្តីគោលបំណងមួយនេះរបស់ប៉ែន ចំរ៉ុង ទំនងជាមិនអាចទៅរួចឡើយ ខណៈពេលដែលលោកអ៊ិន សុភិន បានបកអាក្រាតរឿងអាក្រក់របស់លោក ពេលលឺសម្តីចេញពីមាត់របស់លោកប៉ែន ចំរ៉ុង បែបនោះ ។
លោកអ៊ិន សុភិន បានបង្ហោះសាររៀបរាប់ថា «ចៅស្រីសំណព្វចិត្តរបស់តា ពេលនេះចៅមានអាយុ១ឆ្នាំ៥ខែហើយ ចៅមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងជីវិតរបស់តា ចៅជាឱសថអាចព្យាបាលជំងឺមួយរយមុខរបស់តាឱ្យជា និងធ្វើឱ្យតាមានសេចក្ដីសុខបំផុតក្នុងជីវិត តាំងពីចៅនៅក្នុងពោះម្ដាយចៅរហូតដល់ពេលនេះ ។ ចុះបើចៅធំដឹងក្ដីឡើងពេលដែលចៅដឹងថាឪពុករបស់ចៅជាឃាតករចង់សម្លាប់កូនខ្លួនឯង ដោយឱ្យម្ដាយចៅទម្លាក់កូនចោលតាំងពីចៅអាយុ៣ខែក្នុងពោះ តើចៅមានអារម្មណ៍យ៉ាងណាចំពោះឪពុកម្នាក់នេះ ? ឪពុកចៅធ្វើបាបម្ដាយចៅដោយរត់ចោលទាំងចៅនៅក្នុងពោះ៣ខែ តើម្ដាយចៅលំបាកប៉ុនណា ? ឪពុកចៅដើរនិយាយប្រាប់គេថាពេលដែលចៅកើតមកនឹងមិនមានរូបកាយគ្រប់លក្ខណៈទេដោយម្ដាយចៅជាមនុស្សមិនគ្រប់ទឹក ឆ្កួតមិនដឹងអី ។
ឪពុកចៅប្ដឹងទៅតុលាការដើម្បីលែងម្ដាយចៅ និងមិនទទួលស្គាល់ចៅនៅមុខតុលាការ។ ពេលចៅអាយុ៤ខែក្នុងពោះ ម្ដាយចៅខំអង្វរយ៉ាងណាក៏ឪពុកចៅមិនព្រម ពេលនោះចៅក៏ក្លាយជាទារកកំព្រាឪពុកតាំងពីពេលនោះមក ម្ដាយចៅខំកាត់កេរ្តិ៍ កាត់ខ្មាសលះបង់ អ្វីៗគ្រប់បែបយ៉ាងដើម្បីឪពុកចៅ តែទីបំផុតម្ដាយចៅបានត្រឹមតែទទួលភាពអាម៉ាស់ និងថោកទាបបំផុតនៅនឹងមុខតុលាការ និងមុខមហាជនរាប់លាននាក់។ ម្ដាយចៅប្រឹងតស៊ូលំបាកទាំងផ្លូវកាយ ផ្លូវចិត្ត មកទល់ពេលនេះដើម្បីរូបចៅដោយត្រូវបក្សពួករបស់ឪពុកចៅដើរនិយាយបរិហារកេរ្តិ៍ខុសពីការណ៍ពិត តើម្ដាយចៅឈឺចាប់ប៉ុនណា ? មានរឿងជាច្រើនទៀតដែលឪពុកចៅបានធ្វើមកលើម្ដាយចៅ និងរូបចៅផ្ទាល់។
ពេលដែលចៅបានដឹងអំពើដ៏ថោកទាបរបស់ឪពុកចៅ តើចៅមានអារម្មណ៍យ៉ាងណាចំពោះឪពុករបស់ចៅ ? ពេលនេះឪពុកចៅនិយាយថាគេស្រលាញ់ចៅ កូនសំណព្វចិត្តឪពុក ឪពុកនឹកកូនរកអ្វីប្រៀបផ្ទឹមពុំបាន តើចៅយល់ឃើញនឹងមានអារម្មណ៍យ៉ាងណា? តើអាចទទួលស្គាល់ឪពុកនេះបានទេ ? តាម្នាក់នេះនឹងខំមើលចៅឱ្យបានល្អបំផុត »។
លោកប៉ែន ចំរ៉ុង បានដាក់ពាក្យសុំលែងលះជាមួយភរិយាអត់ទាន់រៀបការរបស់លោកអ្នកនាង ភិន សុដាលីស កាលពីថ្ងៃទី២៩ មេសា ឆ្នាំ២០១៦ ។ នៅក្នុងបណ្ដឹងលែងលះនោះ គឺលោកលើកហេតុផលថា មិនអាចរស់នៅចុះសម្រុងនឹងគ្នា ខណៈពេលភាគីខាងស្រីវិញ ត្រូវបានឪពុក គឺលោកអ៊ិន សុភិន អះអាងថា កូនស្រីលោកក៏អស់ចិត្តនឹងប៉ែន ចំរ៉ុង ដែរ ហើយទីបំផុតអ្នកទាំងពីរបានលែងលះគ្នាជាស្ថាពរតាមផ្លូវតុលាការ ៕