អ្នកសិល្បៈ​ចាស់​ៗ​ធ្លាក់ខ្លួន​ឈឺ និង​បាត់បង់​សមត្ថភាព​សម្តែង

រាជធានី​ភ្នំពេញ ៖ បច្ចុប្បន្ន​អ្នកសិល្បៈ ល្បី​ៗ​មួយ​ចំនួន​បាន និង​កំពុង​តែ​ញាំញី​ដោយសារ​ជំងឺ និង​ជរា ហើយ​បាត់បង់​សមត្ថភាព​សម្តែង​ទាំងស្រុង ។ ពួក​គាត់​ទាំងនោះ​ធ្លាប់​បាន​ធ្វើ​ទស្សនិកជន​សប្បាយ​រីករាយ ។ ដ្បិត​មិន​អាច​ឈរជើង​សម្តែង​បាន​ក៏​ពិតមែន ប៉ុន្តែ​អ្នក​សិល្បៈ​ទាំង​អស់នោះ​ត្រូវ​បានការ​យកចិត្តទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​សមាគម​សិល្បៈ​នានា​ផង​ដែរ ។

ជាតា​រា​កំប្លែង​ដែល​សម្តែង​ក្នុង​វិស័យ​សិល្បៈ​មិន​តិច​ឆ្នាំ​នោះ​តា​ប៉ិ​គក់​បាន និង​កំពុង​ញាំញី​ដោយ​ជំងឺ ផ្សេង​ៗ​ជាមួយនឹង​ភាព​ចាស់ជរា ហើយ​គាត់​បាន​បាត់បង់​សមត្ថភាព​សម្តែង​ទាំងស្រុង​ជិត​១០​ឆ្នាំ​មក​ហើយ ។

លោក​ស៊ុ​យ ចាន់ ហៅ​តា​ប៉ិក​គក់ មាន​អាយុ​ជាង​៧០​ឆ្នាំ និង​ធ្លាក់ខ្លួន​ឈឺ​ដុះ​សាច់​ក្នុង​តម្រងនោម និង​ឆ្អឹងខ្នង ជំងឺ​ទាំងនេះ​បាន​រុញច្រាន​តារា​កំ​ប្លែក​រូប​នេះ​ឲ្យ​ឃ្លាតឆ្ងាយ​ទាំងស្រុង​ពី​វិស័យ​សិល្បៈ ។

លោកតា​ប៉ិ​គួ​ក​ចូល​បម្រើ​វិស័យ​សិល្បៈ​តាំងពី​ទស​វត្ស​ឆ្នាំ​៦០ និង​មានឈ្មោះ​បោះ​សំឡេង​គ្រាន់បើ​ដែរ បើ​ប្រៀបធៀប​នឹង​តារា​កំប្លែង​ជើង​ចាស់​ដទៃ​ទៀត ហើយ​បច្ចុប្បន្ន​តារា​កំប្លែង​រូប​នេះ​ជួប​ការ​លំបាក​ផ្នែក​ជីវភាព ខណៈ​កំពុង​ធ្លាក់ខ្លួន​ឈឺ និង​ត្រូវការ​ប្រាក់​សម្រាប់​ព្យាបាល ។

តារា​កំប្លែង​នាយ​វី​មីន​សេ បាន និង​កំពុង​តែ​ញាំញី​ដោយសារ​ជំងឺ​ដំបៅ​ក្រពះ ដុះ​សាច់​ក្នុង​ថ្លើម បន្ថែម​ពីលើ​ជំងឺ​ទឹកនោមផ្អែម និង​លើសឈាម​ដែល​កើត​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ​នោះ។

ដោយសារ​តែ​ជំងឺ​កាន់តែ​វិ​វ​ឌ្ឍ​កាន់តែ​ធ្ងន់​បាន​ធ្វើ​ឲ្យ​តារា​កំប្លែង​ដែល​តែងតែ​ធ្វើ​ឲ្យ​គេ​ផ្ទុះសំណើច​រូប​នេះ​បាន​ចាកចេញ​ស្ទើរ​ទាំងស្រុង​ពី​ការ​សម្តែង ដោយ​តម្រូវ​ឲ្យ​ស្នាក់​នៅ​ព្យាបាល​ជំងឺ​ក្នុង​រយៈពេល​យូរ ។ យ៉ាងណា​ក៏​ដោយ​តារា​កំប្លែង​នាយ​វីតាមីន​សេ ទំនង​ជា​នឹង​មិន​អាច​វិល​មក​ការ​សម្តែង​វិញ​ឡើយ បើ​ទោះបីជា​លោក​អាច​ស្បើយ​ពី​ជំងឺ​វិញ​​យ៉ាង​ណា​ក៏​ដោយ ខណៈ​ពេល​ដែល​សុខភាព និង​រាង​កាយ​របស់​គាត់​កាន់តែ​ទ្រុឌ​ទ្រោម។

តារា​កំប្លែង និង​អ្នកចម្រៀង​អា​យ៉ៃ​សង់​ស៊ី​សបាន​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​តែ​ជំងឺ​លើស​ឈាម​ជាមួយ​វ័យ​កាន់តែ​ជរា​នាំ​ឲ្យ​គាត់​បាន​ឃ្លាតឆ្ងាយ​ពី​អាជីព​សិល្បៈ​ទាំងស្រុង​។ នាយ​សង់​ស៊ី​ស បាន​កើត​ជំងឺលើសឈាម​នាំ​ឲ្យ​លោក​មិន​អាច​និយាយ​អ្វី​បាន​ច្បាស់​ដូច​មុន​ឡើយ ហើយ​គាត់​ត្រូវ​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ ក្រោម​ការ​មើលថែ​ពី​ក្រុម​គ្រួសារ ។

បច្ចុប្បន្ន លោក​ម៉ា​រី សុ​ន ហៅ​នាយ​សង់​ស៊ី​ស បាន​ឈាន​ដល់​អាយុ​៧២​ឆ្នាំ​ហើយ ហើយ​គាត់​គឺជា​តារា​កំប្លែង មិន​រើស​ក្រុម ដោយ​ក្រុម​ណា​អញ្ជើញ​ទៅ​ចូលរួម​សម្តែង​ក៏​បាន​ដែរ។

នាយ​សង់​ស៊ី​ស ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាំងពី​កុមារភាព​មក​ដល់​ពេល​នេះ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ ដោយ​មានការ​គាំទ្រ​ពី​មហាជន​ទូទៅ និង​នៅ​ក្រៅប្រទេស​ផង​ដែរ ។

អ្នកចម្រៀង​អា​យ៉ៃ​លោកតា​ផ្លុ​ង មឿ​ក បាន​បាត់បង​សមត្ថភាព​សម្តែង​ទាំងស្រុង បន្ទាប់​ពី​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺ​ជា​ច្រើន​មុខ ដែល​បណ្តាល​ឲ្យ​គាត់​មានការ​វង្វេង ម្តង​ៗ ។

តារា​រូប​នេះ​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ញឹកញាប់ ប៉ុន្តែ​ដោយសារ​ក្រុម​​គ្រួសារ​របស់​គាត់​មាន​ភាព​ខ្វះខាត ទើប​នៅ​បន្ត​ការ​ព្យាបាល​នៅផ្ទះ​ដោយ​ការ​លេប​ថ្នាំ ។ ប៉ុន្តែ​ដោយសារ​តែ​មានការ​ជ្រោមជ្រែង​ពី​សមាគម​សិល្បករ​ខ្មែរ ក្រុម​គ្រួសារ​របស់​គាត់​អាច​នាំ​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជា​ថ្មី​ម្តងទៀត ជាមួយ​ការ​រ៉ាប់រង​ព្យាបាល​ទាំងស្រុង​ពី​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​លោក​ហ៊ុន ម៉ា​ណែ​ត ។

លោកតា​ផ្លុ​ង មឿ​ក មាន​វ័យ​៨៣​ឆ្នាំ​ជា​អ្នក​អា​យ៉ៃ​ជើង​ចាស់ ហើយ​អ្វី​ដែល​ត្រូវ​បាន​ទស្ស​និក​ជន​កាន់តែ​ស្គាល់​នោះ គឺ​ការ​ចូលរួម​សម្តែង​រឿង​កំប្លែង «​តា​ភោគ​» ។ លោកតា​ក៏​ជា​អតីត​អ្នក​បង្ហាត់បង្រៀន​សិល្បៈ​អា​យ៉ៃ​នៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​អតីត​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទន្លេបាសាក់​ផង​ដែរ ។

អតីត​តារា​កំប្លែង​ជើង​ចាស់ និង​ជា​ប្រធាន​អង្គការ N.A.C.A លោក​ស៊ូ សា​វ៉ាង ហៅ​តា ហ្វ៊ុ​យ​ហ្សូ បាន និង​កំពុង​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ជំងឺមហារីក ជាមួយ​ភាព​ជរា ហើយ​បាន​បាត់បង់​សមត្ថភាព​សម្តែង​ទាំងស្រុង ។ បើ​ទោះបីជា​មិន​អាច​សម្តែង​បាន​បន្ត​ទៀត​ក៏​ដោយ ប៉ុន្តែ​លោក​ក៏​បាន​បើក​សមាគម​សិល្បៈ​ផ្ទាល់ខ្លួន​មួយ ដើម្បី​បណ្តុះបណ្តាល​ផ្នែក​សិល្បៈ​ដល់​ក្មេង​ជំនាន់​ក្រោយ ។

ក្នុង​វ័យ​៧៥​ឆ្នាំ​លោកតា​ហ៊្វុយ​ហ៊្សូ បាន​ខិតខំ​ទ្រទ្រង់​អង្គការ​N.A.C.A តាំងពី​អំឡុង​ឆ្នាំ​២០០០ ដោយ​ទទួលយក​តែ​កុមារ​កំព្រា ឬ​កុមារ​ដែល​ក្រីក្រ​គ្មាន​លទ្ធភាព​ទៅ​សាលារៀន ក្នុង​ចន្លោះ​ពី​អាយុ​៦​ឆ្នាំ រហូត​ដល់​ទៅ​១៨​ឆ្នាំ ។ អង្គការ​មួយ​នេះ​មាន​បង្រៀន​សិល្បៈ​របាំ​គ្រប់​ប្រភេទ សម្ដែង​ខារ៉ាអូខេ ពិធីករ បង្រៀន​ភាសា​អង់គ្លេស និង ចំណេះដឹង​ទូទៅ​ជា​ដើម ។

ជាតា​រា​កំប្លែង អ្នក​អា​យ៉ៃ និង​តួឯក​យីកេ​ប្រចាំ​វិទ្យុជាតិ​ដ៏​ល្បី​អ្នកស្រី​ណ​យ សំណាង បាន និង​កំពុង​តែ​ញាំញី​ដោយសារ​ជំងឺ និង​ភាព​ចាស់ជរា ខណៈ​ពេល​អាជីព​សិល្បៈ​របស់​គាត់​បច្ចុប្បន្ន​ថមថយ​ច្រើន ។ គាត់​អាច​ចេញ​សម្តែង​វិញ​បាន​ម្តងម្កាល​ប៉ុណ្ណោះ​អាស្រ័យ​លើ​សុខភាព ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​អាជីព​សិល្បៈ​របស់​គាត់​ទំនងជា​មិន​អាច​ទៅ​មុខ​ទៀត​ឡើយ ដោយ​សុខភាព​កាន់តែ​ទ្រុឌទ្រោម​ទៅ​ហើយ ។ ក្នុង​រូប​កាយ​ចាស់ជរា​ញាំញី​ដោយ​ជំងឺ​គ្មាន​ស្រាកស្រាន្ដ អតីត​តារា​កំប្លែង​វ័យ​៧៥​ឆ្នាំ លោកយាយ​ណ​យ សំណាង កំពុង​តែ​រស់នៅ​ជាមួយនឹង​ចៅ​ៗ​ទាំង​៦​នាក់ និង​មានកូន​ប្រុស​ម្នាក់​ឈ្មោះ​វ​ណ្ណា ស័​ក្ត ជា​តារាចំរៀង​ផលិតកម្ម M ។ ចំណែក​កូនប្រុស​ម្នាក់​ទៀត​បាន​បាត់បង់​ជីវិត​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ។

តារាចម្រៀង​មាន​ដើម​កំណើត​ពី​ខេត្តស្វាយរៀង​លោក​សួ​ស សង​វាចា បាន​បាត់បង់​អាជីព​ចម្រៀង​ទាំងស្រុង បន្ទាប់​ពី​តារា​រូប​នេះ​បាន​ពើបប្រទះ​ជំងឺលើសឈាម រហូត​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​នា​ពេល​កន្លង​មក ។ បើ​ទោះបីជា​ពេល​នេះ​ជំងឺ​របស់​លោក​បាន​ធូរស្រាល​បន្តិច ប៉ុន្តែ​លោក​នៅ​មិន​ទាន់​អាច​កាន់​ក្បាល​មេក្រូ​ច្រៀង​ឡើង​វិញ​បាន​នៅឡើយ​ទេ ក្នុង​ពេល​ដែល​រាង​កាយ​របស់​លោក​ក៏​នៅ​មិន​ទាន់​អាច​កម្រើក​បាន​ល្អ​ដូច​ធម្មតា​នោះ​ទេ ។

លោក​សួ​ស សង​វាចា ក្រៅពី​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល លោក​ក៏​មាន​ជំងឺ​ទឹក​នោមផ្អែម​កម្រិត​ធ្ងន់​មួយ​មុខ​ទៀត ដែល​ត្រូវ​ចាក់​ថ្នាំ​ការពារ​ជា​ប្រចាំ​ផង​ដែរ ហើយ​លោក​ត្រូវ​ចំណាយ​ការ​ព្យាបាល​ច្រើន​ជាមួយ​ជំងឺ​មួយ​នេះ ៕