រាជធានីភ្នំពេញ ៖ និយាយពិតទៅ ឆ្នាំ២០១៧កន្លងមក គឺជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា ដែលបានក្លាយជាម្ចាស់ផ្ទះប្រឡងជ្រើសរើសបវរកញ្ញាថ្នាក់អន្តរជាតិ ដែលជាប្រវត្តិសាស្ត្រកាលពីថ្ងៃទី១៨ វិច្ឆិកា ២០១៧ មិនធ្លាប់មាននោះទេ ។ ប៉ុន្តែអ្វីដែលកំពុងផ្ទុះបាតុភាព គួរឱ្យសោកស្តាយនេះ គឺការបែកធ្លាយរឿងរ៉ាវអាស្រូវពីអំពើពុករលួយចោទប្រកាន់គ្នាមួយបានផ្ទុះឡើង តាមរយៈការធ្វើសន្និសីទសារព័ត៌មានរបស់លោក ឌី ពេជ្រ ដែលជានាយកប្រតិបត្តិ និងជាប្រធានបវរកញ្ញាខ្មែរ-អាមេរិក ។
បើទោះបីជាកម្មវិធីប្រកួតបវរកញ្ញាពិភពលោក Miss Global បានបិទបញ្ចប់ច្រើនខែមកហើយក្តី ក៏
នៅមិនទាន់អស់រឿងអាស្រូវ ដែលកើតមាននៅឡើយទេ នោះគឺការផ្ទុះរឿងអាស្រូវមួយចំនួនជុំវិញការប្រកួតនេះ ហើយក៏លេចឮថា ខាងក្រុមគណៈកម្មការពិភពលោកទទួលបន្ទុកបវរកញ្ញា Miss Global Internatenal បានស្នើឱ្យតុលាការអាមេរិកស៊ើបអង្កេតអង្គហេតុមួយនេះឡើងវិញ ។ លោក ឌី ពេជ្រ បានឱ្យដឹងថា ការប្រឡង Miss Global មានភាពមិនប្រក្រតី ដោយសារមានការំលោភលើលក្ខខណ្ឌ
មួយចំនួនរបស់ Miss Global ។ លោកលើកហេតុផលថា អ្វីដែលបានយកឈ្មោះ Miss Global ទៅប្រើស្វែងរកថវិកាមិនបានចូលទៅក្នុង Miss Global ឡើយ សូម្បីតែបវរកញ្ញាខ្មែរ-អាមេរិក ក៏មិនបានទទួល ។ លោកប្រធានបវរកញ្ញារូបនេះ ចោទលោក រតនៈ អឿនថា ជាអ្នកបំពានច្បាប់ដោយនាំយកបវរ កញ្ញា Miss Global មកពីប្រទេសប្រេសុីល ដើរជួបអ្នកនេះអ្នកនោះ ។
លោក ឌី ពេជ្រ បានថ្លែងថា លោកជាប្រធានបានតែងតាំងលោក រតនៈ អឿន ឱ្យចាត់ចែងជំនួស ក្រោយមក ដោយមានភាពមិនប្រក្រតីលោកក៏បានដកតំណែងពីលោក រតនៈ អឿន ភ្លាមៗក៏ដោយ ក៏លោក រតនៈ អឿន នៅតែបន្តបំភាន់ភ្នែកមហាជន ។ ដូចនេះ យើងបានប្រកាសឱ្យមហាជនបានជ្រាបថា លោក រតនៈ អឿន គ្មានតួនាទីអ្វីទៀតទេ បើសិនជាមានរឿងអ្វីនោះ ខាងក្រុមយើងខ្ញុំមិនទទួលខុសត្រូវទេ ។ ចំពោះករណីបវរកញ្ញាមកពីប្រទេសប្រេស៊ីល ហើយលេចឮថាមានការដកតំណែង គឺខាងក្រុមការងារបវរ កញ្ញានៅអាមេរិក ឬតុលាការនៅអាមេរិកកំពុងប្តឹងប្តល់គ្នា ដោយខាងតុលាការសុំឱ្យខាងក្រុមការងារផ្តល់ទិន្នន័យពីការឱ្យពិន្ទុបញ្ចូនទៅតុលាការ រួចគេនិងត្រឡប់មកកម្ពុជា ដើម្បីស៊ើបអង្កេតក្នុងពេលឆាប់ៗនេះ ។ លោក ឌី ពេជ្រ បានចោទលោក រតនៈ អឿន ថា បានទៅយកបវរកញ្ញាប្រេសុីលទៅដើរសុំលុយគេឯង តាមស្ថាប័នមួយចំនួន ដូចនេះហើយ លោកសុំបដិសេធរាល់ទង្វើលោក រតនៈ អឿន ដែលធ្វើឱ្យប៉ះពាល់ខាងក្រុមការងារលោក ។
ទាក់ទងទៅនឹងព័ត៌មានពីការប្រកាសដែលថា បវរកញ្ញាប្រេសុីលដែលជាប់ជា Miss Global នឹងត្រូវដកមកុដវិញ ប្រសិនបើរកឃើញថា ការផ្តល់ពិន្ទុមិនប្រក្រតី គេមិនទាន់ហ៊ានប្រកាសដកមកុដមកវិញទេ ដោយទុកឱ្យអ្នកជំនាញសេុីបអង្កេតពីភាពមិនប្រក្រតីកើតឡើង ចេញពីលោក រតនៈ អឿន ពាក់ព័ន្ធលុយកាក់មិនបានដាក់ចូលក្រុមហ៊ុន ។ កាលពីថ្ងៃទី៦ មេសា គណនីហ្វេសប៊ុកផ្លូវការរបស់ Official Miss Global បានបង្ហោះសារបញ្ជាក់ថា មានភាពមិនប្រក្រតីនៃការប្រើប្រាស់យីហោ (brand) របស់ខ្លួនដោយលោក រតនៈ អឿន ដើម្បីប្រមូលលុយ ក្នុងបំណងមិនល្អ ។ គណនីហ្វេសប៊ុកផ្លូវការរបស់ OfficialMissGlobal បានបង្ហោះសារមានអត្ថន័យថា៖ «ការជូនដំណឹងសំខាន់ បច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាយីហោរបស់យើង (brand) កំពុងត្រូវបានប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីបុរសម្នាក់ឈ្មោះ រតនៈ អឿន ។ សមាគមរបស់គាត់បានបញ្ចប់ទាំងស្រុង បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៧ ហើយគាត់ត្រូវបានគេជូនដំណឹងឱ្យឈប់ធ្វើជាតំណាងតទៅទៀត ។ ខណៈពេលដែលយើងពេញចិត្តចំពោះការងារដ៏ល្អ និងភាពសប្បុរសធម៌ យើងត្រូវតែអនុវត្តការបញ្ឈប់នេះ ។ ជាការប្រុងប្រយ័ត្នប្រសិនបើនរណាម្នាក់និយាយថា ពួកគេគឺជាផ្នែកមួយនៃអង្គការ Miss Global Organization ហើយស្នើសុំឱ្យអ្នកផ្ញើប្រាក់តាមរយៈ Western Union សូមកុំធ្វើឲ្យសោះ ។ បុគ្គលទាំងនេះ មិនជាប់ទាក់ទងនឹងអង្គការរបស់យើងទេ ។ យើងគឺជាក្រុមហ៊ុនដែលគ្រប់គ្រងនិងមានភាពជាម្ចាស់ដោយសហរដ្ឋអាមេរិក» ។
គណនីហ្វេសប៊ុកផ្លូវការរបស់ Official Miss Global ដដែលបានបញ្ជាក់ថា៖ «ការបោះឆ្នោតសម្រាប់វគ្គចុងក្រោយឆ្នាំ២០១៧ ត្រូវបានគេរកឃើញថា ត្រូវបានធ្វើឱ្យមានការខូចខាត និងការរំខានខ្លះ ។ យើងបានបើកការស៊ើបអង្កេតផ្ទៃក្នុង ដើម្បីស្វែងយល់បន្ថែមអំពីបញ្ហានេះ ។ ស្លាកសញ្ញាថ្មីមួយត្រូវបានបង្កើតឡើងនៅខែធ្នូ ដើម្បីផ្តល់ការការពារបន្ថែមលើម៉ាកបវរកញ្ញាសាកល ។ លោក ឌី ពេជ្រ បន្ថែមថា ចំណុចមិនប្រក្រតីមួយចំនួនទាក់ទង លោក រតនៈ អឿន ដែលជាអ្នកទទួលខុសត្រូវរួមសម្រាប់ការប្រកួត Miss Global 2017 នៅប្រទេសកម្ពុជា បានកិបកេងលុយរាប់ម៉ឺនដុល្លារចូលហោប៉ៅរបស់ខ្លួន ដោយមិនយកមកដាក់ចូលក្រុមហ៊ុន និងមិនបានបំពេញតួនាទីត្រឹមត្រូវទៅតាមលក្ខខណ្ឌនៃការប្រកួត Miss Global International នោះទេ ។
លោកថា៖ «មិនត្រឹមតែមិនបានបំពេញតួនាទីនោះទេ លោក រតនៈ អឿន ថែមទាំងបានប្រើសិទ្ធិជាអ្នករៀបចំនៅកម្ពុជា ដាក់គណៈកម្មការជាបក្សពួករបស់ខ្លួនមួយចំនួនបណ្ដាលឲ្យពិន្ទុដែលត្រូវប្រកាសឡើងមានភាពមិនប្រក្រតី ហេតុដូច្នេះហើយទើបគណៈកម្មការ Miss Global International សម្រេចដាក់ពាក្យប្ដឹងទៅតុលាការនៅអាមេរិក ដើម្បីទាមទារឲ្យលោក រតនៈ អឿន សងប្រាក់ដែលកិបកេងមកវិញ និងយុត្តិធម៌សម្រាប់បវរកញ្ញាទាំង៦០ប្រទេស» ។ ប្រធានបវរកញ្ញាខ្មែរអាមេរិកដដែលរូបនេះ អះអាងបន្តថា ក្រៅពីទម្លាក់បវរកញ្ញាឯកប្រេស៊ីលចេញ លោក រតនៈ អឿន ប្រើសិទ្ធិជាអ្នករៀបចំកម្មវិធីអញ្ជើញកញ្ញា Barbara Vitorelli មកកម្ពុជាម្ដង ហើយម្ដងទៀតដើម្បីដើររកស្ពាន់ស័រ ទាំងដែលខ្លួនលោកត្រូវបានដកចេញពីតំណែងទៅហើយក្ដី ។
ចំពោះការលើកឡើងក្នុងសន្និសីទរបស់លោក ឌី ពេជ្រ ខាងលើនេះ លោក រតនៈ អឿន ដែលគេហទំព័រសប្បាយបានសាកសួរលោក រតនៈ អឿន បានច្រានចោលទាំងស្រុងហើយប្រកាសថា លោកមិនមែនជាដើមហេតុ ដែលធ្វើឲ្យការប្រកួត Miss Global 2017 មានភាពមិនប្រក្រតីនោះទេ ។ ការជ្រើសរើសឲ្យ Barbara Vitorelli ជាប់ជាបវរកញ្ញា គឺត្រឹមត្រូវហើយ គ្មានករណីណាមួយត្រូវទម្លាក់នាងចេញពីតំណែងឡើយ ។
លោកត្រូវបានគេហទំព័រនេះ ដកស្រង់សម្តីដែរថា លោកមិនបានកិបកេងលុយអ្វីទេ ចំណែករឿងទម្លាក់បវរកញ្ញាប្រេស៊ីលចេញ គឺអត់មានរឿងហ្នឹងកើតឡើងទេ គាត់នៅតែជាបវរកញ្ញាដដែល ។ ក្រុមអ្នកតាមដានបាននិយាយថា ភ្លើងបានចាប់ផ្តើមឆេះ រឿងស-ខ្មៅ ប្រហែលជាមានការឆ្លើយឆ្លងគ្នា កាន់តែទូលំទូលាយមិនខាន ។ អ្វីដែលសោកស្តាយនោះមិនមានរឿងរ៉ាវបែបនេះ កើតឡើងនោះទេ ៕