រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី ២ សីហាឆ្នាំ២០១៨ នេះមានការភ្ញាក់ផ្អើលមួយនៅតាមដងផ្លូវមាត់ទន្លេ វត្តភ្នំ ម្តុំវិមានឯករាជ្យ និងនៅរង្វល់មូលសម្តេចសង្ឃ ជួន ណាត ដោយសារតែមានយក្សធាក់ស៊ីក្លូ ដឹកស្វា ដើរលេងនៅរាជធានីភ្នំពេញ ។




យុវជន១នាក់ បានរៀបរាប់ឲ្យដឹងថារូបលោកតុបតែងកាយទ្រង់គ្រឿងជាតួអង្គនៃល្ខោនខោល (តួយក្ស) គឺដើម្បីធ្វើវីដេអូដាស់ស្មារតីខ្មែរឲ្យចេះរួមគ្នាស្រលាញ់ និងអរិរក្សវប្បធម៌របស់ខ្មែរឲ្យបានល្អ កុំចាំ «គោបាត់ទើបធ្វើរបង» ។ យុវជននេះ ពោលយ៉ាងដូច្នេះថា «គោលបំណងដែលយើងធ្វើវីដេអូញញាក់អារម្មណ៍នេះគឺ ចង់ដាស់ស្មារតីកូនខ្មែរ កុំចាំបាត់គោហើយ ទើបធ្វើរបង។



សារវីដេអូចុងក្រោយរបស់យើងនោះ នឹងក្រើនរម្លឹកប្រជាជនទាំងអស់ឲ្យគាត់គិតឡើងវិញ ។ ឥឡូវនេះល្ខោនខោល មួយគឺជាមេរៀនហើយ អញ្ចឹងនៅសល់សម្បត្តិជាច្រើន ដែលពួកយើងត្រូវឱបក្រសោប និងថែរក្សា អញ្ចឹងឲ្យចូលរួមទាំងអស់គ្នា»។ លោកបានបន្តថា «ថ្ងៃហ្នឹងគឺយើងរៀបចំសកម្មភាពមួយពាក់ព័ន្ធជាមួយនឹង ធម្មតាទេយក្សជាមួយនឹងហនុមាន (ស្វា) តែងតែ ឈ្លោះគ្នា ធ្វើសង្រ្គាមជាមួយគ្នា ប៉ុន្តែដោយសារឥឡូវនេះមានគេកំពុងតែដណ្តើមយកទ្រព្យសម្បត្តិ មួយនឹង (ល្ខោនខោល) ដ៏មានតម្លៃរបស់ប្រជាជនខ្មែរយើងនេះ ពួកគាត់ផ្អាកធ្វើសង្រ្គាម ហើយងាកមករួមគ្នាដើម្បីការពារសម្បត្តិមួយនឹងជូនប្រជាជនខ្មែរ។



ថ្ងៃនេះដែរ យើងមានលក្ខណៈមួយ គឺយក្សដឹកស្វាដើរលេង ហើយយើងដំបូងទីគឺដឹកស្វាដើរលេង ហើយចុងបញ្ចប់នៃវីដេអូ យើងនឹងដាក់បដាមួយគឺ ចង់ឲ្យប្រជាជនខ្មែរ ចូលរួមថែរក្សា ទាំងអស់គ្នា ពួកយើងអត់ចង់ ទៅណាឆ្ងាយពីប្រជាជនខ្មែរ ។ នេះជាសារដាស់តឿនស្មារតី ប្រជាជន» ៕


អត្តបទដោយ៖ គុច ណារ៉េន