ថៃ៖ នៅទីលានក្បែរមាត់ទន្លេមេគង្គនាទីរួមខេត្ត Nakhon Phanom (នគរភ្នំ) មានរៀបចំពិធីបួងសួងប្រចាំឆ្នាំដើម្បីលើកស្ទួយ និងគាំទ្រការអភិរក្សសិល្បៈវប្បធម៌ ប្រពៃណីល្អផូរផង់ នៃជំនឿទាក់ទងនឹងពស់នាគរាជដែលតែងតែថែរក្សាប្រជាជននៅតំបន់ទន្លេមេគង្គរបស់ថៃ ។
កម្មវិធីនោះប្រារព្ធឡើងពីថ្ងៃទី៧ ដល់១៣ កក្កដា គឺមានរយៈពេល៧យប់៧ថ្ងៃ ដោយថ្ងៃដំបូងមាននារីរាំជាង៣០០០នាក់ ធ្វើឱ្យភ្ញៀវទេសចរថៃ ឡាវ និងបរទេសនាំគ្នាមកចូលរួមយ៉ាងច្រើនកុះករ ។ ដោយឡែកក្នុងពិធីបើកវិញក៏មានតារាសម្ដែងល្បីគឺនាង Yaya Urassaya បានមកចូលរួមរាំបួងសួងនេះដែរ ដែលធ្វើឱ្យអ្នកគាំទ្រនាង ដង្ហែគ្នាមកទស្សនាយ៉ាងច្រើនផងដែរ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺតម្លៃខ្លួនរបស់ Yaya Urassaya សម្រាប់ការមកបង្ហាញខ្លួន និងសម្ដែងនោះគឺចំនួន ៣០០០០០ បាតថៃ (ប្រមាណជិត១ម៉ឺនដុល្លារ) ។ ប៉ុន្តែមុនកម្មវិធីនាងក៏បានបរិច្ចាគប្រាក់១សែនបាត សម្រាប់ជាអាហារូបករណ៍ដល់សិស្ស២០នាក់នៅខេត្ត Nakhon Phanom នេះផងដែរ ។ នាងជាកំពូលតារាសម្ដែងដ៏ស្រស់ស្អាត និងមានចិត្តសប្បុរសមួយរូប ៕